រដ្ឋមន្ត្រី ហួត ហាក់៖ វត្ថុអនុស្សាវរីយ៍ខ្មែរ ជាឧបករណ៍ «ការទូតទេសចរណ៍» ផ្សព្វផ្សាយវប្បធម៌ និងអត្តសញ្ញាណជាតិទៅកាន់ពិភពលោក

(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក ហែម វណ្ឌឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើក «វេទិកាជាតិលើកទី១ ស្តីពីការជំរុញផលិតផលសិប្បកម្មទេសចរណ៍ និងវត្ថុអនុស្សាវរីយ៍ខ្មែរ» ដែលជាវេទិកាជំនួបផ្គូផ្គងធុរកិច្ច (Business Matching) ដោយផ្ទាល់រវាង «អ្នកផលិត» (សិប្បករ និងសហគមន៍) និង «អ្នកចែកចាយ» (សណ្ឋាគារលំដាប់ខ្ពស់ ប្រតិបត្តិករទេសចរណ៍ និងហាងលក់វត្ថុអនុស្សាវរីយ៍) ក្នុងគោលបំណងបង្កើតគំរូថ្មីក្នុងការភ្ជាប់ការអភិរក្សបេតិកភណ្ឌវប្បធម៌ ការបង្កើតតម្លៃសេដ្ឋកិច្ច ទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ព្រមទាំងជំរុញការប្រែក្លាយវត្ថុអនុស្សាវរីយ៍ខ្មែរឱ្យទៅជា «ការទូតទេសចរណ៍» ប្រកបដោយប្រសិទ្ធភាពនៅលើឆាកអន្តរជាតិ។

វេទិកាជាតិជាប្រវត្តិសាស្ត្រលើកទី១នេះ គឺជារបត់មួយដ៏មានសារៈសំខាន់ ដែលគ្រប់ភាគីពាក់ព័ន្ធទាំងអស់កំពុងយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះការលើកស្ទួយតម្លៃមរតកវប្បធម៌ជាតិ ក៏ដូចជាការជំរុញកំណើនសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈវិស័យសិប្បកម្មទេសចរណ៍ និងវត្ថុអនុស្សាវរីយ៍ខ្មែរ ដែលផលិតដោយស្នាដៃកូនខ្មែរពិតប្រាកដ ក្រោមស្លាកសញ្ញា «Made in Cambodia»។

វេទិកាដ៏មានសារៈសំខាន់នាព្រឹកនេះ មានការអញ្ជើញចូលរួមពីលោក ខឹម ចន្ថា រដ្ឋលេខាធិការ តំណាងលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, លោក ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប, តំណាងគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ, ក្រសួង-ស្ថាប័នពាក់ព័ន្ធ, ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ព្រមទាំងអ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី តំណាងវិស័យឯកជន សមាគមក្នុងឧស្សាហកម្មទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ និងបងប្អូនសិប្បករខ្មែរ សរុបប្រមាណ ៥០០នាក់។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ជូនចំពោះក្រុមការងារបច្ចេកទេសនៃក្រសួងទេសចរណ៍ និងក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ជាពិសេសក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ រដ្ឋបាលខេត្តសៀមរាប សមាគមទាំងអស់ក្នុងឧស្សាហកម្មទេសចរណ៍ និងវិស័យឯកជន ដែលបានសហការរៀបចំវេទិកាជាតិនេះ ជាពិសេសកម្មវិធីជំនួបផ្គូផ្គងធុរកិច្ច (Business Matching) ដែលជាយន្តការដ៏មានសារៈសំខាន់ក្នុងការបង្កើនខ្សែច្រវាក់ផ្គត់ផ្គង់ និងនាំយកផលិតផលស្នាដៃសហគមន៍ទៅដល់ដៃអ្នកប្រើប្រាស់ពិតប្រាកដ តាមរយៈការជួបជុំដោយផ្ទាល់រវាង «អ្នកផលិត» និង «អ្នកចែកចាយ»។

លោក ហួត ហាក់ បានសម្ដែងនូវការកោតសរសើរចំពោះការប្តេជ្ញាចិត្តរបស់បងប្អូនសិប្បករ ដែលជាអ្នកឈរនៅជួរមុខក្នុងការបន្តវេនពីបុព្វបុរស តាមរយៈការបង្កើតផលិតផលសិប្បកម្មដ៏សម្បូរបែប ទាំងចម្លាក់ថ្ម ឈើ ស្បែក ការត្បាញសូត្រ និងផលិតផលកែច្នៃថ្មីៗ ដោយរំលេចនូវស្លាកសញ្ញា «Made in Cambodia»។

រដ្ឋមន្ត្រី ហួត ហាក់ បានគូសបញ្ជាក់ថា នៅក្នុងយុគសម័យទីផ្សារប្រកួតប្រជែង យើងមិនអាចលក់ត្រឹមតែផលិតផលនោះទេ ប៉ុន្តែយើងត្រូវលក់ដោយផ្សារភ្ជាប់នូវ «និទានកថា» នៃផលិតផលទាំងនោះ។ ហេតុនេះ ការបណ្តុះបណ្តាលអំពីសិល្បៈនៃការបង្កើតនិទានកថាផលិតផល (Product Storytelling) គឺជាកត្តាស្នូលមួយ ដើម្បីបង្កើនតម្លៃបន្ថែម (Value-added) លើស្នាដៃសិប្បកម្មរបស់យើង ដែលជាយុទ្ធសាស្ត្រក្នុងការទាក់ទាញអារម្មណ៍ភ្ញៀវទេសចរឱ្យចង់ទិញ ព្រមទាំងចង់ស្វែងយល់ស៊ីជម្រៅពីប្រភពដើម និងអត្ថន័យនៃផលិតផលរបស់យើង។

រដ្ឋមន្ត្រី ហួត ហាក់ បានសង្កត់ធ្ងន់អំពីការរក្សាអត្តសញ្ញាណខ្មែរ ការផ្តោតលើគុណភាព ស្តង់ដារ និងតម្លៃសមរម្យ ព្រមទាំងភាពចាំបាច់មិនអាចខ្វះបានក្នុងការជំរុញកិច្ចការពារកម្មសិទ្ធិបញ្ញា តាមរយៈការចុះបញ្ជីម៉ាក ឬសញ្ញាសម្គាល់ភូមិសាស្ត្រទំនិញ (GI) ដែលយន្តការនេះ គឺជាខែលការពារដ៏រឹងមាំ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ ធានាបាននូវការប្រកួតប្រជែងដោយស្មោះត្រង់សម្រាប់សិប្បករខ្មែរនៅលើទីផ្សារ និងទប់ស្កាត់ផលិតផលក្លែងក្លាយ៕

អត្ថបទដែលជាប់ទាក់ទង