ក ប ប កំពុងប្រតិបត្តិការស្វែងរកផលិតផលប្រេងឆាក្លែងក្លាយ៥ប្រភេទរបស់ក្រុមហ៊ុនវៀតណាម
មន្ត្រីនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី១៨ និងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ បានចុះប្រតិបត្តិការ និងស្វែងរកផលិតផលប្រេងឆាក្លែងក្លាយរបស់ក្រុមហ៊ុនវៀតណាមចំនួន៥ប្រភេទនៅតាមបណ្ដាផ្សារមួយចំនួនដើម្បីបង្ការ ការពារសុខភាព និងផលប្រយោជន៍របស់អ្នកប្រើប្រាស់។
ការចុះស្វែងរកផលិតផលប្រេងឆាក្លែងក្លាយរបស់ក្រុមហ៊ុនវៀតណាមនេះ ធ្វើឡើងដោយយោងលើសេចក្តីជូនដំណឹង តាមប្រព័ន្ធអនឡាញ របស់រដ្ឋបាលសុវត្ថិភាពម្ហូបអាហារ វៀតណាម (VFA) ចុះផ្សាយថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ដែលបានរកឃើញ ក្រុមហ៊ុន GF Vietnam Food Co., Ltd. មានអាសយដ្ឋាន ភូមិ Yen Phu ឃុំ Nguyen Van Linh ខេត្ត Hung Yen បានផលិត និងជួញដូរផលិតផលប្រេងឆាម៉ាក CHICA,TAMIN GOLD, GOLDMAX, TOT និងម៉ាក MEGAFOOD ដែលមានគុណភាពអន់ ជាទំនិញក្លែងក្លាយ ហើយបានចែកចាយទៅកាន់ខេត្ត-ក្រុងជាច្រើននៅទូទាំងប្រទេសវៀតណាម។
តាមមន្ត្រីជំនាញ ក្នុងប្រតិបត្តិការចុះពិនិត្យពីរថ្ងៃមកនេះ ក ប ប បានចុះពិនិត្យនៅតាមបណ្ដាលផ្សារគោលដៅមួយចំនួនដូចជានៅរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តស្វាយរៀង ខេត្តកណ្ដាល និងខេត្តរតនគិរី តាមបណ្ដាផ្សាររដ្ឋ ផ្សារឯកជន តូបលក់ទំនិញ ម៉ាត ដោយមានការចូលរួមពីមន្រ្តីនៃមន្ទីរពាណិជ្ជកម្ម និងគណៈកម្មការផ្សារ បានចំនួន១០៧ ទីតាំង។
ជាលទ្ធផល មន្រ្តី ក.ប.ប. មិនទាន់បានរកឃើញផលិតផលប្រេងឆាក្លែងក្លាយទាំង ៥ម៉ាក ដែលប្រកាសដោយអាជ្ញាធរសុវត្ថិភាពម្ហូបអាហារវៀតណាម នៅឡើយទេ។ មន្រ្តី ក.ប.ប. សហការជាមួយមន្រ្តីនៃអង្គភាពពាក់ព័ន្ធ នឹងបន្តស៊ើបអង្កេត ស្រាវជ្រាវ ស្វែងរក និងមានវិធានការយ៉ាងម៉ឺងម៉ាត់ចំពោះផលិតផលក្លែងក្លាយទាំងនេះ ដើម្បីការពារសុខភាព និងផលប្រយោជន៍អ្នកប្រើប្រាស់។
ទន្ទឹមនឹងនេះ អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន កុំទិញ លក់ ឬប្រើប្រាស់ផលិតផលប្រេងឆាដែលមានម៉ាកខាងលើ និងក្នុងករណីបើប្រទះ សូមទំនាក់ទំនងតាមរយៈ CCF Complaint App, លេខទូរសព្ទ ១២៦៦ ដើម្បីមានវិធានការតាមនីតិវិធី ឱ្យបានទាន់ពេលវេលា៕

