ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់​ ស្រុកគិរីសាគរ​ ខេត្តកោះកុង​ និងបក្ខពួក៣នាក់​ (ម្នាក់ចិន) ដែលដឹកនាំ​ និងរៀបចំទីតាំងឲ្យពួក​ Scams!

(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានឃាត់ខ្លួនលោក រៀម រុំ មេឃុំព្រែកខ្សាច់​ ស្រុកគិរីសាគរ​ ខេត្តកោះកុង​ រួមជាមួយបក្ខពួក៣នាក់ផ្សេងទៀត ក្នុងនោះមានជនជាតិចិនម្នាក់ ពាក់ព័ន្ធនឹងបទល្មើសស៊ី សំណូក សូកប៉ាន់ ដឹកនាំ​ និងរៀបចំទីតាំងឱ្យក្រុមឧក្រិដ្ឋជនប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Onlin Scams) នៅក្នុងមូលដ្ឋានរបស់ខ្លួន។

ក្រោយការឃាត់ខ្លួនជាបន្តបន្ទាប់ ACU បានបញ្ជូនក្រុមជនសង្ស័យទាំងនេះទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។

នៅថ្ងៃទី១៨​ ខែកញ្ញា ឆ្នាំ២០២៦នេះ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ​ បានចេញសេចក្តីប្រកាសព័ត៌មាន ចោទប្រកាន់ជនសង្ស័យខាងលើជាផ្លូវការដូចខាងក្រោម៖

ទី១៖ ឈ្មោះ​ រៀម​ រុំ​ មេឃុំព្រែកខ្សាច់​ ស្រុកគិរីសាគរ​​ (ឃាត់ខ្លួន)​ ពីបទ​ស៊ីសំណូក, សមគំនិតក្នុងអំពើរៀបចំ ឬដឹកនាំមជ្ឈមណ្ឌល ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសម្អាតប្រាក់​ តាមមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ, មាត្រា ២៩ និងមាត្រា ៥៩៤ នៃក្រមព្រហ្មទណ្ឌ, មាត្រា ៦ និងមាត្រា ៩ នៃច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទាន ភេរវកម្ម។

ទី២៖ ឈ្មោះ ជា វាសនា ភេទប្រុស​ (ឃាត់ខ្លួន)​ និងឈ្មោះ ជា សុទ្ធ ហៅម៉េង ភេទប្រុស (កំពុងជាប់ឃុំ)​ ពីបទសមគំនិតក្នុងអំពើស៊ីសំណូក , សមគំនិតក្នុងអំពើរៀបចំ ឬ ដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសមគំនិតក្នុងអំពើសម្អាតប្រាក់​ តាមមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ, មាត្រា ២៩ និងមាត្រា ៥៩៤ នៃក្រមព្រហ្មទណ្ឌ, មាត្រា ៦ និងមាត្រា ៩ នៃច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំង ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។

ទី៣៖ ឈ្មោះ ចាង ចៀនឈាំង (ZHANG JIAN QIANG) ហៅ ឆៃ យ៉ូវយៀន (Cai You Yuan) ហៅត្រង៉ោលភេទប្រុស ជនជាតិចិន និង​ បក្សពួក (គេចខ្លួន)​ ពីបទ សូកប៉ាន់, ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, រៀបចំ ឬដឹកនាំមជ្ឈមណ្ឌល ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទសម្អាតប្រាក់ តាមមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ, មាត្រា ៦០៥ នៃក្រមព្រហ្មទណ្ឌ, មាត្រា ៥, មាត្រា ៦ និងមាត្រា ៩នៃច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងមាត្រា ៣៨ នៃច្បាប់ ស្តីពី ការប្រឆាំង ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម៕

អត្ថបទដែលជាប់ទាក់ទង