វត្តមានសត្វប្រចៀវនៅរមនីយដ្ឋានភ្នំសំពៅ កំពុងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិកាន់តែខ្លាំង

បច្ចុប្បន្ននេះរមនីយដ្ឋានភ្នំសំពៅ ត្រូវបានរដ្ឋបាលខេត្តបាត់ដំបង និងមន្រ្តីពាក់ព័ន្ធបានរៀបចំកែលម្អ និងអភិវឌ្ឍន៍ទីតាំង នៅតំបន់ល្អាងប្រចៀវ យ៉ាងស្រស់ស្អាត មានសណ្តាប់ធ្នាប់ល្អ មានទីតាំង សម្រាប់ ភ្ញៀវអង្គុយទស្សនាហ្វូងប្រចៀវរាប់លានក្បាលហើរចេញពីរូងនៅពេលល្ងាច ។

ប្រចៀវរាប់លានក្បាល ហើរចេញពីរូងភ្នំ នៃរមនីយដ្ឋានភ្នំសំពៅ ក្លាយជាផ្ទាំងទស្សនីយភាព ដ៏ទាក់ទាញ ដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ គយគន់ទស្សនាកំសាន្តម្តងហើយ ចង់មកម្តងទៀត បើថានៅរដូវប្រាំង រឺរដូវវស្សានោះទេ។

រមនីយដ្ឋានភ្នំសំពៅជារមនីយដ្ឋាន បែបវប្បធម៌ ប្រវត្តិសាស្ត្រ និងធម្មជាតិស្ថិតក្នុងភូមិ និងឃុំភ្នំសំពៅ ស្រុកបាណន់ខេត្តបាត់ដំបង មានចម្ងាយប្រមាណ ១៦គីឡូម៉ែត្រពីក្រុងបាត់ដំបង ដោយប្រើរយៈពេល ធ្វើដំណើរប្រហែល២៥នាទីតាមផ្លូវជាតិលេខ៥៧ នឹងទៅដល់ទីតាំងនោះហើយ ។

បច្ចុប្បន្ននេះរមនីយដ្ឋានភ្នំសំពៅ ត្រូវបានរដ្ឋបាលខេត្តបាត់ដំបង និងមន្រ្តីពាក់ព័ន្ធបានរៀបចំកែលម្អ និងអភិវឌ្ឍន៍ទីតាំង នៅតំបន់ល្អាងប្រចៀវ យ៉ាងស្រស់ស្អាត មានសណ្តាប់ធ្នាប់ល្អ មានទីតាំង សម្រាប់ ភ្ញៀវអង្គុយទស្សនាហ្វូងប្រចៀវរាប់លានក្បាលហើរចេញពីរូងនៅពេលល្ងាច ។ ក្រៅពីទស្សនាហ្វូងប្រចៀវ ភ្ញៀវទេសចរចាប់អារម្មណ៍ខ្លាំងផងដែរនៅព្រះពុទ្ធប្បដិមាដ៏ធំ ដែលត្រូវបានឆ្លាក់លើជញ្ជាំង ភ្នំសំពៅ ក្បែរល្អាងប្រចៀវតែម្តង ហើយភ្ញៀវទេសចរណ៍បានថតផ្តិតទុកជាអនុស្សាវរីយ៍ផងដែរ។

បន្ថែមពីនោះភ្ញៀវទេសចរអាចឡើងតាមជណ្តើរ រឺជិះម៉ូតូ រថយន្ត ឡើងតាមផ្លូវជម្រាលភ្នំ រហូតដល់ កំពូលភ្នំបាន ដើម្បីទស្សនាទេសភាពពីលើកំពូលភ្នំ ឃើញវាលស្រែ និងភូមិឋានអ្នកស្រុកដ៏ល្វឹងល្វើយ ព្រមទាំងទស្សនាល្អាងប្រវត្តិសាស្រ្តជាច្រើន នៅលើភ្នំសំពៅផងដែរ ។ដែលល្អាងទាំងនោះមានដូចជា ល្អាងផ្កាស្លា ល្អាងគក់ទ្រូង ល្អាងខ្យល់ ល្អាងតែងខ្លួន ដែលសុទ្ធសឹងបង្កប់នូវរឿងរ៉ាវអស្ចារ្យ ជំនឿ និងបានដឹងពីប្រវត្តិភ្នំសំពៅ ក៏ដូចជាប្រវត្តិហេតុការណ៍ដ៏រន្ធត់នៅភ្នំសំពៅនាអំឡុងសង្គមសម័យខ្មែរក្រហមជាដើម។

នៅតំបន់រមនីយដ្ឋានភ្នំសំពៅនេះភ្ញៀវទេសចរអាចទិញវត្ថុអនុស្សាវរីយ៍ និងម្ហូបចំណីអាហារទទួលទាន នៅទីនោះផ្ទាល់បាន ដែលមានបងប្អូនប្រជាពលរដ្ឋក្នុងសហគមន៍ភ្នំសំពៅដាក់លក់ហូហែរ ដើម្បីបម្រើ សេវាភ្ញៀវ ដែលមកលេងទីនេះដោយមានរស់ជាតិឈ្ងុយឆ្ងាញ់បែបអ្នកស្រុក និងមានតម្លៃសមរម្យ ៕

ប្រភព៖ ក្រសួងព័ត៌មាន

អត្ថបទដែលជាប់ទាក់ទង