អភិបាលខេត្តកណ្ដាល ព្រមានចាត់វិធានការក្ដៅលើអ្នកចោលសំរាមពាសវាលពាសកាល និងណែនាំឱ្យពង្រឹងការទប់ស្កាត់ជំងឺគ្រុនឈាម និងសុវត្ថិភាពផ្លូវទឹក

លោក គួច ចំរើន អភិបាលខេត្តកណ្តាល បានស្នើឱ្យប្រជាពលរដ្ឋក្នុងខេត្តកណ្តាលទាំងមូល សូមបញ្ឈប់ការបោះចោលសំរាមពាសវាលពាសកាល និងចូលរួមរក្សាអនាម័យបរិស្ថានទាំងអស់គ្នា ការសម្អាតបរិស្ថានមិនមែនជាកាតព្វកិច្ចរបស់អាជ្ញាធរតែម្នាក់ឯងនោះទេ ប៉ុន្តែជាការទទួលខុសត្រូវរួមរបស់សហគមន៍ទាំងមូល។

លោកបានបញ្ជាក់ថា រដ្ឋបាលខេត្តនឹងបន្តអនុវត្តវិធានការចាំបាច់នានា រួមទាំងការបំពាក់កាមេរ៉ាសុវត្ថិភាពនៅតំបន់មួយចំនួន ដើម្បីទប់ស្កាត់បទល្មើសផង និងចាប់យកសកម្មភាពរបស់បុគ្គលមួយចំនួន ដែលបោះចោលសំរាមតាមដងផ្លូវ និងទីសាធារណៈនានា យកមកផ្សព្វផ្សាយជាសាធារណៈ និងឱ្យចូលខ្លួនមកផាកពិន័យទៅតាមផ្លូវច្បាប់ផងដែរ ដោយគ្មានការយោគយល់ និងលើកលែង។

សកម្មភាពចោលសំរាមពាសវាលពាសកាល

ក្នងនោះផងដែរ លោកអភិបាលខេត្ត សូមឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នក្នុងរដូវទឹកឡើង ជាពិសេសនោះគឺក្នុងការធ្វើដំណើរតាមផ្លូវទឹក គ្រប់ទូកដរចម្លងទាំងអស់ត្រូវមានស្តង់ដាបច្ចេកទេសត្រឹមត្រូវ ធានាសុវត្ថិភាពដល់អ្នកធ្វើដំណើរ ត្រូវមានអាវពោង ឬឧបករណ៍សង្គ្រោះឱ្យបានគ្រប់គ្រាន់ អាជ្ញាធរ មូលដ្ឋានត្រូវចុះពង្រឹងការត្រួតពិនិត្យសុវត្ថិភាពនៅតាមកំពង់ចម្លង ដើម្បីបង្ការគ្រោះថ្នាក់ដែលអាចកើតមានក្នុងរដូវវស្សានេះ។

រូបតំណាងទូកដរ

ជាចុងក្រោយទាក់ទងនឹងបញ្ហាជំងឺគ្រុនឈាម លោកអភិបាលខេត្ត បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃករណីឆ្លង ដោយទាមទារការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទាំងអាជ្ញាធរមូលដ្ឋាន មន្ត្រីសុខាភិបាល និងប្រជាពលរដ្ឋផ្ទាល់។

បញ្ហានេះ លោកអភិបាលខេត្តបានណែនាំឱ្យមន្ទីរសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន ត្រូវចុះបាញ់ថ្នាំសម្លាប់មូសឱ្យចំគោលដៅនៅតំបន់ដែលមានការឆ្លង ព្រមទាំងជំរុញឱ្យប្រជាពលរដ្ឋលុបបំបាត់ទឹកដក់ដែលជាជម្រើសរបស់មុខខ្លា ដាក់ថ្នាំអាបែតក្នុងពាង និងធុងទឹក និងអនុវត្តវិធានការបង្ការជាប្រចាំ ដើម្បីកាត់ផ្តាច់ការរាតត្បាតនៃជំងឺគ្រុនឈាម៕

អត្ថបទដែលជាប់ទាក់ទង