ទូត​អាមេរិក​ប្រចាំ​ប្រទេសចិន៖ លោក ត្រាំ បញ្ជាក់​​ លោក ស៊ី ថា ការជួយអ៊ីរ៉ង់​ក្នុងផ្នែកណាមួយ​ គឺ​មិនអាចទទួលយក​បាន​

​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ ចិន លោក ស៊ី ជីនពីង ទៅកាន់​សហរដ្ឋអាមេរិក បាន​បិទ​បញ្ចប់​នៅ​ថ្ងៃ​សុក្រ​ ​ដោយ​ភាព​ស្រពេចស្រពិល​ជាច្រើន​ បាន​កើត​​ចេញពីជំនួប​​របស់​​មេដឹកនាំទាំងពីរ​ ប៉ុន្តែ​បញ្ហា​ច្បាស់ការណ៍​មួយ គឺថា ប្រធានបទ​​សង្គ្រាម​នៅប្រទេសអ៊ីរ៉ង់ គឺ​ជារបៀប​វារៈ​នៃ​ការ​ជជែក​​ដ៏សំខាន់​របស់​​​មេដឹកនាំ​ទាំងពីរ​។

​​​អគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសចិន លោក David Perdue បានថ្លែង​​ប្រាប់​បណ្តាញ​ទទួល​​នានានៅអាមេរិក កាលពីថ្ងៃទី ២៥ ខែកញ្ញា ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានគូសបញ្ជាក់យ៉ាងច្បាស់នៅក្នុងកិច្ចភិភាក្សានៅសេតវិមាន ជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) ថា ការជួយជ្រោមជ្រែងរបស់ចិនចំពោះ​ប្រទេសអ៊ីរ៉ង់ គឺជាទង្វើដែលមិនអាចទទួលយកបានឡើយ។

តាម​ការផ្សាយ​របស់​​​រ៉យទ័រ ដោយ​ការ​ស្រង់សម្តី​​ លោក Perdue ដែល​ បាន​ប្រាប់​ទូរទស្សន៍ CNBC ថា៖ «យើងបានធ្វើឱ្យរឿងនេះច្បាស់លាស់ខ្លាំងណាស់ជាមួយពួកគេកាលពីប៉ុន្មានសប្តាហ៍មុនថា រាល់ការជួយជ្រោមជ្រែងទាំងឡាយណាដែលពួកគេផ្តល់ឱ្យអ៊ីរ៉ង់ ទោះបីជាដោយផ្ទាល់ ឬដោយប្រយោល ទោះជាការផ្តល់ព័ត៌មានស៊ើប​ការណ៍​( intelligence ) គ្រឿងបន្លាស់ ឬបរិក្ខារយោធាក៏ដោយ គឺដាច់ខាតមិនអាចទទួលយកបានឡើយ»។

លោក Perdue បានបន្ថែមថា៖ «ប្រធានាធិបតី ត្រាំ បានបញ្ជាក់ការងារនេះយ៉ាងច្បាស់សារជាថ្មីកាលពីម្សិលមិញ។ នេះគឺជាការសង្កត់ធ្ងន់ និងជាការដាស់តឿនជាបន្តបន្ទាប់»។

នៅពេលត្រូវ បានសួរដាច់ដោយឡែកនៅលើទូរទស្សន៍ Fox News ដោយ​ចោទ​សួរ ថា តើនោះមានន័យថាប្រទេសចិននឹងបញ្ឈប់ការជួយដល់អ៊ីរ៉ង់ដែរឬទេ លោក Perdue បានឱ្យដឹងថា វ៉ាស៊ីនតោនទទួលបានការអះអាង និងការសន្យាយ៉ាងច្បាស់ពីប៉េកាំងកាលពីថ្ងៃទី ២៤ ខែកញ្ញា។

លោក Perdue បានប្រាប់កម្មវិធី America’s Newsroom របស់ Fox News ថា៖ «យើងបានឃើញការប្រែប្រួលជាវិជ្ជមាន… លើរឿងនេះរួចហើយ។ នោះហើយជាការប្តេជ្ញាចិត្ត។ ពួកគេបានអះអាងប្រាប់យើងកាលពីម្សិលមិញថា ពួកគេមិនបានកំពុងធ្វើរឿងនោះឡើយ»។

​ក្នុងជម្លោះ​​​នៅអ៊ីរ៉ង់​ដែល​បង្ក​ឡើង​ដោយសហរដ្ឋអាមេរិក និង ​អ៊ីស្រាអែល ដែលបន្តជាប់គាំង​ដល់​សព្វថ្ងៃ​អស់រយៈពេល​៧ខែទៅហើយ ប៉ុន្តែ​​​នៅ​មិនទាន់រក​ច្រកចេញរួច​ បណ្តាល​ឲ្យ​វិបត្តិ​ប្រេង​ឥន្ធនៈ​កើត​ឡើង និង បង្ក​ជា​ក្តី​បារម្ភ​​នៅក្នុងសកល​​។ ​ ទោះបី​​ជំនួប​នៃ​មេដឹកនាំទាំងពីរ​ មិនត្រូវ​បាន​បង្ហាញ​ត្រង់​ៗ​ក្នុង​ការជជែក​​អំពីបញ្ហា​អ៊ីរ៉ង់ ប៉ុន្តែ​អ្នកវិភាគ​​បាន​លើក​ឡើងថា ប្រធានបទ​អ៊ីរ៉ង់ គឺ​ជា​ចំណុច​​អាទិភាព​នៃការ​ពិភាក្សា​កំពូលរបស់ពួកគេ​។​

​ប្រធានាធិបតី​ចិន ​លោក ស៊ី ជីនពីង​ បាន​បញ្ជាក់​ម្តងហើយ​ម្តង​ទៀត​ ក្នុងការ​ថ្លែង​សារ​របស់​លោក នៅ​​ទីក្រុង​វ៉ាស៊ីនតោន ថា ប្រទេសចិន​​និង​អាមេរិក គួរ​តែ​​ជ្រើស​​រើស​​ផ្នែក​នៃ​​ដៃគូ ប្រសើរ​ជាជាង​​គូ​ប្រកួត​ប្រជែង។ ​នៅ​ក្នុងការ​ថ្លែង​កាល​ថ្ងៃទី​​២៤ខែកញ្ញា លោក ស៊ី បាន​​លើក​​ឡើង​អំពី​​​ទំនាក់​ទំនង​យោធា​ ដែលយោធា​នៃ​ប្រទេសទាំងពី​រ ត្រូវ​ប្រកាន់​ខ្ជាប់​ការ​ជជែក​គ្នា​ជាប្រចាំ​៕​​​

អត្ថបទដែលជាប់ទាក់ទង