មន្ត្រី ក.ប.ប. បង្ក្រាបទីតាំងលក់ផលិតផលសាប៊ូស្ពៃ ក្លែងក្លាយនៅខណ្ឌបឹងកេងកង
(ភ្នំពេញ)៖ មន្ត្រីជំនាញ នៃអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង (ក.ប.ប.) ក្រោមការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យទីតាំងមួយកន្លែង ស្ថិតនៅផ្ទះលេខ១៣៩ ផ្លូវលេខ២៨៦ សង្កាត់ទួលស្វាយព្រៃ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ការចុះបង្ក្រាបនេះធ្វើឡើងបន្ទាប់ពីទទួលបានបណ្ដឹងសុំអន្តរាគមន៍ពីសហគ្រាស LSV Industry ដែលជាក្រុមហ៊ុនផលិតសាប៊ូស្ពៃម៉ាក Empress នារសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២៦ថ្មីៗនេះ។
ក្នុងប្រតិបត្តិការនោះ ក្រុមមន្ត្រីជំនាញបានរកឃើញទីតាំងខាងលើកំពុងធ្វើសកម្មភាពលក់-ចែកចាយ និងស្តុកទុកផលិតផលក្លែងក្លាយ និងក្លែងម៉ាកសញ្ញា Empress របស់សហគ្រាស LSV Industry។ ការរកឃើញនេះបានបញ្ជាក់ ពីការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើកម្មសិទ្ធិបញ្ញា និងការបោកប្រាស់អ្នកប្រើប្រាស់។
ក្រោយពីចុះត្រួតពិនិត្យរួច សមត្ថកិច្ចជំនាញបានសម្រេចឃ្លុំបេបិទទីតាំងខាងលើជាបណ្ដោះអាសន្ន និងបានអញ្ជើញម្ចាស់ទីតាំងជាជនជាតិចិនមកបំភ្លឺនៅអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីប្រមូលភស្តុតាងរកប្រភពនៃផលិតផលក្លែង ម៉ាកទាំងអស់នោះ និងវែកមុខរកអ្នកដែលពាក់ព័ន្ធនៅក្នុងករណីនេះ។
បច្ចុប្បន្ន ករណីនេះសមត្ថកិច្ចជំនាញ ក.ប.ប. កំពុងអនុវត្តនីតិវិធីបន្តស្របតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន មុននឹងរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមនីតិវិធីច្បាប់។ វិធានការនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ រាជរដ្ឋាភិបាល ក្នុងការការពារផលប្រយោជន៍អ្នកប្រើប្រាស់ និងធានាការប្រកួតប្រជែងដោយស្មោះត្រង់នៅក្នុងទីផ្សារកម្ពុជា៕







