ព្យុះកំណាច Dujuan បង្ខំឱ្យជប៉ុន ជម្លៀសប្រជាជន ២លាននាក់ និងលុបចោលជើងហោះហើរ ជិត ៤០០ជើង
ជប៉ុន បានជម្លៀសប្រជាជន ២លាននាក់ទាំងបង្ខំ ទូទាំងប្រទេស ដោយសារតែឥទ្ធិពលដ៏ខ្លាំងរបស់ព្យុះទីហ្វុង Dujuan ដែលបោកបក់វាយប្រហារ ជាមួយកម្លាំងខ្យល់ ១៣០គីឡូម៉ែត្រ ក្នុងមួយម៉ោង ខណៈមនុស្ស ២នាក់ ត្រូវបានរាយការណ៍ថា បាត់បង់ជីវិត និង៦នាក់ទៀត បាត់ខ្លួន រួចទៅហើយ។

ទូរទស្សន៍រដ្ឋ NHK ផ្សាយ កាលពីថ្ងៃចន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០២៦ ថា ខេត្តជាច្រើន កំពុងរងការវាយប្រហារធ្ងន់ធ្ងរ ឈានដល់កម្រិតប្រុងប្រៀបប្រកាសអាសន្ន បង្ខំឱ្យមានការលុបចោលព្រឹត្តិការណ៍ និងកម្មវិធីនានា ដើម្បីសុវត្ថិភាព។
ក្នុងនោះ តំបន់ដែលរងគ្រោះខ្លាំងជាងគេគឺ Oshima ពោលគឺទីនោះ ត្រូវបានដាក់ក្នុងបញ្ជីព្រមានកម្រិតខ្ពស់ (កម្រិត៥) ដោយសារតែហានិភ័យភ្លៀងធ្លាក់ និងបំណាក់ដីធ្ងន់ធ្ងរ គំរាមកំហែងដល់អាយុជីវិត។

ក្រៅពីការជម្លៀសមនុស្ស ឥទ្ធិពលព្យុះកំណាចនេះ ក៏បង្ខំុឱ្យជប៉ុន ផ្អាកសេវារថភ្លើង និងលុបចោលជើងហោះហើរ ជិត ៤០០ជើងផងដែរ ថែមទាំងបិទសាលារៀនមួយចំនួន ទៀតផង។ លើសពីនេះ ក៏មានសេចក្តីរាយការណ៍អំពីពលរដ្ឋ ជាង ៥០ ០០០គ្រួសារ គ្មានអគ្គិសនីប្រើប្រាស់ ផងដែរ។
សូមជម្រាបថា Dujuan គឺជាព្យុះទីហ្វុងទី២៥ ដែលបោកបក់លើប្រទេសជប៉ុន ក្នុងឆ្នាំនេះ ហើយវាបង្កើនកម្លាំងខ្លាំងឡើងៗ ដោយសារតែឥទ្ធិពលនៃបាតុភូត «មហា El Niño»។

បាតុភូតនេះ ធ្វើឱ្យកម្ដៅទឹកសមុទ្រកាន់តែក្តៅ ដែលមានន័យថា ព្យុះ អាចស្រូបយកថាមពលបានកាន់តែច្រើន នាំឱ្យកម្លាំងខ្យល់បក់ កាន់តែលឿន។
ម្យ៉ាងវិញទៀត ដោយសារតែបរិយាកាសកើនឡើងកម្ដៅ អាចផ្ទុកសំណើមបានកាន់តែច្រើននោះ ព្យុះ ក៏អាចនាំមកនូវ ទឹកភ្លៀងធ្លាក់កាន់តែធ្ងន់ធ្ងរផងដែរ៕

