កម្ពុជាប្រាប់អាស៊ានថាជនស៊ីវិលកម្ពុជាបន្តរស់នៅក្នុងជម្រកបណ្ដោះអាសន្ន ដោយសារថៃរារាំងការវិលត្រឡប់ទៅលំនៅឋាន
កម្ពុជាបានលើកឡើងជាថ្មីពីការរារាំងរបស់យោធាថៃចំពោះការវិលត្រឡប់របស់ជនស៊ីវិលកម្ពុជាទៅកាន់លំនៅឋានរបស់ពួគគេនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ។ ការមិនអាចវិលទៅលំនៅឋានវិញបាននេះ កម្ពុជា បញ្ជាក់ថា ជនស៊ីវិលច្រើនជាង២ម៉ឺននាក់បន្តរស់នៅក្នុងជម្រកបណ្តោះអាសន្ន។

ការលើកឡើងនេះបានធ្វើឡើងដោយប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន នៅក្នុងកិច្ចប្រជុំរវាងរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយតំណាងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ នៅឯទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។
ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងតាមរយៈសេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃទី២១ ខែកក្កដានេះ ថា ក្នុងកិច្ចប្រជុំនោះ ឧបនាយករដ្ឋមន្ត្រីកម្ពុជា លោក ប្រាក់ សុខុន និងជារដ្ឋមន្ត្រីការបរទេស បានគូសបញ្ជាក់ពីផលវិបាកនៃស្ថានភាពមនុស្សធម៌ និងសិទ្ធិមនុស្ស ដែលជនស៊ីវិលកម្ពុជាកំពុងប្រឈមដោយសារបានក្លាយជាជនរងគ្រោះនៃជម្លោះព្រំដែន។

លោក ប្រាក់ សុខុន បានរាយការណ៍ដល់អង្គប្រជុំថា ជនស៊ីវិលច្រើនជាង២ម៉ឺននាក់ បន្តរស់នៅក្នុងជម្រកបណ្តោះអាសន្ន ដោយមានកុមារជាច្រើននាក់មិនអាចចូលរៀនបាន ជនចាស់ជរា និងជនងាយរងគ្រោះផ្សេងទៀតខ្វះលទ្ធភាពទទួលបានការថែទាំចាំបាច់គ្រប់គ្រាន់ បើទោះបីរាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងដើម្បីបន្ធូរបន្ថយការលំបាករបស់ពួកគេយ៉ាងណាក៏ដោយ។
ប្រមុខការទូតកម្ពុជាបានអំពាវនាវដល់អាស៊ានគាំទ្រឱ្យពួកគាត់វិលត្រឡប់ទៅកាន់ផ្ទះសម្បែង និងរស់ នៅដូចធម្មតាវិញរបស់ជនស៊ីវិលកម្ពុជា ដោយគ្មានការរារាំង ប្រកបដោយសុវត្ថិភាព និងភាពថ្លៃថ្នូរ។

ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ កន្លងមក បានបង្កើតឱ្យមានពលរដ្ឋភៀសសឹកជាង៦សែន៤ម៉ឺននាក់ ត្រូវបង្ខំឱ្យចាកចេញពីផ្ទះសម្បែង។ ប៉ុន្តែក្រោយមានបទឈប់បាញ់ មានពលរដ្ឋជិត៦សែន២ម៉ឺននាក់ បានវិលត្រឡប់ទៅលំនៅឋានវិញ។ តាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ គិតត្រឹមថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ នៅមានជនភៀសសឹកកម្ពុជាប្រមាណ ២០ ២៨១នាក់ទៀត ដែលក្នុងនោះស្ត្រី១០ ៣៣១នាក់ និងកុមារ៦ ០៦៦នាក់ គឺពុំទាន់អាចវិលទៅលំនៅឋានវិញបានឡើយ ដោយសារកងកម្លាំងថៃបានរាយបន្លាលួស ដាក់ទូកុងតឺន័រ កាន់កាន់ និងបំផ្លិចបំផ្លាញដោយខុសច្បាប់៕