ហាម៉ាស យល់ព្រមដោះលែងចំណាប់ខ្មាំងអ៉ីស្រាអែល តែមានលក្ខខណ្ឌ
(វ៉ាស៊ីនតោន)៖ ក្រុមហាម៉ាស នៅថ្ងៃសុក្រ ទី៣ ខែតុលា បានយល់ព្រមថានឹងដោះលែងចំណាប់ខ្មាំងនៅសេសសល់ទាំងអស់ ប៉ុន្តែបាននិយាយថាលក្ខខណ្ឌផ្សេងទៀតនៃផែនការសន្តិភាព ទាំង២០ចំណុចរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ត្រូវឆ្លងកាត់ការចរចាគ្នាជាមុនសិន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bloomberg។
ការយល់ព្រមរបស់ហាម៉ាសខាងលើត្រូវបានគេមើលឃើញថាជាការបោះជំហានវិជ្ជមានមួយ តែនៅតែមានការសង្ស័យថាថាតើការសន្យានេះនឹងគ្រប់គ្រាន់ដើម្បីបញ្ចប់សង្រ្គាមជាមួយអ៉ីស្រាអែល ដែរឬក៏យ៉ាងណា? ដ្បិតហាម៉ាសមិនទាន់យល់ព្រមលើលក្ខខណ្ឌធំៗផ្សេងទៀតនៃផែនការសន្តិភាពរបស់លោក ត្រាំ ក្នុងនោះរួមមានដូចជាការរំសាយអាវុធនៅឡើយទេ។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រុមហាម៉ាសបាននិយាយថាខ្លួនយល់ព្រមដោះលែងចំណាប់ខ្មាំងអ៉ីស្រាអែលសេសសល់ទាំងអស់ទាំងនៅមានជីវិត និងបានស្លាប់ ហើយចំណាប់ខ្មាំង នឹងត្រូវបានដោះលែងក្នុងលក្ខខណ្ឌដែលធានាបាននូវការបិទបញ្ចប់សង្រ្គាម និងការដកកងទ័ពអ៉ីស្រាអែលទាំងស្រុងចេញពីតំបន់ហ្កាហ្សា។ ហាម៉ាសបន្ថែមថាលក្ខខណ្ឌផ្សេងទៀតនៃផែនការ សន្តិភាពរបស់លោក ត្រាំ នឹងតម្រូវឱ្យមានជំហរឯកភាពជាតិមួយរបស់ប៉ាឡេស្ទីន ហើយត្រូវតែដោះស្រាយដោយផ្អែកលើច្បាប់អន្តរជាតិ និងដំណោះស្រាយពាក់ព័ន្ធ។
បន្ថែមពីលើនេះ ក្រុមហាម៉ាសក៏មិនបានលើកឡើងនោះដែរពីចំណុចបង្កើតក្រុមប្រឹក្សាភិបាលសន្តិភាពមួយដែលមានលោក ត្រាំ ជាប្រធាន និងមានការចូលរួមពីមេដឹកនាំពិភពលោកដទៃទៀត ដូចជាអតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក Tony Blair ជាដើម។ លោក Musa Abu Marzouk ជាមន្ត្រីហាម៉ាសម្នាក់បានប្រាប់សារព័ត៌មាន Al Jazeera ថាហាម៉ាសនឹងចូលរួមក្នុង កិច្ចចរចាលើបញ្ហាពាក់ព័ន្ធនឹងចលនា និងអាវុធរបស់ខ្លួន។ «យើងបានឯកភាពជាគោលការណ៍ក្នុងការទទួលយកផែនការសន្តិភាពផ្អែកលើចំណុចសំខាន់ៗ ប៉ុន្តែការអនុវត្តជាក់ស្ដែងតម្រូវឱ្យមាន កិច្ចចរចាបន្ថែមទៀត»។ នេះជាការគូសបញ្ជាក់របស់លោក Musa។
គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រ លោក ដូណាល់ ត្រាំ បានទុកពេលឱ្យក្រុមហាម៉ាសត្រឹមម៉ោង ៦ល្ងាច ថ្ងៃអាទិត្យចុងសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ដើម្បីទទួលយកផែនការហ្កាហ្សារបស់ លោក បើពុំដូច្នោះទេ មហាគ្រោះមហន្តរាយនឹងកើតឡើង។ លោក Jonathan Panikoff ជាអតីតមន្ត្រីចារកម្មអាមេរិកបាននិយាយថា «ការយល់ព្រមដោះលែងចំណាប់ខ្មាំងរបស់ហាម៉ាស កំពុងធ្វើឱ្យលោកនាយករដ្ឋមន្ត្រីអ៉ីស្រាអែល Netanyahu ស្ថិតនៅក្នុងស្ថានការណ៍មួយដ៏ពិបាក ពីព្រោះលោកផ្ទាល់ធ្លាប់បាននិយាយថាហាម៉ាសអាចបិទបញ្ចប់សង្រ្គាមនៅថ្ងៃស្អែកតាមរយៈ ការដោះលែងចំណាប់ខ្មាំង។ ដូច្នេះបើហាម៉ាសពិតជាដោះលែងចំណាប់ខ្មាំងមែន តើលោក Netanyahu នឹងត្រូវធ្វើដូចម្ដេច៕