ត្រាំ នឹងសួរទៅ ពូទីន ថា តើមានផ្តល់ការណ៍សម្ងាត់ ឲ្យអ៊ីរ៉ង់ វាយមូលដ្ឋានទ័ពអាមេរិក ឬអត់?
ស្របពេលមានពាក្យចោទថា រុស្ស៊ី បានផ្តល់ការសម្ងាត់ឲ្យអ៊ីរ៉ង់ ដើម្បីកំណត់គោលដៅវាយប្រហារ លើមូលដ្ឋានទ័ពអាមេរិក ក្នុងតំបន់មជ្ឈិមបូព៌ានោះ ស្រាប់តែប្រមុខសេតវិមាន ដូណាល់ ត្រាំ មានប្រតិកម្ម ហើយអះអាងថា លោកនឹងទៅសួរទៅមេដឹកនាំវិមានក្រឹម វ្ល៉ាឌីមៀរ ពូទីន អំពីរឿងនេះ។

កាលពីសប្តាហ៍មុន ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី និយាយថា ទីក្រុងមូស្គូ បានផ្តល់ការណ៍សម្ងាត់តាមរយៈរូបភាពផ្កាយរណប ទៅឲ្យទីក្រុងតេហេរ៉ង់ ដើម្បីវាយកម្ទេចទីតាំងយោធាអាមេរិក នៅមជ្ឈិមបូព៌ា។
ជុំវិញរឿងនេះ នៅពេលអ្នកកាសែតសួរលោកត្រាំ លើយន្តហោះ Air Force One កាលពីថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២៦ ថាតើ លោកគិតបែបណា? លោកត្រាំ ឆ្លើយថា ចាំលោកសួរទៅ ពូទីន សិន ថាតើវាជារឿងពិត មែនឬក៏អត់?
ទន្ទឹមនោះដែរ ប្រធានាធិបតីអាមេរិក បោះពាក្យថា ទោះរុស្ស៊ី ពិតជាជួយអ៊ីរ៉ង់មែន ក៏គ្មានបានផលអ្វីដែរ មើលតែវ៉េណេស៊ុយអេឡា ជាឧទាហរណ៍ស្រាប់ហើយ ព្រោះរុស្ស៊ី ក៏ជួយខែលការពារអាកាសទៅ វ៉េណេស៊ុយអេឡាដែរ តែអាមេរិក នៅតែវ៉ៃបែក។

នេះមិនមែនទើបលើកដំបូងឡើយ ដែលប្រមុខរដ្ឋាភិបាលទីក្រុងវ៉ាស៊ីន លើកឡើងអំពីតួនាទីដ៏សង្ស័យរបស់រុស្ស៊ី ក្នុងសង្គ្រាមអ៊ីរ៉ង់។ ជាក់ស្តែង កាលពីខែមីនា លោកត្រាំ ក៏បង្ហាញការសង្ស័យដែរថា ពូទីនកំពុងលបជួយទីក្រុងតេហេរ៉ង់។
ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន Fox News នាពេលនោះ ប្រធានាធិបតី ដូណាល់ ត្រាំ បានទម្លាយនូវការសង្ស័យរបស់លោកថា មេដឹកនាំរុស្ស៊ី ប្រហែលជាកំពុងផ្តល់ជំនួយដល់អ៊ីរ៉ង់ ដែរ ដែលទង្វើបែបនេះ អាចជាការសងសឹក ទៅនឹងការដែលអាមេរិកបន្តគាំទ្រ ប្រទេសអ៊ុយក្រែន។
ទោះបីជាយ៉ាងណាក៏ដោយ ដ្បិតធ្លាប់ទទួលស្គាល់ថា ជួយអាវុធអ៊ីរ៉ង់មែន ប៉ុន្តែភាគីរុស្ស៊ី ចេញមុខបញ្ជាក់ជាច្រើនលើកច្រើនសា រួចមកហើយថា ខ្លួនមិនបានផ្តល់ព័ត៌មានចារកម្មទេ ហើយការចោទប្រកាន់ទាំងអស់ គឺគ្មានមូលដ្ឋានសុទ្ធសាធ៕
