លោក ឃួង ស្រេង៖ នៅរាជធានីភ្នំពេញ រក្សាសន្តិសុខ សុវត្ថិភាពបានល្អប្រសើរ និងបង្ក្រាបល្បែងស៊ីសងតាមអនឡាញបានជាច្រើនកន្លែង

(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា នៅក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ គឺរក្សាបានសន្ដិសុខ សុវត្ថិភាពយ៉ាងល្អប្រសើរ និងបង្ក្រាបបទល្មើសល្បែងអនឡាញជាច្រើនកន្លែង តាមបទបញ្ជារបស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា។

ការលើកឡើងរបស់លោក ឃួង ស្រេង ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៥ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី២ អាណត្តិទី៤ នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥នេះ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ។

ជាមួយគ្នានោះ លោកបានគូសបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ បានដឹកជញ្ជូនគ្រឿងឧបភោគ បរិភោគ និងសម្លារៈផ្សេងៗ ប្រមាណជាង២០កុងទីន័រ ជូនទៅដល់កងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹក ក្នុងនោះ ក៏មានទាំងការដឹកចាន ឆ្នាំង ចំនួន១៥,០០០សម្រាប់, ចង្ក្រានហ្គាស ចំនួន១៧,០០០ចង្រ្កាន និងហ្គាស ៣៤,០០០កំប៉ុងផងដែរ។

លោកបន្ដថា ប្រជាពលរដ្ឋបានសាគ្គីមភាពជាធ្នង់មួយ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានព្រឹទ្ធសភាកម្ពុជា។ ចំណុចនេះ បានធ្វើឲ្យប្រជាជនមើលឃើញយ៉ាងច្បាស់ពីតួនាទី ដែលមិនអាចខ្វះបានរបស់វីរកងទ័ពជាខឿនការពារជាតិ ប្រជាជន និងរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ ប្រជាជនទាំងអស់ បានធ្វើកិច្ចការងារព្រមៗគ្នា ជុំវិញការលើកទឹកចិត្ត ផ្តល់នូវទំនុកចិត្តជាខ្នងបង្អែកខឿនការពារជាតិរបស់ប្រជាពលរដ្ឋ ដែលបានលើកទឹកចិត្តឲ្យកងទ័ព កាន់តែមានភាពក្លាហាន។

រាជធានីភ្នំពេញ បានខិតខំប្រឹងប្រែងបំពេញតួនាទី ភារកិច្ច ក្នុងនាមជាប្រជាពលរដ្ឋល្អ ដើម្បីធ្វើកិច្ចការងារបម្រើឲ្យជួរមុខ ទាំងសម្លារៈ ថវិកា និងស្មារតី បានល្អប្រសើរ។ បន្ថែមពីនេះប្រជាពលរដ្ឋ ព្រះសង្ឃទាំង២គណៈ បានធ្វើសកម្មភាពផ្សេងៗច្រើនទៀត ដើម្បីបង្ហាញឲ្យអន្តរជាតិបានឃើញ ពីការឈ្លានពាររបស់កងទ័ពថៃ មកលើបូរណភាពទឹកដីកម្ពុជា កម្ពុជាចង់បានសន្តិភាព។ សម្រាប់រដ្ឋបាលរាជធានីភ្នំពេញ បានរួមគ្នាជាមួយប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ ដោយបានដឹកជញ្ជូនគ្រឿងឧបភោគ បរិភោគ និងថវិកា ជូនទៅដល់កងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹកជាបន្តបន្ទាប់។

ក្នុងឱកាសនោះ លោក ឃួង ស្រេង ក៏បានថ្លែងនូវការអរគុណ ចំពោះមន្ត្រី និងថ្នាក់ដឹកនាំរដ្ឋបាលរាជធានីភ្នំពេញ ទាំងអស់ ដែលបានយកអស់កម្លាំងកាយចិត្ត ដើម្បីបម្រើការងារទទួល និងបញ្ជូនគ្រឿងឧបភោគ បរិភោគ និងសម្លារៈផ្សេងៗទៅជូនជនភៀសសឹក និងវីរកងទ័ពជួរមុខ ដោយមិនបានសម្រាកឡើយ ទោះបីជាថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដើម្បីឆ្លើយតប ទៅនឹងឈាមដែលស្រក់នៅតាមព្រំដែន។ នេះបញ្ជាក់ឲ្យឃើញពីមហាសាមគ្គីភាព ដែលយើងមិនអាចភ្លេចបាន។

សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំនេះ បានពិនិត្យ និងអនុម័តលើរបៀបវារៈ ចំនួន៣ក្នុងនោះ រួមមាន៖
*១៖ ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៤ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី២ អាណត្តិទី៤ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥
*២៖ ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែកក្កដា ឆ្នាំ២០២៥ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ
*៣៖ ពិនិត្យ និងអនុម័តលើសេចក្តីព្រាងផែនការចំណូល ចំណាយថវិកាសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ របស់រដ្ឋបាលរាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង