ករណីគ្រោះថ្នា./ក់ដ៏កក្រើកនៅមុខក្រសួងវប្បធម៌ ចៅក្រមសម្រេចផ្តន្ទាទោសឱ្យជាប់គុក ៣ ឆ្នាំ និង ពិន័យ ៤ លានរៀល យោងលើមូលហេតុ ៦ យ៉ាង

នៅថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២៥ សាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីថ្លែងការណ៍ស្តីពីការផ្សាយរបស់ផេកហ្វេសប៊ុកឈ្មោះ Kampuchea Thmey Daily គណនីហ្វេសប៊ុកឈ្មោះ Meach Sovannara, បណ្តាផេក និង បណ្តាញសង្គមនានា ទាក់ទងនឹងការផ្តន្ទាទោសក្នុងករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់ និង របួសអ្នកដទៃ នៅមុខក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ជូនថា កាលពីថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២៥ ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសជាសាធារណៈនូវសាលក្រមព្រហ្មទណ្ឌលេខ ៣៨០៩ «ភ» ក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ២៧០៧ ចុះថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៥ ដោយសម្រេចផ្តន្ទាទោសលើជនជាប់ចោទឈ្មោះ ហ៊ុន ហេង ភេទប្រុស អាយុ ៦១ ឆ្នាំ ដាក់ពន្ធនាគារ កំណត់រយៈពេល ០៣ ឆ្នាំ ដោយទោសនេះត្រូវអនុវត្តទោសក្នុងពន្ធនាគាររយៈពេល ១ ឆ្នាំ ទោសសល់ពីនេះត្រូវព្យួរ និង ពិន័យជាប្រាក់ចំនួន ៤ ០០០ ០០០ (បួនលាន) រៀល ពីបទបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យស្លាប់ និង របួសអ្នកដទៃ ប្រព្រឹត្តនៅចំណុចមុខក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មហាវិថីព្រះនរោត្តម ភូមិ ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៥ បទល្មើស ព្រហ្មទណ្ឌដែលមានចែង និង ផ្តន្ទាទោសតាមមាត្រា ៨៣ កថាខណ្ឌទី ២ ចំណុច គ និង មាត្រា ៨៥ កថាខណ្ឌទី ១ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។

ក្នុងនោះ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ជូនថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ តុលាការបានពិចារណាលើអំពើប្រព្រឹត្ត និង ការទទួលខុសត្រូវរបស់ជនជាប់ចោទតាមកម្រិតទោសដែលមាន កំណត់ក្នុងច្បាប់ និង ការទទួលខុសត្រូវចំពោះជនរងគ្រោះ, ដើមបណ្តឹងរដ្ឋប្បវេណីទាំងអស់, ស្ថានភាពរបស់ជនជាប់ចោទដែលស្ថិតក្នុងវ័យចាស់, មានជំងឺប្រចាំកាយ និង ស្មារតីភ្ញាក់រឭកទទួលស្គាល់កំហុស ចៅក្រម ជំនុំជម្រះបានសម្រេចផ្តន្ទាទោស ដោយយោងលើមូលហេតុដូចខាងក្រោម៖

១. ជនជាប់ចោទ ជាប់ចោទពីបទបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់ និង របួសអ្នកដទៃ ដែលកម្រិតទោសក្នុងច្បាប់កំណត់ ពី ១ ឆ្នាំ ទៅ ៣ ឆ្នាំ។

២. ជនជាប់ចោទមានអត្រាជាតិអាល់កុល ០.៣៥Mg/L (យោងតាមរបាយការណ៍របស់សមត្ថកិច្ច) ដែលស្ថិតនៅក្រោមច្បាប់ហាមឃាត់ (អត្រាជាតិអាល់កុលចាប់ពី ០.៤០Mg/L ឡើងទៅ)។

៣. ជនជាប់ចោទមានវ័យចាស់ ស្ថិតក្នុងស្ថានភាពមានជំងឺទឹកនោមផ្អែម និង លើសឈាម។

៤. ជនរងគ្រោះទាំងអស់ បានដកពាក្យបណ្តឹង និង បានព្រមព្រៀងទទួលសំណងរដ្ឋប្បវេណី។

៥.តុលាការបានសម្រេចផ្តន្ទាទោស ៣ ឆ្នាំ គឺក្នុងកម្រិតអតិបរមានៃទោស តែបានឱ្យអនុវត្តទោសក្នុងពន្ធនាគារ ១ឆ្នាំ ទោសនៅសល់ ២ ឆ្នាំ ឱ្យព្យួរ ដោយដាក់នូវកាតព្វកិច្ចមួយចំនួន រួមទាំងបានប្រកាសទោសពិន័យ ជាប្រាក់ចំនួន ៤ លានរៀល និង បានប្រកាសទោសបន្ថែមហាមឃាត់ការបើកបរក្នុងរយៈពេល ៥ ឆ្នាំ។ ការសម្រេច ឱ្យអនុវត្តព្យួរទោសមួយផ្នែកនេះ ធ្វើឡើងស្របតាមលក្ខខណ្ឌ និង បទប្បញ្ញត្តិច្បាប់ជាធរមាន។

៦. បច្ចុប្បន្នជននេះកំពុងជាប់ឃុំបន្តការអនុវត្តទោសក្នុងពន្ធនាគារនៅឡើយ៕

សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖

អត្ថបទដែលជាប់ទាក់ទង