រយៈពេលជិតពីរខែ៖បង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឃាត់ខ្លួនជន​សង្ស័យជាងបីពាន់នាក់និងមេខ្លោង៦៦នាក់

ភ្នំពេញ៖ លេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការ​ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ នេះ បានបង្ហាញលទ្ធផលប្រតិបត្តិការបង្ក្រាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ទូទាំងព្រះរាជាណាចក្រកម្ពុជា។

គណៈកម្មការចំពោះកិច្ចបានបញ្ជាក់ថា ក្នុងក្របខ័ណ្ឌនៃយុទ្ធនាការនិងការ​អនុវត្តបទបញ្ជាម៉ឺងម៉ាត់របស់​រាជរដ្ឋា​ភិបាល​កម្ពុជាក្នុងការបោសសម្អាតការ​ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ដោយគិតចាប់ពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ នេះ គណៈបញ្ជា​ការ​ឯកភាពរដ្ឋបាលរាជធានី ខេត្ត ក្រោមការចង្អុលបង្ហាញពីគណៈ​កម្មការចំពោះ​កិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហៅកាត់ថា គ.ប. ឆ.ប. (ONLINE SCAMS)បានចាត់វិធានការបង្រ្កាបតាមគោលដៅ​ចំនួន ៧២ទីតាំង ក្នុង១៨ រាជធានី ខេត្ត ដោយបានឃាត់ខ្លួនជនសង្ស័យ​សរុបចំនួនប្រមាណ ៣.១៧០នាក់ មាន១៩សញ្ជាតិ។

ប្រភពដដែលបន្តថា ក្នុងយុទ្ធនាការបង្ក្រាបសកម្មភាពឆបោកអនឡាញក្នុង​នោះដែរ សមត្ថកិច្ចបានចាត់វិធានការ​បញ្ជូនមុខសញ្ញាសង្ស័យ​ជាមេខ្លោង​ចំនួន៦៦នាក់ និងបក្ខពួករបស់ពួកគេទៅតុលាការដើម្បីចាត់វិធានការ​តាមនីតិវិធី​ច្បាប់ជាធរមាន ខណៈជនបរទេសពាក់ព័ន្ធការឆបោកអនឡាញ​ចំនួន​សរុបប្រមាណជាង ២.៤៥០នាក់ និរទេស​ចេញពីកម្ពុជា។

គួរកត់សម្គាល់ថា ក្នុងប្រតិបត្តិការបោសសម្អាតអំពើឆបោកអនឡាញនៅខេត្ត​កំពតកាលពីពេលថ្មីៗនេះ សមត្ថកិច្ច​បានបង្រ្កាបនិងឃាត់ខ្លួនមេខ្លោងចំនួន ១៤ នាក់ ដែលពាក់ព័ន្ធនឹងករណីឆបោកអនឡាញ អំពើឃាតកម្ម និង​ការជួញ​ដូរមនុស្ស ដែលវាបានក្លាយជាប្រតិបត្តិការបង្រ្កាបទ្រង់ទ្រាយ​ធំមួយក្នុងចំណោមប្រតិបត្តិការបង្ក្រាប​ឧក្រិដ្ឋកម្មឆ​បោកតាមអ៊ីនធឺណិត ក្នុងរយៈពេលប្រមាណ៦០ថ្ងៃ គិតចាប់ពីខែមិថុនា ដល់ពាក់កណ្តាលខែសីហា ឆ្នាំ២០២៥ នេះ ក្នុងនោះសមត្ថកិច្ចក៏បានជួយសង្រ្គោះជនរងគ្រោះដោយ​អំពើជួញដូរ និងបានបំបែកបណ្តាញឧក្រិដ្ឋជនឆបោក និងសំបុកនៃការជួញ​ដូរមនុស្ស។

គួររំលឹកផងដែរថា ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ យុទ្ធនាការបង្រ្កាបរបស់​រាជរដ្ឋាភិបាលកម្ពុជា ដោយក្រសួង ស្ថាប័ន គណៈបញ្ជាការឯកភាពរដ្ឋបាល​រាជធានី ខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធ ជាសេនាធិការរបស់រាជរដ្ឋាភិបាល បានបង្រ្កាបក្រុមឧក្រិដ្ឋជនឆបោកអនឡាញ និងអំពើល្មើសពាក់ព័ន្ធ សរុបប្រមាណជាង ២៤.០០០នាក់ ក្នុងនោះ​ជនបរទេសចំនួន២៣.៩៩០ នាក់ត្រូវបាននិរទេសចេញពីកម្ពុជា។

ជាមួយគ្នានេះ សមត្ថកិច្ចបានជួយសង្រ្គោះជនរងគ្រោះពីអំពើជួញដូរ និងអំពើឆបោកអនឡាញ សរុបចំនួនប្រមាណ​ជាង ៤,៨០០នាក់ មាន ២៧សញ្ជាតិ។

គប្បីជម្រាបជូនថា ក្រោយការបង្កើតគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំង​នឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) កម្ពុជាបានផ្តោតលើ​ការស្រាវជ្រាវ ស៊ើបអង្កេត បង្រ្កាប និងបោសសម្អាត ព្រមទាំងចាត់វិធានការ​ច្បាប់លើជនសង្ស័យ ដោយទទួលបានលទ្ធផលជាបន្តបន្ទាប់ ដោយមានការ​ចូល​រួមពីក្រសួង ស្ថាប័ន គណៈបញ្ជាការ​ឯកភាពរដ្ឋបាលរាជធានី ខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆបោក​តាមប្រព័ន្ធ​បច្ចេកវិទ្យាឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅចូលរួមចំណែកថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។
ក្នុង​ក្របខ័ណ្ឌនៃកិច្ចខិតខំទាំងនេះ កិច្ចសហប្រតិបត្តិការអន្តរជាតិមាន​សារៈសំខាន់ រួមចំណែកដល់កិច្ចប្រឹងប្រែងរួមគ្នា ដើម្បីប្រឆាំងការឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា ដែលបាននិងកំពុងកើតមានឡើងក្នុង​ប្រទេសជា​ច្រើន។
សូមបញ្ជាក់ថា ក្នុងការអនុវត្តយុទ្ធនាការបោសសម្អាតការឆបោកតាម​ប្រព័ន្ធបច្ចេកវិទ្យានេះ សមត្ថកិច្ចចម្រុះនឹងចាត់វិធានការ​តាមផ្លូវ​ច្បាប់យ៉ាង​តឹងរ៉ឹងបំផុតចំពោះមេខ្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ៕

អត្ថបទដែលជាប់ទាក់ទង