សម្តេច ហ៊ុន ម៉ាណែត ចែករំលែកបទពិសោធន៍ពេលសិក្សានៅសាលាបណ្ឌិត្យយោធាអាមេរិក
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចែករំលែកបទពិសោធន៍ពេលសិក្សានៅសាលាបណ្ឌិត្យយោធាអាមេរិក ដោយប្រៀបធៀបការបង្រៀននៅសាលាជាមួយការអនុវត្តជាក់ស្តែងក្នុងការងារប្រចាំថ្ងៃ។
ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងសម្ពោធសមិទ្ធិផលនានាជានិមិត្តរូប នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចែករំលែកបទពិសោធន៍ពេលសិក្សានៅសាលាបណ្ឌិត្យយោធាអាមេរិក។ សម្តេចនាយករដ្ឋមន្ត្រីបានលើកឡើងជាពិសេសអំពីការង្រៀនឲ្យមនុស្សទុកចិត្តលើខ្លួនឯង។
សម្ដេចធិបតីបានបន្ថែមទៀតថា ការបង្រៀនរបស់សាលាយោធានៅអាមេរិក គឺមិនមែនផ្តោតតែលើបច្ចេកទេសយោធាប៉ុណ្ណោះទេ តែផ្តោតទៅលើការបណ្ដុះឥរិយាបទយោធា ឲ្យទៅជាមេទ័ព ដែលចេះគិតគូរដោះស្រាយបញ្ហាដោយខ្លួនឯងផ្ទាល់ទៅតាមស្ថានភាពជាក់ស្តែង ពោលគឺមិនត្រូវពឹងផ្អែកលើកត្តាខាងក្រៅនោះឡើយ។
សម្តេចធិបតីបញ្ជាក់ថា កាលនៅរៀន សិស្សមិនទាន់យល់ច្បាស់ពីគោលបំណងរបស់សាលានោះទេ ប៉ុន្ដែនៅពេលរៀនចប់ ហើយមកដឹកនាំគេ ទើបដឹងថា ការរៀបចំប្រព័ន្ធការងារ និងការរៀបចំប្រព័ន្ធអប់រំ ឬការរៀបចំមួយអង្គភាព គឺមានលក្ខណៈដូចគ្នា៕
