ថៃ បញ្ជូនទាហានឈុតខ្មៅ ទៅភ្នំមរណៈ ដើម្បីប្រមាញ់មេក្រុមផ្តាច់ខ្លួន ភាគខាងត្បូង
ស្ថានការណ៍ភាគខាងត្បូងថៃ បានឈានដល់កម្រិតតានតឹងបំផុតហើយ ក្រោយការវាយប្រហារនៅខេត្តNarathiwat ផ្តាច់ជីវិតទាហានថៃ ៤នាក់ ដោយពេលនេះ ថៃ បានបញ្ជូនក្រុមទាហានឈុតខ្មៅ ទៅឡើង និងឡោមព័ទ្ធភ្នំ Moeta ដែលគេស្គាល់ថា ជាភ្នំមរណៈ ជាប់ព្រំប្រទល់ខេត្តចំនួន ៣ ដូចជា Yala, Pattani និង Narathiwat ដើម្បីចាប់មេក្រុមផ្តាច់ខ្លួន ៤នាក់ ដែលនៅពីក្រោយអំពើហិង្សាដ៏សាហាវនោះ។

តាមការផ្សាយរបស់ Amarin TV កាលពីថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០២៦ មេបញ្ជាការភូមិភាគ៤ Norathip Poynok ជឿថា មេក្រុមផ្តាច់ខ្លួន បានប្រើភ្នំនេះ ជាទីបញ្ជាការ និងលាក់ខ្លួន ហើយក្នុងនោះទៀតសោត គេជឿថា មានសមាជិកចន្លោះពី ២៨ ទៅ ៣០នាក់ ដែលចែកចេញជា ៦ ទៅ ៧ក្រុម។
ក្នុងប្រតិបត្តិការនេះ ទាហានថៃ ត្រូវចែកជា ២ក្រុមធំ ដែលមួយ ជាក្រុមឡើងភ្នំ ដើម្បីរកទីតាំង និងក្រុមមួយទៀតនៅខាងក្រោម ដែលត្រៀមខ្លួន ២៤ម៉ោងលើ២៤ម៉ោង ល្បាតតាមភូមិជាប់ជើងភ្នំ ដើម្បីស្ទាក់ចាប់។

យ៉ាងណា មិនមែនជារឿងងាយឡើយ ព្រោះក្រុមសកម្មប្រយុទ្ធទាំងនោះ សុទ្ធសឹងជាទ័ពព្រៃ ដែលមានជំនាញ ស្គាល់ទីតាំងភូមិសាស្រ្តយ៉ាងច្បាស់ ហើយការបញ្ជូនទាហានឈុតខ្មៅ ចូលទៅប្រមាញ់ពួកគេ គឺប្រឈមនឹងហានិភ័យខ្ពស់ ដែលប្រៀបបាននឹងការដើរចូលអន្ទាក់មរណៈ អ៊ីចឹងដែរ។
មានការគិតទុកជាមុនថា ប្រសិនបើភាគីទាំងសងខាង ប៉ះគ្នាមែន នោះការប្រយុទ្ធទ្រង់ទ្រាយធំ នឹងផ្ទុះឡើង ដោយសារក្រុមផ្តាច់ខ្លួនក៏មានអាវុធ និងគ្រាប់បែកពេញដៃ ហើយអាវុធទាំងនោះទៀតសោត មានមួយចំនួន ដែលពួកគេវាយយកបានពីកងកម្លាំងថៃ តែម្តង។

កាលពីថ្ងៃពុធ ក្រុមផ្តាច់ខ្លួន បានបើកការបាញ់រះ និងគប់គ្រាប់បែក នៅប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខ Bukeh Sami ក្នុងស្រុក Rangae នៃខេត្ត Narathiwat បណ្តាលឲ្យទាហានថៃ ៥នាក់ស្លាប់ភ្លាមៗ ចំណែកជនស៊ីវិល ៥នាក់ទៀតត្រូវរបួស ក្នុងនោះមានទាំងកុមារ អាយុចន្លោះ ១០-១៥ឆ្នាំ ទៀតផង។
ដោយសារសភាពការណ៍ ធ្ងន់ធ្ងរខ្លាំងមែនទែនហើយនោះ ថៃ ក៏ប្រកាសដាក់ច្បាប់អាជ្ញាសឹកនៅខេត្តនេះ ដើម្បីចាត់វិធានការតទល់។ ក្រោមច្បាប់នេះ ទាហានថៃ ក៏មានសិទ្ធប្រើអាវុធភ្លាមៗ បានតាមចិត្តផងដែរ បើមើលទៅ ខ្លួនស្ថិតក្នុងស្ថានភាពមិនស្រួល និងរងការគំរាមកំហែងពីអ្នកដទៃ។

កងទ័ពនឹងបង្កើតប៉ុស្តិសន្តិសុខ នៅតាមទីតាំងនានា ហើយមានសិទ្ធបញ្ឈប់រាល់យានយន្ត ដែលមើលទៅ ដូចជាមានហានិភ័យ និងសង្ស័យ ហើយអាចឃាត់ខ្លួនមនុស្សបាន ភ្លាមៗ។
មិនត្រឹមប៉ុណ្ណឹង ពលរដ្ឋ ត្រូវបានហាមដាច់ខាត មិនឲ្យចាកចេញពីផ្ទះឡើយ ចន្លោះម៉ោង ៩យប់ ដល់ម៉ោង ៥ព្រឹក ប៉ុន្តែក្នុងករណីបន្ទាន់ ត្រូវមានលិខិតបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន ឬមន្ត្រីយោធា៕
