ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ប្រកាសពីការរុះរើមេទ័ពកំពូលៗ ស្របពេលសង្គ្រាមជាមួយអ៊ុយក្រែន ក៏កំពុងក្តៅគគុក
ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ប្រកាសពីការរុះរើមេទ័ពកំពូលៗ ស្របពេលសង្គ្រាមជាមួយអ៊ុយក្រែន ក៏កំពុងក្តៅគគុក មិនទាន់មើលឃើញពន្លឺ នៃទីបញ្ចប់សោះឡើយ។

តាមការផ្សាយរបស់ទូរទស្សន៍ RT, លោកពូទីន បានប្រកាសពីការរុះរើនេះ ជាសាធារណៈកាលពីថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២៦ អំឡុងពេលជួបជាមួយ មេទ័ពកំពូលនៅឯវិមានរដ្ឋាភិបាល ក្នុងទីក្រុងមូស្គូ។
ក្នុងការរុះរើនោះ តំណែងដែលគួរឲ្យកត់សម្គាល់ គឺ ឧត្តមសេនីយ៍ឯក Valery Solodchuk ដែលជាអតីតមេបញ្ជាការ កងកម្លាំងប្រយុទ្ធភូមិភាគកណ្តាល ត្រូវបានតែងតាំងជា អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ / ប្រធានផ្នែកភស្តុភារ។

ចំណែក ឧត្តមសេនីយ៍ឯក Denis Lyamin ប្រធានសេនាធិការ កងកម្លាំងប្រយុទ្ធភូមិភាគកណ្តាល ត្រូវតែងតាំងជាមេបញ្ជាការកងកម្លាំងប្រព័ន្ធដ្រូន ខណៈឧត្តមសេនីយ៍ឯក Andrei Ivanayev អតីតមេបញ្ជាការ កងកម្លាំងប្រយុទ្ធភូមិភាគខាងកើត ត្រូវប្តូរមកកាន់តំណែងជាមេបញ្ជាការ កងកម្លាំងប្រយុទ្ធ ភូមិភាគកណ្តាលវិញ។
ក្រៅពីនោះ ឧត្តមសេនីយ៍ទោ Pyotr Bolgarev ប្រធានសេនាធិការ កងកម្លាំងប្រយុទ្ធភូមិភាគខាងកើត ត្រូវឡើងឋានៈជាមេបញ្ជាការ កងកម្លាំងប្រយុទ្ធប្រចាំភូមិភាគនេះ រីឯឧត្តមសេនីយ៍ឯក Andrey Mordvichev មេបញ្ជាការសមរភូមិមុខដ៏លេចធ្លោ ត្រូវចូលកាន់តួនាទីជា អគ្គមេបញ្ជាការ កងទ័ពជើងគោក។

ការផ្លាស់ប្តូរទាំងនេះ កើតឡើង បន្ទាប់ពីអ៊ុយក្រែនក៏រុះរើតំណែងមន្ត្រីធំៗផងដែរ ក្រោមហេតុផលចម្បងៗ ពាក់ព័ន្ធរឿងអាស្រូវពុករលួយ ភាពបរាជ័យនៃយុទ្ធសាស្ត្រយោធា និងការសម្របខ្លួនទៅនឹងសម្ពាធភូមិសាស្ត្រនយោបាយពិភពលោក។
មិនដូចរុស្ស៊ីឡើយ ការរុះរើនៅអ៊ុយក្រែន បែរជាបង្កឲ្យមានបាតុកម្ម និងរលកនៃការប្រឆាំងទូទាំងប្រទេស ជាពិសេសការដករដ្ឋមន្ត្រីការពារជាតិ Mikhail Fedorov ដែលជាបុគ្គល ពលរដ្ឋគោរពស្រឡាញ់ យ៉ាងខ្លាំង៕
