លោក Lee អំពាវនាវឱ្យកូរ៉េខាងជើងស្តារទំនុកចិត្ត និងចរចាឡើងវិញ ក្រោយផ្ទុះសម្តីរឿងគ្រាប់មីន
នៅថ្ងៃព្រហស្បតិ៍ ទី០១ ខែតុលា ឆ្នាំ២០២៦ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae-myung បានអំពាវនាវឱ្យកូរ៉េខាងជើងចូលរួមក្នុងការស្តារទំនុកចិត្ត និងចាប់ផ្តើមការសន្ទនាឡើងវិញ បន្ទាប់ពីមានការវាយប្រហារពាក្យសម្តីគ្នាទៅវិញទៅមករវាងទីក្រុងសេអ៊ូល និងទីក្រុងព្យុងយ៉ាង ពាក់ព័ន្ធនឹងហេតុការណ៍ផ្ទុះគ្រាប់មីន ដែលយោធាកូរ៉េខាងត្បូង និងបញ្ជាការដ្ឋានអង្គការសហប្រជាជាតិ (UN Command) ចាត់ទុកថាជាការរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters ។

ក្នុងពេលអបអរសាទរទិវាកងកម្លាំងប្រដាប់អាវុធរបស់ប្រទេស លោក Lee បានថ្លែងថា៖ «ខ្ញុំសង្ឃឹមថា ភាគីខាងជើងនឹងចូលរួមជាមួយយើង នៅលើមាគ៌ាស្តារទំនុកចិត្ត និងការចាប់ផ្តើមការសន្ទនាឡើងវិញ បន្ទាប់ពីការអាក់ខានអស់រយៈពេលជាយូរមកហើយ។ រដ្ឋបាលរបស់យើងនឹងបន្តអនុវត្តវិធានការជាក់ស្តែងនានា ដើម្បីកាត់បន្ថយភាពតានតឹងផ្នែកយោធារវាងកូរ៉េទាំងពីរ»។
ការលើកឡើងនេះបានធ្វើឡើង បន្ទាប់ពីយោធារបស់ទីក្រុងសេអ៊ូល និងបញ្ជាការដ្ឋានអង្គការសហប្រជាជាតិបានអះអាងថា កូរ៉េខាងជើងបានរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់នៃសង្គ្រាមកូរ៉េ ក្រោយពីមានហេតុការណ៍ផ្ទុះមីនកាលពីសប្តាហ៍មុន បណ្តាលឱ្យទាហានកូរ៉េខាងត្បូងចំនួន ៣នាក់ រងរបួសនៅក្នុងតំបន់គ្មានយោធា (DMZ)។
យ៉ាងណា លោកស្រី គីម យ៉ូជុង ជាប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបដិសេធការរកឃើញទាំងនោះក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធ ទី៣០ ខែកញ្ញា ដោយចោទប្រកាន់ទីក្រុងសេអ៊ូលថា បានប្រឌិតលទ្ធផល និងបានព្រមានអំពីការសងសឹក។
លោក Lee បានបញ្ជាក់នូវគោលបំណងរបស់ខ្លួនក្នុងការសម្រេចឱ្យបាននូវការផ្ទេរសិទ្ធិបញ្ជាការប្រតិបត្តិការក្នុងពេលមានសង្គ្រាម ពីសហរដ្ឋអាមេរិកមកកាន់កូរ៉េខាងត្បូងវិញ ដោយចាត់ទុកថាវាជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដ៏យូរអង្វែង ដើម្បីកសាងសមត្ថភាពការពារជាតិដោយខ្លួនឯង។
ក្នុងផែនការមួយស្តីពីកំណែទម្រង់វិស័យការពារជាតិ លោក Lee ក៏បានថ្លែងថា កូរ៉េខាងត្បូងនឹងសាងសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ នៅត្រឹមពាក់កណ្តាលទសវត្សរ៍ឆ្នាំ២០៣០ និងធ្វើឱ្យសមត្ថភាពការពារប្រឆាំងនឹងមីស៊ីលប្រសើរឡើង រួមទាំងប្រព័ន្ធបញ្ជា និងគ្រប់គ្រងប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងប្រព័ន្ធស្ទាក់ចាប់ដោយប្រើឡាស៊ែរថាមពលខ្ពស់៕

