ឯកឧត្តម ឧត្តមសេនីយ៍ឯក អុី សុខឃី ដឹកនាំកម្លាំងនគរបាល បើកប្រតិបត្តិការបង្ក្រាបបទល្មើសល្បែងភ្នាល់តាមអនឡាញ (Game Betting) មួយកន្លែងនៅក្រុងប៉ោយប៉ែត ដែលមានជនជាតិថៃជាមេខ្លោង, ចាប់ខ្លួនជនសង្ស័យជិត៦០០នាក់
បន្ទាយមានជ័យ ៖ កម្លាំងនគរបាលនៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ នេះ បានបើកប្រតិបត្តិការបង្ក្រាបបទល្មើស ល្បែងភ្នាល់តាមអនឡាញ (Game Betting) មួយកន្លែង អគារកញ្ចក់ កម្ពស់៣០ជាន់ ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយចាប់ខ្លួនជនបរទេស និងជនជាតិខ្មែរជិត ៦០០នាក់។
ប្រតិបត្តិការនេះ បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដឹកនាំប្រតិបត្តិការផ្ទាល់ដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក អុី សុខឃី អគ្គស្នងការរងនគរបាលជាតិ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ និងក្រោមការសម្របសម្រួលរបស់តំណាងអយ្យការអមសាលាដំបូងខេត្ត។
មន្ត្រីនគរបាលជាន់ខ្ពស់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា នៅក្នុងប្រតិបត្តិការនេះ ចាប់ខ្លួនជនសង្ស័យសរុបចំនួន ៥៩១នាក់ ក្នុងនោះស្រី ១០៦នាក់ រួមមានជនជាតិឥណ្ឌូនេស៊ី ៥១៨ នាក់(ស្រី៧៦នាក់) ថៃ ២២នាក់(ស្រី៧នាក់) និងខ្មែរ ៥១ នាក់(ស្រី២៣នាក់)។
បើយោងតាមមន្ត្រីនគរបាលនៃអគ្គស្នងការជាតិ បានបញ្ជាក់ថា មេខ្លោងនៃបទល្មើសឆបោកមួយកន្លែងនេះ គឺជាជនជាតិថៃ។
ក្នុងរង្វង់ប្រតិបត្តិការនេះ សមត្ថកិច្ចបានចាប់យកសម្ភារជាច្រើនផងដែរ៕

