ស្ថានទូតកម្ពុជានៅឥណ្ឌូណេស៉ី រៀបចំអាហារថ្ងៃត្រង់ «រសជាតិអង្គរ» ជូនដល់អង្គទូត និងធុរជន ៦០នាក់
(ហ្សាការតា)៖ ស្ថានទូតកម្ពុជា ប្រចាំសាធារណរដ្ឋឥណ្ឌូណេស៊ី នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ បានរៀបចំអាហារថ្ងៃត្រង់ ក្រោមមូលបទ «រសជាតិអង្គរ» ដើម្បីទទួលស្វាគមន៍អង្គទូត និងអ្នកដឹកនាំវិស័យធុរកិច្ច ចំនួន ៦០នាក់។ នៅក្នុងពិធីមានដែលពោរពេញ ទៅដោយភាពកក់ក្តៅ និងស្និទ្ធស្នាលនេះ លោកឯកអគ្គរាជទូត ទាន សំណាង និងលោកស្រី ស៊ឹម សុភាពនីឡា ព្រមទាំងសហការីស្ថានទូតកម្ពុជា ប្រចាំឥណ្ឌូណេស៊ី បានធ្វើឱ្យតុអាហារក្លាយជាវេទិកាការទូត និងទំនាក់ទំនងមិត្តភាព។
លោកឯកអគ្គរាជទូត ទាន សំណាង បានថ្លែងថា៖ «ម្ហូបអាហារគឺជាភាសាការទូតដ៏មានអត្ថន័យ ដែលតុអាហាររួម អាចបើកបេះដូង បង្កើនការសន្ទនា» និងគូសបញ្ជាក់ថា «វិបុលភាព និងសន្តិភាព មិនត្រឹមតែសម្រេចបាននៅក្នុងបន្ទប់ប្រជុំប៉ុណ្ណោះទេ ប៉ុន្តែក៏ចេញពីមុខម្ហូបដែលចេញពីការរៀបចំប្រកបដោយការយកចិត្តទុកដាក់ផងដែរ»។
គ្រប់មុខម្ហូបសម្រាប់អាហារថ្ងៃត្រង់នេះ ត្រូវបានសម្រិតសម្រាំងជ្រើសចេញពីសៀវភៅ «រសជាតិអង្គរ» (The Taste of Angkor) របស់ក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលមានភាពល្បីល្បាញ និងព្រមទាំងបានទទួលពានរង្វាន់ពីវេទិកាពិភពលោកជាច្រើន។
លោកឯកអគ្គរាជទូត បានពិពណ៌នាអំពីបញ្ជីមុខម្ហូបថា ជា «ដំណើរឆ្លងកាត់ផ្សារ ចម្ការ ទន្លេ និងឆ្នេរសមុទ្រ» ហើយបានលើកកែវអបអរសាទរ «មិត្តភាព កាលានុវត្តភាព និងការផ្លាស់ប្តូរវប្បធម៌រវាងគ្នា»។
ក្នុងនាមជាអ្នករៀបចំ លោកស្រី ស៊ឹម សុភាពនីឡា បានជម្រាបជូនអំពីមូលដ្ឋានគ្រឹះនៃគ្រឿងផ្សំមុខម្ហូបខ្មែរដ៏សំខាន់ ចំនួនពីរគឺ៖
*គ្រឿង៖ ជាល្បាយគ្រឿងទេសរួមមាន ស្លឹកគ្រៃ ខ្ជាយ រមៀត ខ្ទឹមសនិងស្លឹកក្រូចសើច ដែលផ្តល់ក្លិនក្រអូបឈ្ងុយឈ្ងប់ និងមានរសជាតិឆ្ងាញ់ពិសារ។
*ប្រហុក៖ ត្រីផ្អាប់បែបខ្មែរ ត្រូវបានប្រើជាគ្រឿងទេស ទាំងការធ្វើជាទឹកជ្រលក់ ឬច្របល់លាយចូលក្នុងម្ហូប ដែលបានបន្ថែមនូវរសជាតិអ៊ូម៉ាមី (umami) ជាទីគាប់ចិត្ត។
លោកស្រី បានបន្តថា «យើងបានជ្រើសរើសរូបមន្តមុខម្ហូបនៅតាមផ្ទះរបស់ប្រជាជនកម្ពុជា»។ បញ្ជីមុខម្ហូបសម្រាប់ទទួលភ្ញៀវកិត្តិយសនៅពេលនេះ រួមមាន៖ សាច់គោអាំងជាមួយគ្រឿង អមជាមួយញ៉ាំល្ហុងនិងនំប៉័ងលាបប៊ឺរ ដែលជាអាហារសម្រន់ពេញនិយមតាមផ្សារ និងតាមផ្លូវ។
បន្ទាប់មក គឺញាំភ្លាសាច់គោ ជាមុខម្ហូបពិសេសរបស់គ្រួសារខ្មែរនៅពេលមានពិធីជួបជុំគ្រួសារ។ រីឯមុខម្ហូបសំខាន់ នៅពេលនោះ គឺ បបរគ្រឿងសមុទ្រ ដែលប្រើអង្ករផ្កាម្លិះទន់ក្រអូប រួមជាមួយគ្រឿងសមុទ្រស្រស់ៗ ផ្តល់អារម្មណ៍ផាសុខភាព និងជាទីពេញនិយមគ្រប់តំបន់។ចំណែកបង្អែមចុងក្រោយ គឺ សង់ខ្យាល្ពៅ ដែលជាបង្អែមដ៏ពេញនិយមទូទាំងទីក្រុង និងជនបទ។
តាមរយៈការប្រមូលផ្ដុំរវាងរសជាតិ ផ្អែម–ជូរ–ប្រៃ–ចត់–ហឹរ និងគ្រឿងផ្សំដូចជា អង្ករផ្កាម្លិះ ស្ករត្នោតកំពង់ស្ពឺ និង ម្រេចកំពតខ្លឹមសារនៃបញ្ជីមុខម្ហូបបានបង្ហាញនូវអត្តសញ្ញាណម្ហូបអាហារខ្មែរយ៉ាងច្បាស់។ អ្វីដែលលើសពីរសជាតិនោះ គឺការប្រើតុអាហារនេះជាវេទិកាដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាង វប្បធម៌ និងវិនិយោគ ក្នុងគោលបំណងជម្រុញពាណិជ្ជកម្ម ទេសចរណ៍ ការអភិវឌ្ឍនៅសហគមន៍ និងការថែរក្សាបរិស្ថានធម្មជាតិ។
ភ្ញៀវបានផ្តល់ការសរសើរដល់ក្រុមចុងភៅ ដែលបានបម្លែងរូបមន្តពីក្នុងសៀវភៅទៅជាចានអាហារដ៏ទាន់សម័យ និងមានរសជាតិឆ្ងាញ់ពិសារ។ ជារួម ខ្លឹមសារ និងគោលដៅនៃពិធីអាហារថ្ងៃត្រង់នេះ បានគូសបញ្ជាក់យ៉ាងច្បាស់ថា «អំណាចទន់» តាមរយៈម្ហូប និងភាពស្និទ្ធស្នាល អាចបានសម្រេចគោលបំណងរួម គឺពង្រឹងការងារការទូតផ្លូវការ និងមរតកវប្បធម៌ខ្មែរ ព្រមទាំងបើកទ្វារកាលានុវត្តភាពដល់កិច្ចសហការថ្មីៗទាំងផ្នែកវប្បធម៌ ទេសចរណ៍ និងវិនិយោគ៕

