លោកត្រាំ ប្រាប់ថា កិច្ចចរចាថ្មីជាមួយអ៊ីរ៉ង់ នឹងចាប់ផ្តើមនៅថ្ងៃចន្ទ នេះ
ស្ថានការណ៍មជ្ឈិមបូព៌ាបានធូរស្រាលបន្តិច ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក៏ប្រកាសថា កិច្ចចរចាថ្មីជាមួយអ៊ីរ៉ង់ នឹងចាប់ផ្តើមនៅថ្ងៃចន្ទ នេះហើយ។

ថ្លែងប្រាប់អ្នកសារព័ត៌មានលើយន្តហោះ Air Force One កាលពីថ្ងៃអាទិត្យ ទី៣ ខែសីហា ឆ្នាំ២០២៦ ប្រមុខសេតវិមាន ថ្លែងថា ពិតណាស់ អ៊ីរ៉ង់ មិនចង់ឲ្យមានការវាយប្រហារលើពួកគេឡើយ។ ពួកគេ ដឹងរួចហើយថា ការវាយប្រហារនោះ នឹងមានឥទ្ធិពលខ្លាំងប៉ុនណា។ គ្រាន់តែទំហំនៃការត្រៀមរបស់យើង ពួកគេក៏ដឹងបាត់ទៅហើយដែរ។
លោកបន្តថា៖ «ឥឡូវ អ្វីដែលយើងកំពុងធ្វើ គឺពិភាក្សាជាមួយពួកគេ ក្នុងទម្រង់ជាការចរចា ហើយវានឹងចាប់ផ្តើម នៅរសៀលថ្ងៃស្អែកនេះ តែម្តង»។

ទោះបីជាយ៉ាងណាក៏ដោយ លោកត្រាំ មិនបញ្ជាក់ឡើយថាតើ កិច្ចចរចាថ្មីនេះ នឹងធ្វើឡើងនៅឯណោះ ហើយភាគីអ៊ីរ៉ង់ ឯណោះ ក៏មិនទាន់ចេញមុខ និយាយអ្វីដែរ។
រឿងនេះកើតឡើង បន្ទាប់ពី លោកត្រាំ ប្រាប់ថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានដាក់គ្រាប់រួចទៅហើយ ត្រៀមតែបើកការវាយប្រហារទ្រង់ទ្រាយធំលើអ៊ីរ៉ង់ ប៉ុណ្ណោះ ប៉ុន្តែក៏ព្រមផ្អាកវិញ ព្រោះទីក្រុងតេហេរ៉ង់ ស្នើសុំ និងមានអន្តរាគមន៍ ពីប្រទេសនៅមជ្ឈិមបូព៌ា។

តាមរយៈសារបង្ហោះលើបណ្តាញសង្គម Truth Social កាលពីថ្ងៃសៅរ៍ ទី១ ខែសីហា ឆ្នាំ២០២៦ លោកត្រាំ រៀបរាប់ថា អាមេរិក រៀបចំរួចអស់ហើយ ដើម្បីវាយសន្ធាប់លើអ៊ីរ៉ង់ ក្នុងកម្រិតយោធា ពោរពេញដោយកម្លាំងខ្លាំងបំផុត ក្នុងកម្រិតដែលគ្មាននរណា ធ្លាប់ឃើញសោះឡើយ ចាប់តាំងពីសង្គ្រាមលោកលើកទី២ មក។
យ៉ាងណា លោកអះអាងថា ផែនការនោះត្រូវផ្អាកវិញ ព្រោះតែអ៊ីរ៉ង់ស្នើសុំ ក៏ដូចជាបណ្តាប្រទេសក្នុងតំបន់ទៀតដែរ។ ដូច្នេះ លោកក៏ព្រមផ្អាកវិញ ហើយទុកផ្លូវសម្រាប់កិច្ចចរចា ឲ្យបានឆាប់រហ័ស៕
