​ជម្លោះ​​អ៊ីរ៉ង់ ​និង​ អ៊ុយក្រែន​ កាន់តែក្តៅ​គគុក ដោយ​​អ៊ីរ៉ង់​ចោទ​​អ៊ុយក្រែន​ថា «ធ្វើ​តាមបញ្ជាអ៊ីស្រាអែល»​

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានប្តេជ្ញាចិត្តថា នឹងឆ្លើយតបតបវិញប្រឆាំងនឹងប្រទេសអ៊ុយក្រែន ចំពោះការវាយប្រហារដ៏សាហាវមួយនៅក្នុងសមុទ្រកាសព្យែន (Caspian) ដែល​រដ្ឋមន្ត្រី​រូបនេះ បានអះអាងថា អ៊ុយក្រែន​ធ្វើឡើងតាមបញ្ជារបស់អ៊ីស្រាអែល។

រូបភាព៖Reuters

លោក Araghchi បានបង្ហោះនៅលើបណ្តាញសង្គម X ថា លោក ហ្សេលេនស្គី ដែលលោកហៅថាជា «ជនឱកាសនិយមជ្រកក្រោមដំបូលអ្នកដទៃ» បានវាយប្រហារលើនាវាពាណិជ្ជកម្មរបស់អ៊ីរ៉ង់ និងបានសម្លាប់នាវិកម្នាក់។ នេះជាការរំលោភលើធម្មនុញ្ញអង្គការសហប្រជាជាតិយ៉ាងច្បាស់ក្រឡែត ដែលធ្វើឡើងតាមបញ្ជារបស់អ៊ីស្រាអែល ដើម្បីអូសទាញអឺរ៉ុបឲ្យធ្លាក់ចូលទៅក្នុងសង្គ្រាមរបស់ខ្លួន។ ប៉ុន្តែ រូបលោកមិនបានផ្តល់ភស្តុតាងណាមួយសម្រាប់ការចោទប្រកាន់ទៅលើអ៊ីស្រាអែលនោះទេ។

យោងតាមសារព័ត៌មាន timesofisrael នៅថ្ងៃ ទី២៧ ខែកក្កដា, រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានបន្ថែមថា នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយសមភាគីសហភាពអឺរ៉ុប លោកស្រី Kaja Kallas និងសមភាគីរុស្ស៊ី លោក Sergey Lavrov បានបញ្ជាក់យ៉ាងច្បាស់ថា «អ្វីដែលជនឱកាសនិយមនៅទីក្រុងកៀវបានធ្វើ គឺមិនអាចអត់ឱនដោយគ្មានការឆ្លើយតបវិញនោះទេ»។

ជាក់ស្ដែង ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេលេនស្គី បានប្រកាសកាលពីថ្ងៃសៅរ៍ថា ទីក្រុងកៀវបានវាយប្រហារលើនាវាទាំងឡាយណាដែលប្រើប្រាស់សម្រាប់ការដឹកជញ្ជូនទំនិញយោធាពាក់ព័ន្ធនឹងអ៊ីរ៉ង់ នៅក្នុងសមុទ្រកាសព្យែន។ មិនតែប៉ុណ្ណោះ ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំនៅអ៊ីស្រាអែល ក៏បានបញ្ចាក់ថា នាវាទាំងនោះ កំពុងដឹកជញ្ជូនអាវុធរបស់អ៊ីរ៉ង់ទៅឲ្យរុស្ស៊ី ដើម្បីជួយដល់រុស្ស៊ីក្នុងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន។

ទោះជាយ៉ាងណាក៏ដោយ ក្រសួងការបរទេសអ៊ីរ៉ង់បានលើកឡើងថា ការវាយប្រហារ «បែបអរិភាព និងជាបទឧក្រិដ្ឋ» នេះ បានបណ្តាលឲ្យនាវាផ្ទុះឡើង សម្លាប់នាវិកម្នាក់ និងធ្វើឲ្យមនុស្សជាច្រើននាក់ទៀតរងរបួស។ ក្រសួងបានគូសបញ្ចាក់បន្ថែមថា សាធារណរដ្ឋឥស្លាម មិនដែលចូលជ្រៀតជ្រែកក្នុងជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែនឡើយ។

ដោយឡែក យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ក្រសួងការបរទេសអ៊ីរ៉ង់ ក៏បានកោះហៅមន្ត្រីកិច្ចការបណ្តោះអាសន្ន របស់អ៊ុយក្រែនប្រចាំនៅទីក្រុងតេហេរ៉ង់ មកជួបដើម្បីសម្តែងការតវ៉ាចំពោះការវាយប្រហារនេះផងដែរ។

សូមជម្រាបជូនថា ព្រឹត្តិការណ៍នេះបានកើតឡើងចំពេលដែលស្ថានភាពនៅមជ្ឈិមបូព៌ាកំពុងស្ថិតក្នុងភាពវឹកវរខ្លាំង ដោយសារតែកាលពីថ្ងៃទី២៨ ខែកុម្ភៈ កន្លងទៅ អាមេរិក និងអ៊ីស្រាអែល បានចាប់ដៃគ្នា បើកយុទ្ធនាការទម្លាក់គ្រាប់បែកយ៉ាងធ្ងន់ធ្ងរលើអ៊ីរ៉ង់ ដើម្បីបំផ្លាញកម្មវិធីនុយក្លេអ៊ែរ។ បច្ចុប្បន្ន អ៊ីរ៉ង់កំពុងព្យាយាមដោះដូរយុទ្ធសាស្ត្រ ដោយព្រមផ្អាកការវាយប្រហារទូទាំងតំបន់ ដរាបណាសហរដ្ឋអាមេរិកព្រមដកថយ និងឈប់បាញ់ប្រហារលើខ្លួនដែរ៕

អត្ថបទដែលជាប់ទាក់ទង