អ្នកនាំពាក្យក្រសួងការពារជាតិ ៖ កិច្ចប្រជុំ RBC នៅខេត្តប៉ៃលិន នាព្រឹកថ្ងៃនេះរំពឹងថានឹងទទួលលទ្ធផលវិជ្ជមានបន្ថែមទៀត
(ភ្នំពេញ)៖ តាមរយៈកិច្ចប្រជុំលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC)ដែលនឹងប្រព្រឹត្តិទៅនាព្រឹកថ្ងៃទី២៤ ខែ សីហា ឆ្នាំ ២០២៥នេះត្រូវបានក្រសួងការជាតិកម្ពុជារំពឹងថានឹងទទួលបាននូវលទ្ធផលល្អប្រសើរបន្ថែមទៀត ដែលនោះនឹងនាំមកនូវការទប់ស្កាត់ពីការប្រយុទ្ធគ្នានាំរវាងកងទ័ពប្រទេសទាំងពីរ ដែលនាំឱ្យបាត់បង់ជីវិតកងទ័ព និងអាយុជីវិតពលរដ្ឋប្រទេសទាំងពីរបន្ថែមទៀត។
ថ្លែងនាព្រឹកថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២៥ ក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រីលោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារ កម្ពុជាឱ្យដឹងថាកិច្ចប្រជុំលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥ របស់កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែនខេត្ត ចាន់បុរី និងត្រាត របស់ថៃ ដែលតាមការគ្រោងទុកនឹងប្រព្រឹត្តិទៅនៅវេលាម៉ោង៩,៣០នាទីព្រឹក ថ្ងៃទី២៤ ខែ មេសា ឆ្នាំ២០២៥នេះនៅខេត្តប៉ៃលិន។
តាមរយៈកិច្ចប្រជុំដែលកម្ពុជាធ្វើម្ចាស់ផ្ទះនេះដែរត្រូវបានអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជារំពឹងថាអាចជួយជំរុញឱ្យភាគីទាំងពីរ អនុវត្តបទឈប់បាញ់ឱ្យមានប្រសិទ្ធភាពពេញលេញ សំដៅនាំមកនូវសន្តិភាព ស្ថិរភាព និងការវិលត្រលប់ទៅរកប្រក្រតីភាព នៃទំនាក់ទំនងឱ្យបានឆាប់រហ័ស។
ជាមួយគ្នា នេះលោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតាបានថ្លែងដោយបញ្ជាក់ទាក់ទិនទៅនឹងភាគីថៃត្រូវតែអនុវត្តកាតព្វកិច្ច ប្រគល់មកឱ្យកម្ពុជាវិញនូវកងកម្លាំងទាំង ១៨ នាក់ដើម្បីឱ្យពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសារវិញដែលកំពុងទន្ទឹងរង់ចាំទាំងយប់ទាំងថ្ងៃ ។
សូមរំលឹកផងដែរថា ទាហានថៃបានចូលមកចាប់ខ្លួនកងកម្លាំងរបស់កម្ពុជាដោយខុសច្បាប់ ក្រោយបទឈប់បាញ់ ចូលជាធរមានភ្លាមៗកាលពីព្រឹកថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២៥ ដែលគិតមកដល់ពេលនេះមានរយៈពេល ២៥ថ្ងៃ ២៣ម៉ោង និង ១០នាទីគិតត្រឹមវេលាម៉ោង ៧,០០នាទីនៃថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២៥នេះ ៕