ក្រោយចុះត្រួតពិនិត្យ មន្ត្រីជំនាញអះអាងថា ប្រភពទឹកភ្ជាប់ទៅទន្លេបាសាក់គ្មានជាតិពុល
បន្ទាប់ពីទទួលបានដំណឹងជុំវិញការប្រែពណ៌ទឹក ចំណុចស្ទឹងជ្រៅភ្ជាប់មកទន្លេបាសាក់ ក្នុងខេត្តកណ្តាល នៅថ្ងៃទី១៦ ខែកក្កដា មន្រ្តីក្រសួងបរិស្ថានបានចុះត្រួតពិនិត្យ ជាលទ្ធផលមន្ត្រីជំនាញបានរកឃើញថាប្រភពទឹកនោះ មិនត្រូវបានរកឃើញមានជាតិពុលឡើយ។ នេះបើតាមការបញ្ជាក់របស់ក្រសួងបរិស្ថាន។
បើតាមក្រសួងបរិស្ថានមន្ត្រីជំនាញពីអគ្គនាយកដ្ឋានគាំពារបរិស្ថាន និងមន្ត្រីបរិស្ថានខេត្ត បានចុះត្រួតពិនិត្យស្ថានភាពទឹកស្ទឹងជ្រៅចំនួន៣ទីតាំងផ្សេងគ្នាគឺទីតាំងស្ទឹងជ្រៅ ចំណុចស្ពានស្ទឹងជ្រៅ ឃើញទឹកមានពណ៌បៃតងស្រាល មានក្លិនតិចតួច។
ទីតាំងទី២ នៅចំណុចប្រសព្វស្ទឹងជ្រៅ និងស្ទឹងព្រែកត្នោត ចំណុចស្ពានក្រពើហា ទឹកមានពណ៌ដីស្រាល គ្មានក្លិន។ ទីតាំងទី៣ ចំណុចប្រសព្វស្ទឹងព្រែកត្នោត និងទន្លេបាសាក់ ចំណុចអ្នកតាចិនក្រុងតាខ្មៅ ទឹកមានពណ៌ដីស្រាល និងមិនមានក្លិន។
ក្រសួងអះអាងដូច្នេះ៖«ចំពោះករណី ទឹកប្រែពណ៌ម្តងម្កាលត្រង់ចំណុចស្ទឹងជ្រៅ ភ្ជាប់មកទន្លេបាសាក់ ក្នុងខេត្តកណ្តាល មន្រ្តីក្រសួងបរិស្ថាន បានបញ្ជាក់ថា ទឹកដែលមានពណ៌ស្រអាប់ នៅទីតាំងស្ទឹងទឹកជ្រៅ មិនមានជាតិពុលនោះទេ»។
ក្រសួងបរិស្ថានបានបញ្ជាក់បន្ថែមថា យោងតាមការចុះពិនិត្យជាក់ស្ដែង និងលទ្ធផលតេស្តបឋម ដោយម៉ាស៊ីនទំនើបតេស្តគុណភាពទឹកចល័ត បានបង្ហាញថាស្ថានភាពគុណភាពទឹកក្នុងទីតាំងទាំង៣ខាងលើ ដែលភ្ជាប់ទៅទន្លេបាសាក់ ដែលជាប្រភពទទួលទឹកពីស្ទឹងជ្រៅ និងស្ទឹងព្រែកត្នោត មិនទទួលរងការបំពុលនោះទេ។ ពោលដោយសារកំហាប់ទឹកកខ្វក់ ដែលហូរចេញពីស្ទឹងជ្រៅ ត្រូវបានពង្រាវ ឬបន្សាបជាមួយទឹកស្ទឹងព្រែកត្នោត និងទន្លេបាសាក់។
ដោយឡែកនៅទីតាំងដែលមានទឹកមានពណ៌ក្រម៉ៅ នៅទីតាំងស្ទឹងជ្រៅ អាចបណ្ដាលមកពីការបង្ហូរទឹកកខ្វក់ពីលំនៅដ្ឋាន តាមបណ្តោយស្ទឹងជ្រៅ និងពីរាជធានីភ្នំពេញភាគខាងត្បូង ដោយបានឆ្លងកាត់ការចោលសំរាម សំណល់រឹងទីប្រជុំជន ចូលទៅក្នុងស្ទឹងជ្រៅ។ នេះបើតាមក្រសួងបរិស្ថាន។
បន្ទាប់ពីចុះត្រួតពិនិត្យ ក្រសួងបរិស្ថានចេញវិធានការ ឱ្យក្រុមការងារយកសំណាកទឹកទាំង៣ទីតាំង ដើម្បីវិភាគ និងតាមដានប៉ារ៉ាម៉ែត្រគុណភាពទឹកបន្ថែម នៅមន្ទីរពិសោធន៍ក្រសួងបរិស្ថាន។ ចំណែកមន្រ្តីក្រសួងបរិស្ថាន និងបន្តសហការគាំទ្របច្ចេកទេស ដល់អាជ្ញាធរថ្នាក់ក្រោមជាតិពាក់ព័ន្ធ ដើម្បីអនុវត្តការតាមដានគុណភាពទឹកស្ទឹងជ្រៅ ស្ទឹងព្រែកត្នោត និងទន្លេបាសាក់ជាប្រចាំ។
ក្រសួងបរិស្ថានក៏ជំរុញលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ ចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ចូលរួមទុកដាក់សំរាមឱ្យបានត្រឹមត្រូវ កុំបោះចោលទៅក្នុងប្រភពទឹកសាធារណៈ ដើម្បីទប់ស្កាត់ និងកាត់បន្ថយការបំពុលទឹកស្ទឹងជ្រៅ៕