សហព័ន្ធទឹកនោមផ្អែមអន្តរជាតិ ប្រកាសទទួលស្គាល់មន្ទីរពេទ្យកាល់ម៉ែត ជា«មជ្ឈមណ្ឌលឧត្តមភាពផ្នែកជំងឺទឹកនោមផ្អែម» ទី១ នៅប្រទេសកម្ពុជា
សហព័ន្ធទឹកនោមផ្អែមអន្តរជាតិបានប្រកាសទទួលស្គាល់ជាផ្លូវការមន្ទីរពេទ្យកាល់ម៉ែតជាមជ្ឈមណ្ឌលឧត្តមភាពផ្នែកជំងឺទឹកនោមផ្អែម “CENTRED’EXCELLENCE EN DIABETOLGIE” ជ័យលាភី អ៊ុយនីតេអង់ដូគ្រីន ទី១ នៅប្រទេសកម្ពុជា។

ពិធីប្រកាសទទួលស្គាល់នេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោកសាស្ត្រាចារ្យ គង់ សន្យា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត។
លោកសាស្ត្រាចារ្យ ជំនួយ ស៊ុ សត្ថា ប្រធានអ៊ុយនីតេជំងឺទឹកនោមផ្អែម នៃមន្ទីរពេទ្យកាល់ម៉ែតបានមានប្រសាសន៍ថា មន្ទីរពេទ្យកាល់ម៉ែត បានក្លាយជាមជ្ឈមណ្ឌល Insulin Pump ដំបូងគេនៅកម្ពុជា ព្រមទាំងបានបណ្តុះបណ្តាលធនធានមនុស្ស គ្រូពេទ្យ គិលានុបដ្ឋាក និងនិស្សិត DES ឲ្យស្គាល់ និងអនុវត្តការប្រើប្រាស់ Insulin Pump។ បន្ទាប់មក យើងបានពង្រីកទៅកាន់ Continuous Glucose Moni toring (CGM) បន្តការបណ្តុះបណ្តាល និងទទួលបាន Dashboard System ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការតាមដានអ្នកជំងឺ។

លោកសាស្ត្រាចារ្យជំនួយបានបន្តថា លើសពីនេះមន្ទីរពេទ្យក៏បានវិនិយោគលើឧបករណ៍ទំនើបជាច្រើន ដូចជាម៉ាស៊ីនថតបាតភ្នែកសម្រាប់ត្រួតពិនិត្យភ្នែកអ្នកជំងឺទឹកនោមផ្អែម.ម៉ាស៊ីន Sudo Scan សម្រាប់វាយតម្លៃជំងឺប្រសាទ,ម៉ាស៊ីនអេកូ Doppler Vasculaire សម្រាប់ត្រួតពិនិត្យសរសៃឈាមនៅនឹងកន្លែង, ម៉ាស៊ីនអេកូដដែលនេះ ក៏ត្រូវបានប្រើសម្រាប់ការធ្វើ Cytoponctionនិងចុងក្រោយ DEXA Scan សម្រាប់វាស់ឆ្អឹង និង Body Composition ផងដែរ ដែលឧបករណ៍ទាំងនេះ មិនត្រឹមតែជួយព្យាបាលអ្នកជំងឺទេ ប៉ុន្តែបានបង្កើតឱកាសស្រាវជ្រាវតាមស្តង់ដារអន្តរជាតិ។ ដោយសារតែការច្នៃប្រឌិត ការវិនិយោគ និងការងារជាក្រុមនេះ យើងបានបំពេញគ្រប់លក្ខខណ្ឌ ដើម្បីក្លាយជាមជ្ឈមណ្ឌលឯកទេសរបស់ IDF។

ក្នុងឱកាសនោះ លោកសាស្ត្រាចារ្យគង់សន្យា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែតបានសំដែងនូវសេចក្តីសោមនស្សរីករាយ និងមោទនភាពយ៉ាងខ្លាំងក្រៃលែងដែលមន្ទីរពេទ្យកាល់ម៉ែត ត្រូវបានសហព័ន្ធទឹកនោមផ្អែមអន្តរជាតិទទួលស្គាល់ផ្លូវការប្រកបដោយកិត្តិយសខ្ពង់ខ្ពស់ ជា មជ្ឈមណ្ឌលឧត្តមភាពផ្នែកជំងឺទឹកនោមផ្អែម ទី១ នៅប្រទេសកម្ពុជា។

លោកសាស្ត្រាចារ្យបានមានប្រសាសន៍ថា«កិត្តិយសនេះ គឺជាសមិទ្ធផលនៃការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជាពិសេសក្រុមការងារផ្នែកជំងឺទឹកនោមផ្អែមនៃមន្ទីរពេទ្យកាល់ម៉ែតទាំងអស់។ សមិទ្ធផលនាថ្ងៃនេះ បានចាប់ផ្តើមជាយូរមកហើយក្រោមការដឹកនាំរបស់អតីតឯកឧត្តមអគ្គនាយក ដែលបច្ចុប្បន្នជារដ្ឋមន្ត្រីក្រសួងសុខាភិបាល ដោយឯកឧត្តមបានផ្តល់អាទិភាពដល់ការធ្វើនវានុវត្តន៍ដល់មន្ទីរពេទ្យកាល់ម៉ែតបានក្លាយជាមជ្ឈមណ្ឌល Insulin Pump ដំបូងគេនៅកម្ពុជា ព្រមទាំងបានបណ្តុះបណ្តាលគ្រូពេទ្យ គិលានុបដ្ឋាក និងនិស្សិត DES ឱ្យស្គាល់ និងអនុវត្តការប្រើប្រាស់បច្ចេកវិទ្យាថ្មីនេះ»។

លោកសាស្ត្រាចារ្យសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ថ្នាក់ដឹកនាំមន្ទីរពេទ្យគ្រប់ឋានានុក្រម ជាពិសេសលោកសាស្ត្រាចារ្យជំនួយ ស៊ុ សត្ថា និងក្រុមការងារផ្នែកជំងឺទូទៅ និងទឹកនោមផ្អែមប្រចាំមន្ទីរពេទ្យកាល់ម៉ែត ដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្ម ដើម្បីសម្រេចបាននូវលទ្ធផលនៅថ្ងៃនេះ។ កិត្តិយសនេះ គឺជាការទទួលស្គាល់រួមរបស់អ្នកជំងឺ បុគ្គលិក មន្ទីរពេទ្យ និងប្រទេសកម្ពុជាផងដែរ។

លោកសាស្ត្រាចារ្យបានបញ្ជាក់ថា «សូមឱ្យការទទួលស្គាល់នេះ ជាកម្លាំងជំរុញឱ្យយើងបន្តអភិវឌ្ឍការថែទាំជំងឺទឹកនោមផ្អែម ការបណ្តុះបណ្តាល និងការស្រាវជ្រាវ ដើម្បីអនាគតសុខភាពប្រជាជនកម្ពុជា និងសហគមន៍អន្តរជាតិ»៕

