អូស្ត្រាលីចំណាយជាង ១ ពាន់លានដុល្លារ ទិញយានយន្តល្បាតក្រោមទឹកគ្មានមនុស្សបើក «Ghost Shark» ដើម្បីពង្រឹងសមត្ថភាពយោធា
(បរទេស)៖ ប្រទេសអូស្ត្រាលីបានប្រកាសពីគម្រោងចំណាយដ៏ធំមួយដែលមានតម្លៃប្រមាណ ១.១ ពាន់លានដុល្លារ ដើម្បីទិញយានយន្តល្បាតក្រោមទឹកគ្មានមនុស្សបើក (Autonomous Undersea Vehicle) ដែលមានឈ្មោះថា«Ghost Shark»។ យានយន្តទំនើបនេះ គឺជាការសហការគ្នារវាងកងកម្លាំងការពារជាតិអូស្ត្រាលី និងក្រុមហ៊ុនអាមេរិក Anduril Industries សម្រាប់បេសកកម្មឃ្លាំមើល និងវាយប្រហារ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥។
យោងតាមរដ្ឋមន្ត្រីការពារជាតិ លោក Richard Marles បានឱ្យដឹងថា យានយន្ត Ghost Shark នេះនឹងដើរតួជាកម្លាំងជំនួយដ៏សំខាន់សម្រាប់កងនាវាមុជទឹក និងកងទ័ពជើងទឹករបស់អូស្ត្រាលី ដើម្បីបង្កើនសមត្ថភាពយោធាឱ្យកាន់តែមានប្រសិទ្ធភាព។
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មការពារជាតិ លោក Pat Conroy បន្ថែមថា យានយន្តនេះនឹងត្រូវផលិតរាប់សិបគ្រឿងនៅក្នុងប្រទេសអូស្ត្រាលីតែម្តង ហើយក៏អាចនាំចេញទៅសម្ព័ន្ធមិត្តផងដែរ។ យានយន្តនេះត្រូវបានរចនាឡើងដើម្បីធ្វើសកម្មភាព ស៊ើបការណ៍ ឃ្លាំមើល និងវាយប្រហារនៅចម្ងាយឆ្ងាយ ពីទ្វីបអូស្ត្រាលី។
គួរជម្រាបថា គម្រោងនេះនឹងចាប់ផ្តើមដំណើរការនៅខែមករា ឆ្នាំ២០២៦។ វាជាផ្នែកមួយនៃយុទ្ធសាស្ត្រទប់ទល់នឹងការពង្រីកឥទ្ធិពលយោធារបស់ប្រទេសចិននៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ ក្រៅពីនេះ អូស្ត្រាលីក៏មានគម្រោងទិញ និងសាងសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ក្រោមកម្មវិធីសហការ AUKUS ជាមួយចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកផងដែរ៕