ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ប្រកាសបញ្ចប់កិច្ចចរចាពាណិជ្ជកម្មទាំងអស់ជាមួយកាណាដា

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែតុលា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា រូបលោកសម្រេចបិទបញ្ចប់ភ្លាមៗតែម្តង នូវកិច្ចចរចាពាណិជ្ជកម្មនានា ជាមួយប្រទេសកាណាដា បន្ទាប់ពីកាណាដា បានចេញការផ្សាយពាណិជ្ជកម្មមួយ ដែលប្រឆាំងចំណាត់ការពន្ធគយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

​លោក ត្រាំ បានសរសេរនៅលើបណ្តាញ Truth Social យ៉ាងដូច្នេះថា «ដោយសារតែអាកប្បកិរិយាដ៏អាក្រក់របស់ពួកគេ (កាណាដា) កិច្ចចរចាពាណិជ្ជកម្មទាំងអស់ជាមួយប្រទេសកាណាដា នាពេលនេះ គឺត្រូវបិទបញ្ចប់ភ្លាមៗ។ មូលនិធិ Ronald Reagan Foundation ទើបតែបានប្រកាសថា កាណាដាបានប្រើប្រាស់ការផ្សាយពាណិជ្ជកម្មភូតកុហកមួយ ដែលមានសំឡេងលោក Ronald Reagan និយាយអវិជ្ជមានអំពីពន្ធគយ»

ស្ថានការណ៍វិវត្តថ្មីខាងលើ នៃទំនាក់ទំនងរវាងប្រទេសជិតខាងទាំងពីរ ដែលមានទំនាក់ទំនងជិតស្និទ្ធ គឺកើតមានឡើងត្រឹមជាង២សប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពី​នាយករដ្ឋមន្រ្តីកាណាដា លោក Mark Carney បានបំពេញទស្សនកិច្ចមកកាន់សេតវិមាន ដើម្បីស្វែងរកការបន្ធូរបន្ថយពន្ធ​របស់សហរដ្ឋអាមេរិក។

Ronald Reagan Foundation បាននិយាយថា ក្នុងការផ្សាយពាណិជ្ជកម្មខាងលើ រដ្ឋបាលនៃខេត្ត Ontario របស់ប្រទេសកាណាដា បានច្រោះយកសំឡេងនិងវិដេអូ ចេញពីការថ្លែងសារតាមវិទ្យុទៅកាន់ប្រជាជាតិ ដោយអតីតប្រធានាធិបតីអាមេរិក លោក Reagan ស្តីពីវិស័យពាណិជ្ជកម្មកាលពី​ខែមេសា ឆ្នាំ១៩៨៧ ខណៈការផ្សាយពាណិជ្ជកម្មនោះ បង្កឱ្យមានការយល់ច្រឡំពីអ្វី ដែលលោក Reagan បានចង់សង្កត់ន័យ នៅក្នុងការថ្លែងសាររបស់លោក។ រីឯលោក ត្រាំ វិញ បាននិយាយថា ការផ្សាយនោះ មានគោលដៅជ្រៀតជ្រែក ការសម្រេចចិត្ត​​របស់តុលាការកំពូលអាមេរិក ដែលនឹងត្រូវចេញសេចក្តីសម្រេច ជុំវិញចំណាត់ការពន្ធគយជាសកលរបស់លោក។

គួរបញ្ជាក់ថា ប្រហែល៨៥ភាគរយ នៃការធ្វើពាណិជ្ជកម្មទៅមករវាងអាមេរិកនិងកាណាដា គឺនៅបន្តគ្មានជាប់ពន្ធនោះឡើយ ស្របពេលដែលប្រទេសទាំងពីរ បន្តគោរពតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មអាមេរិកខាងជើង ដែលមានស្រាប់ ហៅកាត់ថា USMCA។ ទោះជាបែបនេះក្តី ពន្ធគយរបស់លោក ត្រាំ ជាពិសេសលើដែកថែប អាលុយមីញ៉ូម និងរថយន្ត បានប៉ះពាល់កាណាដាជាខ្លាំង ដោយនាំឱ្យមានការបាត់បង់ការងារ និងសម្ពាធទៅលើក្រុមហ៊ុនអាជីវកម្ម៕

អត្ថបទដែលជាប់ទាក់ទង