នគរបាលខេត្តតាកែវ ចុះបង្ក្រាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និង សម្អាតប្រាក់ ឃាត់ខ្លួនស្រ្តីម្នាក់
កម្លាំងនគរបាលខេត្តតាកែវ បានចុះបង្ក្រាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និង សម្អាតប្រាក់ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ កំពុងប្រព្រឹត្តសកម្មភាពឆបោកអនឡាញ នៅក្នុងលំនៅឋានរបស់ខ្លួនផ្ទាល់។

កាលពីថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២៦ ថ្មីៗ នេះ ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានបើកប្រតិបត្តិការ ចុះបង្ក្រាបទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) មួយកន្លែង ស្ថិតនៅភូមិទួលសាំងក ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ។ ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញ បានរកឃើញ និង ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ហ៊ត ឡៃហ៊ាង ភេទស្រី អាយុ ២៣ ឆ្នាំ។

ផ្អែកតាមការស៊ើបអង្កេត និង ប្រមូលព័ត៌មានយ៉ាងយកចិត្តទុកដាក់ ជនសង្ស័យរូបនេះ បានពាក់ព័ន្ធនឹងបណ្ដាញឧក្រិដ្ឋកម្មជាប្រព័ន្ធតាំងពីឆ្នាំ ២០២៣ ដោយឆ្លងកាត់យុទ្ធសាស្ត្រប្រតិបត្តិការជាច្រើនដំណាក់កាល។ ក្រោយពីមានយុទ្ធនាការបង្ក្រាបទីតាំង Scams យ៉ាងក្តៅគគុកពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច បណ្តាញឧក្រិដ្ឋកម្មនេះ បានប្តូរយុទ្ធសាស្ត្រពីការប្រមូលផ្តុំទៅជារចនាសម្ព័ន្ធបំបែកទីតាំង (Decentralization)។ មេខ្លោង (ថៅកែជនជាតិចិន) និង អ្នកគ្រប់គ្រងផ្ទាល់ជនជាតិខ្មែរ បានបញ្ជាឲ្យបុគ្គលិកទាំងអស់ រួមទាំងជនសង្ស័យខាងលើ យកការងារទៅបន្តធ្វើនៅតាមផ្ទះ ឬ បន្ទប់ជួលរៀងៗ ខ្លួន ដើម្បីគេចវេសពីការតាមដានរបស់សមត្ថកិច្ច។

កម្លាំងជំនាញ បានរកឃើញភស្តុតាងរឹងមាំបញ្ជាក់ថា ទង្វើរបស់ជនសង្ស័យមិនមែនគ្រាន់តែជាការស៊ីឈ្នួលដក/ដាក់ប្រាក់កម្រិតធម្មតានោះទេ ប៉ុន្តែជាសកម្មភាពស៊ីជម្រៅដែលជាធាតុផ្សំ នៃបទល្មើសព្រហ្មទណ្ឌធ្ងន់ធ្ងរ រួមមាន ៖ • បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Cyber Fraud/Online Scams) ៖ ជនសង្ស័យបាននិងកំពុងប្រតិបត្តិការយ៉ាងសកម្ម ដោយប្រើប្រាស់រូបភាព និង ថ្នាលល្បែងស៊ីសងអនឡាញ ធ្វើជានុយ ដើម្បីអូសទាញ និង ឆបោកប្រាក់ពីជនរងគ្រោះ ជាមួយនឹងចេតនាទុច្ចរិតច្បាស់លាស់។ កន្លងមក ជនសង្ស័យធ្លាប់មានប្រវត្តិបង្កើតគណនីក្លែងក្លាយ (Account ស្រីស្អាត) ដើម្បីឆបោកជនបរទេសផងដែរ។ • បទល្មើសសម្អាតប្រាក់ (Money Laundering) ៖ សកម្មភាព នៃការចាត់ចែងសាច់ប្រាក់របស់ជនសង្ស័យ មានការពាក់ព័ន្ធយ៉ាងជិតស្និទ្ធទៅនឹងប្រតិបត្តិការបន្លំធ្វើជាការវិនិយោគ (Fake Investments) និង ការទិញ-លក់ រូបិយប័ណ្ណឌីជីថល (Cryptocurrency)។ នេះគឺជាយន្តការលាងសម្អាតប្រាក់ (Layering & Integration) ដ៏ស្មុគស្មាញ ដើម្បីបង្វិលប្រាក់ដែលបានមកពីបទល្មើសឆបោក ឲ្យក្លាយជាប្រាក់ស្របច្បាប់ មុននឹងបញ្ជូនទៅកាន់មេខ្លោងនៅពីក្រោយ។

បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា កំពុងរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តតាកែវ នៅព្រឹកថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២៦ នេះ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។ ទន្ទឹមនឹងនេះ ស្នងការដ្ឋាននគរបាលខេត្តតាកែវ នឹងបន្តធ្វើការស្រាវជ្រាវស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ដើម្បីឈានទៅស្វែងរកចាប់ខ្លួនមេខ្លោង និង បក្ខពួកដែលពាក់ព័ន្ធផ្សេងទៀត យកមកផ្តន្ទាទោសតាមច្បាប់យ៉ាងម៉ឺងម៉ាត់ ដោយគ្មានការលើកលែងឡើយ៕





