ត្រាំ គំរាមថា លោកកំពុងថ្លឹងថ្លែង អំពីជម្រើស បំផ្ទុះកម្ទេចប្រទេសអ៊ីរ៉ង់ ចោល
សង្គ្រាមអ៊ីរ៉ង់ ស្រាប់តែផ្ទុះរីកធំ និងកម្រើកខ្លាំងឡើងៗ ខណៈប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កំពុងរកផ្លូវចេញ ដោះខ្លួនឱ្យបានមុនពេលការបោះឆ្នោតពាក់កណ្តាលអាណត្តិ ចូលមកដល់។

ជាវិធីសាស្រ្តបិទបញ្ចប់សង្គ្រាមឱ្យបានលឿន ពេលនេះស្រាប់តែប្រមុខសេតវិមាន គំរាមខ្លាំងៗថា លោកអាចនឹងបំផ្ទុះកម្ទេចប្រទេសអ៊ីរ៉ង់ ចោលតែម្តង ជាមួយក្តីសង្ឃឹមថា អ៊ីរ៉ង់ នឹងបន្ទប់ឥរិយាបទ ព្រមតាមការទាមទាររបស់អាមេរិក។
ថ្លែងក្នុងកិច្ចសម្ភាសតាមទូរស័ព្ទ ជាមួយ Fox News កាលពីថ្ងៃអាទិត្យ ទី២០ ខែកញ្ញា ឆ្នាំ២០២៦ ប្រធានាធិបតីអាមេរិក ប្រាប់ថា លោកកំពុងថ្លឹងថ្លែងសម្រេចចិត្ត ជុំវិញសង្គ្រាម ដែលកាន់តែតានតឹងជាមួយអ៊ីរ៉ង់ ដោយចោទសួរចំៗថា តើលោក គួរតែវាយកម្ទេចជាតិសាសន៍មួយនេះចោលតែម្តងនៅពេលណា និងដោយរបៀបណាទៅ?
ទន្ទឹមនោះដែរ លោកគូសបញ្ជាក់ពីជម្រើសយុទ្ធសាស្ត្រចំនួន៣ ដែលរដ្ឋបាលលោកកំពុងពិចារណា ក្នុងនោះរួមមាន៖ «ការកម្ទេចអ៊ីរ៉ង់ឱ្យទាល់តែសូន្យ ការទុកឱ្យសេដ្ឋកិច្ចប្រទេសនេះដួលរលំដោយខ្លួនឯង ឬក៏ត្រូវឈានទៅរកការចរចាធ្វើកិច្ចព្រមព្រៀង»។

ទោះបីជាយ៉ាងណាក៏ដោយ ប្រមុខរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ប្រកាសជាសាធារណៈថា លោកបើកចិត្តជានិច្ច ក្នុងការជួបចរចាជាមួយប្រធានាធិបតីអ៊ីរ៉ង់ Masoud Pezeshkian អំឡុងមហាសន្និបាតអង្គការសហប្រជាជាតិនៅ ទីក្រុងញូវយ៉ក នាសប្តាហ៍នេះ។
ការគំរាមនេះកើតឡើង ទោះ ប្រធានផ្នែកសន្តិសុខអ៊ីរ៉ង់ Mohsen Rezaei បញ្ជាក់ថា ទីក្រុងតេហេរ៉ង់ បានបញ្ជូនលក្ខខណ្ឌផ្លូវការ ទៅកាន់ទីក្រុងវ៉ាស៊ីនតោន តាមរយៈអ្នកសម្របសម្រួលកាតា ដើម្បីបញ្ចប់សង្គ្រាមជាមួយសហរដ្ឋអាមេរិក រួចហើយក៏ដោយ រង់ចាំតែការឆ្លើយតបពីលោកត្រាំ ប៉ុណ្ណោះ។
លោក Rezaei លើកឡើងថា៖ «លក្ខខណ្ឌរបស់យើង គឺការបញ្ចប់សង្គ្រាមនៅគ្រប់សមរភូមិ បើកមូលនិធិរបស់យើងដែលត្រូវបានបង្កកមកវិញ និងបញ្ចប់ការបិទខ្ទប់ផ្លូវសមុទ្រ។ តាមពិត លក្ខខណ្ឌទាំងនេះមានប្រយោជន៍ណាស់ បើអាមេរិកព្រមទទួល។ ការគំរាមរបស់ លោក ត្រាំ នឹងមិនទទួលបានលទ្ធផលអ្វីឡើយ ហើយយើងក៏ត្រៀមខ្លួនរួចរាល់ដែរ សម្រាប់សង្គ្រាមដ៏ធំមួយ»៕

