នាយករដ្ឋមន្ត្រីបំភ្លឺរឿងចេញក្រដាសប្រាក់ថ្មី គឺមិនមែនដោយសាររដ្ឋអស់សាច់ប្រាក់ទេ
ការបោះក្រដាសប្រាក់គំរូថ្មី ប្រភេទ ៥០ ០០០រៀល និង ១០០ ០០០រៀល មិនមែនមានន័យថា រដ្ឋអស់សាច់ប្រាក់ទេ។ នេះជាការបំភ្លឺរបស់នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត។ ការបំភ្លឺនេះ ដើម្បីបញ្ចៀសការយល់ច្រឡំក្នុងស្រទាប់ប្រជាពលរដ្ឋ ខណៈបានបង្ហាញការព្រួយបារម្ភលើវិស័យធនាគារនៅកម្ពុជា ចំពេលធនាគារកណ្ដាលបានបញ្ចេញក្រដាសប្រាក់ថ្មី។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការបោះក្រដាសប្រាក់ថ្មី ប្រភេទ ៥០ ០០០រៀល និង ១០០ ០០០រៀល ជាការពង្រឹងនូវប្រព័ន្ធសុវត្ថិភាព កុំឱ្យមានលុយក្លែងក្លាយ ជាមួយនឹងការកែលម្អសោភណ្ឌភាពបន្ថែមនៅលើក្រដាសប្រាក់។ ក្រដាសប្រាក់ថ្មីទាំងពីរប្រភេទនេះដើម្បីបំពេញទៅលើក្រដាសប្រាក់ចាស់ ដែលត្រូវដល់អាយុ ហើយត្រូវកិនកម្ទេចចោល។
សម្ដេចពន្យល់យ៉ាងដូច្នេះថា «រដ្ឋត្រូវការបោះលុយថ្មីនេះដោយសារលុយចាស់នេះជាង១០ឆ្នាំមកហើយ មួយឆ្នាំ២០១២ ក្រដាស១០ម៉ឺន និងមួយក្រដាស ៥ម៉ឺន ចេញពីឆ្នាំ២០១៣។…អ៊ីចឹង កែលម្អតិចតួច មិនឱ្យខុសច្រើនទេ តែសំខាន់ប្រព័ន្ធសុវត្ថិភាព ដើម្បីកុំឱ្យមានការក្លែងបន្លំ»។

ការពន្យល់របស់សម្ដេចធិបតី បានធ្វើឡើងក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ កាលពីព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ នៅខេត្តពោធិ៍សាត់។ សម្តេចធិបតី បានអំពាវនាវដល់ពលរដ្ឋឱ្យរក្សាលំនឹងអារម្មណ៍ កុំមានការភ័យខ្លាច រហូតនាំគ្នាទៅដកប្រាក់ពីធនាគារ ដូចការបំផុសព័ត៌មានដោយក្រុមបុគ្គលមួយចំនួនឱ្យសោះ។ សម្ដេច អះអាងថា ប្រព័ន្ធធនាគារនៅកម្ពុជានៅតែមានភាពរឹងមាំ និងកំពុងដំណើរការយ៉ាងរលូន។
ប្រកាសចេញពីខេត្តពោធិ៍សាត់ សម្ដេចនាយករដ្ឋមន្ត្រី ថា រដ្ឋក៏មិនអស់លុយនោះដែរ ខណៈប្រាក់បៀវត្សរ៍មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ត្រូវបានបើកយ៉ាងទៀងទាត់៕

