អាមេរិក និងអ៊ីស្រាអែល រៀបចំផែនការទម្លាក់គ្រាប់បែកទ្រង់ទ្រាយធំ លើហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ីរ៉ង់
ជម្លោះនៅមជ្ឈិមបូព៌ានៅតែរកផ្លូវបញ្ចប់មិនទាន់ឃើញឡើយ ដោយសហរដ្ឋអាមេរិកនិងអ៊ីស្រាអែល កំពុងរៀបចំយុទ្ធនាការ ទម្លាក់គ្រាប់បែកដ៏ខ្លាំងក្លាបំផុតមួយប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ីរ៉ង់ ដោយការវាយប្រហារនេះអាចធ្វើឡើង អំឡុងពេលចុងសប្តាហ៍។ នេះបើយោងតាមរបាយការណ៍របស់សារព័ត៌មាន CBS News កាលពីថ្ងៃសុក្រ និងចុះផ្សាយបន្តដោយសារព័ត៌មាន Anadolu នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៦ ។

របាយការណ៍នេះរៀបរាប់ថា មានការពិភាក្សាអំពីការបញ្ចប់យុទ្ធនាការណាមួយមុនពេលទីផ្សារហិរញ្ញវត្ថុបើកនៅថ្ងៃចន្ទ ដោយសារការព្រួយបារម្ភអំពីការធ្លាក់ចុះសេដ្ឋកិច្ច ទោះបីជាមិនទាន់មានថ្ងៃផុតកំណត់ច្បាស់លាស់ក៏ដោយ។ អ៊ីស្រាអែលត្រូវបានជូនដំណឹង និងកំពុងសម្របសម្រួលជាមួយទីក្រុងវ៉ាស៊ីនតោន ប៉ុន្តែប្រធានាធិបតី លោក ដូណាល់ ត្រាំ មិនទាន់បានចេញការអនុញ្ញាតចុងក្រោយនៅឡើយទេ។
មន្ត្រីអ៊ីស្រាអែលម្នាក់ប្រាប់ CBS News ថា អ៊ីស្រាអែលមិនបានដឹងពីការសម្រេចចិត្តណាមួយ ដើម្បីបន្តប្រតិបត្តិការយោធាទ្រង់ទ្រាយធំឡើងវិញទេ ហើយក៏មិនត្រូវបានស្នើសុំឱ្យចូលរួមការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់ដែរ។
របាយការណ៍បន្តថា រោងចក្រថាមពល និងរោងចក្រចម្រាញ់ប្រេងទំនងជាគោលដៅ ដោយមន្ត្រីអាមេរិកក៏កំពុងពិចារណាកាត់ផ្តាច់អគ្គិសនីទៅកាន់ទីក្រុងតេហេរ៉ង់ផងដែរ។
របាយការណ៍ដាច់ដោយឡែកមួយដោយកាសែត Wall Street Journal (WSJ) ដកស្រង់សម្តីមន្ត្រីអាមេរិកថា ការវាយប្រហារថ្មីនឹងត្រូវបានអនុញ្ញាត។
មន្ត្រីទាំងនោះ ប្រាប់សារព័ត៌មាន WSJ ថា លោក ត្រាំ អាចនឹងបញ្ឈប់ការវាយប្រហារ ហើយវិលត្រឡប់ទៅរកការចរចាជាមួយអ៊ីរ៉ង់វិញ ប្រសិនបើមានវឌ្ឍនភាពភ្លាមៗលើផ្នែកការទូត។
ថ្លែងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅជំរំ Camp David លោក ត្រាំ និយាយថា៖ « យើងនឹងវាយប្រហារពួកគេ[អ៊ីរ៉ង់] យ៉ាងខ្លាំង។ នៅចំណុចណាមួយ ពួកគេនឹងនិយាយថា យើងមិនអាចទ្រាំទ្របានទៀតទេ»។
មិនខុសគ្នាប៉ុន្មាន អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt និយាយថា៖ « សហរដ្ឋអាមេរិកនឹងឈ្នះ ហើយអ៊ីរ៉ង់នឹងមិនត្រូវបានអនុញ្ញាតឱ្យទទួលបានអាវុធនុយក្លេអ៊ែរក្រោមការឃ្លាំមើលរបស់ លោក ត្រាំ ឡើយ»៕
