ហាង «ចរណៃ» ប្រកាសផ្អាកការលក់គ្រប់សាខា ក្រោយផ្ទុះរឿងលក់ត្រីត្រោត ជាត្រីសាល់ម៉ុន
(ភ្នំពេញ)៖ ហាង «ចរណៃ» ដែលជាហាងលក់ត្រីសាល់ម៉ុន និងគ្រឿងសមុទ្របង្កកនានា បានប្រកាសផ្អាកលក់គ្រប់សាខាទាំងអស់យ៉ាងយូរពីរខែទៀត។
ហាង «ចរណៃ» បានបើកដំណើរការលក់ត្រីសាល់ម៉ុន និងគ្រឿងសមុទ្របង្កកនានានៅកម្ពុជាយូរឆ្នាំមកហើយ ហើយក៏ទទួលបានការគាំទ្រខ្លាំងណាស់ដែរ។ ស្រាប់តែពេលថ្មីៗនេះ ពីសាខាមួយនៅក្នុងខេត្តបាត់ដំបង ត្រូវបានមន្ត្រីសាខាកិច្ចការពារអ្នកប្រើប្រាស់និងការប្រកួតប្រជែង (ក.ប.ប) រកឃើញថា បានលក់ត្រីត្រោត ជាត្រីសាល់ម៉ុន នាំឱ្យមានការប្រតិកម្មខ្លាំងពីអតិថន និងប៉ះពាល់ដល់ជំនឿចិត្តដែលពួកគេធ្លាប់មាន។
លើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦នេះ ហាងចរណៃបានចេញមកសូមអភ័យទោសជាថ្មីចំពោះកំហុសឆ្គងនេះ ហើយបានជូនដំណឹងថា បើមិនមានអ្វីប្រែប្រួលនោះទេ ហាងចរណៃទាំងអស់ នឹងផ្អាកដំណើរការយ៉ាងយូរត្រឹមថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦តទៅ។
ហាងចរណៃ បានបញ្ជាក់ថា រយៈពេលពីរខែនេះ គឺហាងទុកពេល ដើម្បីលក់បង្ហើយស្តុកដែលមានស្រាប់ ដើម្បីឱ្យបុគ្គលិកមានពេលវេលាគ្រប់គ្រាន់ទៅរកការងារថ្មីនៅទីតាំងដដែល ឬនៅស្រុកកំណើត និងទុកពេលឱ្យម្ចាស់ផ្ទះជួលអាចរកអ្នកជួលថ្មីបាន។ល។
ហាងចរចណៃ ក៏ឆ្លៀតបញ្ជាក់ដែរថា ហាងចរណៃលក់តែត្រីសាម៉ុនអាតាឡង់តិចស្រស់ ដែលចិញ្ចឹមនៅប្រទេសន័រវែស (Norway) ឬ អូស្រ្តាលី និងត្រីត្រោត (trout) ដែលចិញ្ចឹមនៅប្រទេសន័រវែស។ ត្រីត្រោតស្រស់ (Fjord trout) នៅហាងចរណៃ គឺត្រីដែលគេចិញ្ចឹមនៅសមុទ្រទឹកជ្រៅ ក្នុងប្រទេសន័រវែ ហើយអាចហូបឆៅបានយ៉ាងមានសុវត្តិភាព។
ហាងចរណៃ ក៏បានអះអាងដែរថា ហាងមិនដែលលក់ត្រីត្រោតដែលរស់នៅតាមធម្មជាតិ ហើយក៏មិនដែលលក់ត្រីត្រោតដែលគេចិញ្ចឹមនៅប្រទេសណា ក្រៅពីប្រទេសន័រវែសនោះទេ។
សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងការរកឃើញហាងចរណៃលក់មិនបញ្ជាក់ច្បាស់លាស់រវាងត្រីត្រោត និងត្រីសាល់ម៉ុននេះ មន្ត្រី ក.ប.ប បានពិន័យហាងប្រាក់ចន្លោះពី១០លាន ទៅ២០លានរៀល។ មន្ត្រីអធិការកិច្ចម្ហូបអាហារនៃអគ្គនាយកដ្ឋាន ក.ប.ប. បានរកឃើញថា ហាងយីហោ «ចរណៃ» ពិតជាបានធ្វើធុរកិច្ចដែលបង្កឱ្យអ្នកប្រើប្រាស់មានភាពភាន់ច្រលំរវាងផលិតផលត្រីសាម៉ុន និងត្រីត្រោត ដែលអំពើនេះគឺល្មើសនឹងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារជាធរមាន។
ក្រុមការងារនៃអគ្គនាយកដ្ឋាន ក.ប.ប. បានពន្យល់ជូនតំណាងម្ចាស់ហាងចរណៃអំពីច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ មាត្រាទី៣៨ ពាក់ព័ន្ធនឹងការអះអាងដោយបន្លំ ឬធ្វើឱ្យអ្នកប្រើប្រាស់យល់ច្រឡំ និងបានធ្វើការពិន័យអន្តរការណ៍ហាងចរណៃស្របតាមមាត្រាច្បាប់ខាងលើក្នុងចន្លោះពី១០លានទៅ ២០លានរៀល៕

