ប្រមុខ UN អំពាវនាវដដែលៗឱ្យអាមេរិក-អ៊ីរ៉ង់ ចរចាតាមផ្លូវការទូត ចៀសវាងផ្ទុះសង្រ្គាមធំ
សហរដ្ឋអាមេរិកលើកឡើងថា ខ្លួនបានវាយប្រហារគោលដៅប្រហែល ១៤០ កន្លែងរបស់ភាគីអ៊ីរ៉ង់ ត្រឹមតែថ្ងៃសៅរ៍ ដើម្បីឆ្លើយតបទៅនឹងយោធាអ៊ីរ៉ង់ដែលវាយប្រហារនាវាពាណិជ្ជកម្មមួយគ្រឿង កំពុងធ្វើនាវាចរណ៍ឆ្លងកាត់តាមផ្លូវទឹកអន្តរជាតិដែលគេស្គាល់ថា «ច្រកហ័រមូស»។
ចំណែកទីក្រុងតេហេរ៉ង់វិញ ក៏បានបើកការវាយប្រហារឆ្លើយតបវិញជាបន្តបន្ទាប់ដែរ ដោយផ្តោតលើមូលដ្ឋានទ័ពអាមេរិកមួយនៅហ្ស៊កដានីកាលពីថ្ងៃអាទិត្យ ខណៈប្រទេសអារ៉ាប់រួម បារ៉ែន អូម៉ង់ និងគុយវ៉ែតអះអាងថា ពួកគេត្រូវបានវាយប្រហារដោយមីស៊ីល និងដ្រូនពីអ៊ីរ៉ង់។

ជុំវិញបញ្ហានេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ(UN) លោក António Guterres សម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការកើនឡើងនៃជម្លោះយ៉ាងធ្ងន់ធ្ងរ ដោយជំរុញឱ្យភាគីទាំងអស់បញ្ចប់ការវាយប្រហារបន្ទាន់។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរបស់ UN នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០២៦ ។
សេចក្តីថ្លែងការណ៍មួយ ចេញដោយអ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិ បានអំពាវនាវដល់ភាគីប្រយុទ្ធទាំងអស់ឱ្យអត់ធ្មត់ជាអតិបរមា ចៀសវាងសកម្មភាពបង្កើនកម្តៅបន្ថែមទៀតនិងចាត់វិធានការជាបន្ទាន់ ដើម្បីបន្ថយភាពតានតឹងទាំងនេះ។
ប្រមុខ UN បានបញ្ជាក់ជាថ្មីថា ការវិលត្រឡប់ទៅរកអរិភាពទ្រង់ទ្រាយធំវិញនឹងមានផលវិបាកដ៏មហន្តរាយសម្រាប់ប្រជាជននៅក្នុងតំបន់ និងលើសពីនេះ ក៏ដូចជាប៉ះពាល់សេដ្ឋកិច្ចពិភពលោក។
គួរបញ្ជាក់ថា ការកើនឡើងនៃការប្រយុទ្ធគ្នា និងការបញ្ចប់បទឈប់បាញ់ដ៏ផុយស្រួយដែលបានចរចាកាលពីខែមុន ធ្វើឱ្យតម្លៃថាមពលកើនឡើង ខណៈការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្ររវាងអ៊ីរ៉ង់ និងអូម៉ង់ បានជាប់គាំងម្តងទៀត។
បញ្ហានេះធ្វើឱ្យនាវិកប្រហែល ៦ ០០០នាក់ នៅតែជាប់គាំងនៅលើនាវាជាច្រើនគ្រឿង។ ប្រធានអង្គការសមុទ្រអន្តរជាតិ (IMO) របស់ UN បានអំពាវនាវឱ្យជៀសវាងការឆ្លងកាត់ច្រកសមុទ្រទាំងអស់ បន្តរហូតដល់មានលក្ខខណ្ឌសុវត្ថិភាពឡើងវិញ។
លោក Stéphane Dujarric អ្នកនាំពាក្យអង្គការសហប្រជាជាតិ លើកឡើងថា៖ « អគ្គលេខាធិការជំរុញឱ្យអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកបន្តការចរចាជាបន្ទាន់ និងដោះស្រាយបញ្ហាដែលនៅសេសសល់តាមរយៈការទូត»៕
