គ្រោះថ្នាក់​ចរាចរណ៍​រវាងឡាន និង​គោ​យន្ត​កន្ត្រៃ​​ បណ្តាល​ឱ្យ​មនុស្ស​ម្នាក់​ស្លា.ប់ និង២​នាក់​រ.ង.​រ.បួ.ស

ខេត្តក្រចេះ​ ៖ ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​បាន​កើតឡើង​រវាង​រថយន្ត និង​គោ​យន្ត​កន្ត្រៃ បណ្តាល​ឱ្យ​មនុស្ស​ម្នាក់​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ និង​២​នាក់​ទៀត​រង​របួសស្រាល កាលពី​វេលា​ម៉ោង​២១ និង​៤០​នាទី​យប់ ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០២៦ ស្ថិតនៅ​លើ​កំណាត់​ផ្លូវ​ក្នុងភូមិ​រកា​ធំ ឃុំ​ជ្រោយ​បន្ទាយ ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ​ ។

យោង​តាម​របាយការណ៍​ផ្លូវការ​ពី​មូលដ្ឋាន​កង​រាជអាវុធហត្ថ​ស្រុក​ព្រែក​ប្រសព្វ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ មាន​រថយន្ត​ម៉ាក​កា​មេ​រី (Camry) ពណ៌​មាស ពាក់​ស្លាក​លេខ​ភ្នំពេញ 2C-2043 បើកបរ​ក្នុង​ទិស​ដៅ​ស្របគ្នា​នឹង​គោ​យន្ត​កន្ត្រៃ​។ រថយន្ត​នេះ​បើកបរ​ដោយ​ឈ្មោះ ឈាន ភ​ក្ក្រា ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មាន​ទីលំនៅ​សង្កាត់​អូរ​ឬ​ស្សី ក្រុង​ក្រចេះ របួសស្រាល។

ក្នុង​ហេតុការណ៍​នោះ រថយន្ត​បាន​បុក​គោ​យន្ត​កន្ត្រៃ​ពី​ខាងក្រោយ​ពេញទំហឹង បណ្តាល​ឱ្យ​អ្នក​រួម​ដំណើរ​ម្នាក់​ឈ្មោះ កៀន ឡៃ ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ល្អៀ​ត ឃុំ​ជ្រោយ​បន្ទាយ ស្រុក​ព្រែក​ប្រសព្វ បាន​ស្លាប់​បាត់បង់​ជីវិត​យ៉ាង​អាណោចអាធ័ម​នៅ​នឹង​កន្លែង​កើតហេតុ​ ។ ចំណែក​អ្នក​រួម​ដំណើរ​ក្នុង​រថយន្ត​ម្នាក់ទៀត ​ឈ្មោះ ឃ្នី ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​វឌ្ឍនៈ ឃុំ​វឌ្ឍនៈ ស្រុក​សំបូរ រង​របួសស្រាល​ ។ ដោយឡែក អ្នកបើកបរ​គោ​យន្ត​កន្ត្រៃ បាន​រត់គេច​ខ្លួន​បាត់​ពី​កន្លែង​កើតហេតុ​ភ្លាម​ៗ បន្ទាប់​ពី​ការ​ប៉ះទង្គិច​គ្នា ។

ប្រភព​ដដែល​បាន​បន្ត​ថា មូលហេតុ​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​នេះ គឺ​បណ្តាល​មក​ពី​កត្តា​សុវត្ថិភាព​បច្ចេកទេស​យានយន្ត ដោយ​រថយន្ត​បង្ក​មាន​ប្រព័ន្ធ​ភ្លើង​បំភ្លឺ​ខាងមុខ​មិនសូវ​ភ្លឺ​ច្បាស់លាស់ រួម​ផ្សំ​ជាមួយនឹង​ការ​បើកបរ​នៅ​ពេល​យប់​ងងឹត ​។ បច្ចុប្បន្ន អ្នក​រង​របួសស្រាល​ទាំង២​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ និង​ពិនិត្យ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តក្រចេះ ។

ចំណែក​សព​ជន​រង​គ្រោះ ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ជូន​ក្រុម​គ្រួសារ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ចំពោះ​វត្ថុ​តាង​រថ​យន្ត​បង្ក​ដែល​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សាទុកជា​បណ្តោះអាសន្ន​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ជ្រោយបន្ទាយ ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​ ៕

អត្ថបទដែលជាប់ទាក់ទង