លួចចូលគ្រប់គ្រង Facebook និងកែបន្លំឈ្មោះគណនីធនាគារ ដើម្បីឆបោកប្រាក់ពីប្រជាពលរដ្ឋ ត្រូវនគរបាលចាប់ខ្លួន !
(ភ្នំពេញ)៖ កម្លាំងជំនាញនៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ បានបើកប្រតិបត្តិការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ឈ ស ម ភេទប្រុស ជនជាតិខ្មែរ ពាក់ព័ន្ធករណីលួចចូលគ្រប់គ្រងគណនីហ្វេសប៊ុក និងកែបន្លំឈ្មោះគណនីធនាគារដើម្បីឆបោកប្រាក់។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បញ្ជាក់ថា តាមការស៊ើបអង្កេតរកឃើញថា ជនសង្ស័យបានប្រគល់គណនីធនាគារផ្ទាល់ខ្លួនដែលមានឈ្មោះ CHHEAN SOKMENG ឱ្យទៅជនអនាមិកជាថ្នូរនឹងផលប្រយោជន៍មួយចំនួន។ ក្រោយពីទទួលបានគណនីធនាគាររបស់ជនសង្ស័យខាងលើមកកាន់កាប់ ជនអនាមិកបានកែឈ្មោះគណនីធនាគារនេះទៅជា KORN MENGKEA by S.C លេខ 125 072 409 074 195។
បន្ទាប់ពីជនអនាមិកបានធ្វើសកម្មភាពលួចចូលគ្រប់គ្រងគណនីហ្វេសប៊ុករបស់អ្នកដទៃ រួចទាក់ទងបោកបញ្ឆោតយកប្រាក់ពីជនរងគ្រោះជាច្រើននាក់ ដោយប្រើប្រាស់គណនីធនគារខាងលើនេះ ដើម្បីជាមធ្យោបាយទទួលផលនៃបទល្មើស។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរំលឹកនិងអំពាវនាវយ៉ាងទទូចដល់សាធារណជនទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការលួងលោមសន្យាផ្តល់ប្រាក់កម្រៃ ឬផលប្រយោជន៍ផ្សេងៗពីជនមិនស្គាល់មុខ ដើម្បីជាថ្នូរនឹងការលក់ ឬឱ្យខ្ចីគណនីធនាគារ ដោយអំពើនេះគឺជាការសមគំនិតក្នុងបទល្មើសឧក្រិដ្ឋ ដែលនាំឱ្យលោកអ្នកត្រូវប្រឈមមុខនឹងការផ្តន្ទាទោសតាមផ្លូវច្បាប់ជាធរមាន៕




