ក្រសួងបរិស្ថានចាត់វិធានការច្បាប់ចំពោះ​សិប្បកម្មកែច្នៃ និង វេចខ្ចប់កាក​ស្រាបៀរ​ផលិតជាចំណី​សត្វមួយកន្លែងនៅខេត្ត​កំពង់ស្ពឺ ដែលបំពុលខ្យល់ និងមានក្លិនស្អុយ

ភ្នំពេញ៖ ក្រសួងបរិស្ថានបានរកឃើញសិប្បកម្មកែច្នៃ និងវេចខ្ចប់កាកស្រា​បៀរ​មួយកន្លែងស្ថិតនៅភូមិស្នួលជ្រុំ ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្ត​កំពង់ស្ពឺ ដែលបានបង្កឱ្យមានការបំពុលខ្យល់ និងមានក្លិនស្អុយហុយ​ចេញពីបំពង់ផ្សែង។

ក្រសួងបរិស្ថានបានឱ្យដឹងនៅថ្ងៃទី២៤ ខែ សីហា ឆ្នាំ២០២៥នេះថា ម្ចាស់ទីតាំងដែលបង្កបញ្ហាដល់សុខភាពឈ្មោះលោក ស្រី នុត សុខណាវី។ក្រុមការងារក្រសួងបរិស្ថានបានធ្វើតេស្ដសារធាតុបំពុលខ្យល់ពីបំពង់ផ្សែងឡចំហាយ ដោយ​ប្រើប្រាស់​ឧបករណ៍ Testo 350 ដែលទទួលបាន​លទ្ធផល​ឃើញថា បារ៉ាម៉ែត្រCO=១០១២៤ppm មានកម្រិតលើស​ស្តង់ដា។លើសពីនេះសិប្បកម្មខាងលើបើកដំណើរការដោយគ្មានលិខិត​អនុញ្ញាតដំណើរការអាជីវកម្ម និងលិខិតអនុញ្ញាតផ្សេងៗ ពាក់ព័ន្ធនឹង​វិស័យ​បរិស្ថាន។

ទន្ទឹមនឹងការរកឃើញកំហុសរបស់សិប្បកម្មក្រុមការងារជំនាញក្រសួងបរិស្ថានបានចាត់វិធានការចំពោះមុខឱ្យសិប្បកម្មអនុវត្តច្បាប់រួមមាន៖១-ត្រូវបញ្ឈប់ការបញ្ចេញសារធាតុបំពុលខ្យល់ និងក្លិនអាក្រក់។២₋ត្រូវពិន័យ​អន្តរការណ៍ ករណីមិន​មានលិខិតអនុញ្ញាតបើកដំណើរការអាជីវកម្មទាក់​ទងការងារបរិស្ថាន និងលិខិតអនុញ្ញាតបញ្ចេញសំណល់ យោងតាម​មាត្រា១៥៦ មាត្រា១៧៣ មាត្រា១៧៦ មាត្រា៦៥៤ មាត្រា៦៦៨ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ។៣₋ត្រូវស្នើសុំ​លិខិត​អនុញ្ញាតទាក់​ទង​ការងារបរិស្ថាន និងលិខិតអនុញ្ញាតបញ្ចេញសំណល់។៤-ត្រូវកែ​សម្រួល​ឡចំហាយឱ្យ​ត្រឹមត្រូវ​តាមស្តង់ដានៃការបញ្ចេញសារធាតុពុល​​ខ្យល់។៥₋ត្រូវរៀបចំឱ្យមានរោងសម្រាប់ទុកដាក់កាកសំណល់​ស្រាបៀរឱ្យ​បានត្រឹមត្រូវ ដោយជៀសវាសទុកដាក់ចោលនៅទីវាល ដែលអាចបង្ក​ឱ្យមានទឹកសំណល់កាកស្រាបៀរ ប៉ះពាល់ដល់​បរិស្ថាន និងដីស្រែប្រជាព​ល​រដ្ឋ និង៦-ត្រូវរៀបចំអាងប្រព្រឹត្តិកម្មសំណល់រាវត្រឹមត្រូវតាមលក្ខណៈ​បច្ចេកទេស មុន​បញ្ចេញសំណល់រាវ៕

អត្ថបទដែលជាប់ទាក់ទង