សមត្ថកិច្ចចុះបង្ក្រាបទីតាំងឆបោកតាមអនឡាញ ៣កន្លែង នៅក្រុងបាវិត ឃាត់ខ្លួនជនបរទេស ៣៨នាក់
កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ចុះស្រាវជ្រាវ បង្ក្រាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះជួលចំនួន ០៣ទីតាំង ក្នុងក្រុងបាវិត។

ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ ពី លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្ដម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ស្តីពីការអនុវត្តយុទ្ធនាការបង្ក្រាបបទល្មើសអនឡាញស្គេមនៅទូទាំងខេត្តស្វាយរៀង ដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក គឹម ឡៃ ស្នងការរងនគរបាលខេត្ត បានដឹកនាំកម្លាំងនគរបាល ជំនាញ សហការជាមួយកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ ប៉ុល រតនា អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌ និងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិតដឹកនាំដោយលោក ម៉ែន ចាន់រ៉ា អភិបាលក្រុងបាវិត ដោយមានការសម្របសម្រួលពី លោក ខាំ សុផារី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត បានចុះធ្វើការស្រាវជ្រាវ


បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះជួល ចំនួន ០៣ទីតាំង ស្ថិតនៅភូមិបាវិតកណ្តាល និងភូមិបាវិតលេី សង្កាត់បាវិត ក្រុងបាវិត ដោយឃាត់ខ្លួនមនុស្សក្នុងរង្វង់ប្រតិបត្តិការចំនួន ៣៨នាក់ ស្រី ០៧នាក់ (ជនជាតិវៀតណាម ៣៤នាក់ ស្រី ០៧នាក់,ជនជាតិបង់ក្លាដេស ០៤នាក់ ប្រុស) ព្រមទាំងបានដកហូតសម្ភារពាក់ព័ន្ធនឹងបទល្មើសរួមមាន÷កំព្យូទ័រលើតុ All-In-One, កុំព្យូទ័រយួរដៃ ,ទូរស័ព្ទដៃ និងសម្ភារប្រើប្រាស់មួយចំនួនទៀត។


បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ រី ឯទីតាំងប្រព្រឹត្តិបទល្មើស ក្រុមការងារបានបិទស៊ីល ទីតាំងបណ្ដោះអាសន្ន៕







