សម្ដេច ម៉ែន សំអន៖ ដំណើរសង្គ្រោះជាតិរបស់ថ្នាក់ដឹកនាំជំនាន់មុន មិនមែនដើម្បីតំណែង ឋានៈ ឬអំណាចឡើយ ប៉ុន្តែដើម្បីសន្តិភាព និងប្រជាជន
សម្ដេចកិត្តិសង្គហបណ្ឌិតសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានគូសបញ្ជាក់ថា រាល់ដំណើរដែលថ្នាក់ដឹកនាំ និងយុទ្ធមិត្តជំនាន់មុនបានឆ្លងកាត់ក្នុងបុព្វហេតុសង្គ្រោះជាតិ មិនធ្លាប់ចាប់ផ្ដើមចេញពីបំណងប្រាថ្នាចង់បានតំណែង ឋានៈ ឬអំណាចនោះឡើយ។សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈចលនាមហាជននៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញជាវាគ្មិនកិត្តិយសនៃបាឋកថាស៊េរី «កេរដំណែលរស់៖ គុណតម្លៃ ៧ មករា» នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ នៅវិមាន ៧ មករា។

សម្ដេច ម៉ែន សំអន អះអាងថា ក្នុងកាលៈទេសៈដែលប្រទេសជាតិ និងប្រជាជនកំពុងស្ថិតក្នុងគ្រាដ៏លំបាក អ្វីដែលសម្ដេចផ្ទាល់ប្រាថ្នាធំបំផុត គឺការនាំយកសុខសន្តិភាពមកជូនប្រទេសជាតិ និងប្រជាជន។ សម្រាប់អ្នកជំនាន់នោះ សុខសន្តិភាពមិនមែនគ្រាន់តែជាគោលដៅនយោបាយប៉ុណ្ណោះទេ ប៉ុន្តែជាក្តីប្រាថ្នាដ៏សាមញ្ញ និងមានតម្លៃបំផុត សម្រាប់ឱ្យប្រជាជនអាចរស់នៅដោយសេចក្ដីថ្លៃថ្នូរ និងសុវត្ថិភាពឡើងវិញ។

សម្ដេចកិត្តិសង្គហបណ្ឌិត ក៏បានចែករំលែកអំពីតួនាទីរបស់ស្ត្រីក្នុងដំណើរប្រវត្តិសាស្ត្ររបស់ជាតិ ដោយគូសបញ្ជាក់ថា ទោះបីជាស្ត្រីមានភាពទន់ភ្លន់ដោយធម្មជាតិក៏ដោយ ក៏មិនមានន័យថាទន់ជ្រាយនោះដែរ។ ផ្ទុយទៅវិញ ស្ត្រីកម្ពុជាបានបង្ហាញនូវភាពអង់អាចក្លាហាន ការអត់ធ្មត់ និងឆន្ទៈមុតមាំ ក្នុងការរួមសុខរួមទុក្ខជាមួយជាតិគ្រប់ដំណាក់កាល។

សម្ដេច សង្កត់ធ្ងន់ថា ការចូលរួមរបស់ស្ត្រី មិនត្រឹមតែក្នុងការថែរក្សាគ្រួសារ និងសហគមន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួឦក្នុងបុព្វហេតុសង្គ្រោះជាតិ ការកសាងសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ ស្របតាមប្រសាសន៍ដ៏មានអត្ថន័យរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានមានប្រសាសន៍ថា៖ «បើគ្មានស្ត្រីកម្ពុជា ក៏គ្មានកម្ពុជាសព្វថ្ងៃដែរ»៕

