ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបង្ហាញបំណងបន្ថែមពេលបន្តដំណើរទស្សនកិច្ចរបស់លោកនៅតំបន់អាស៊ី ប្រសិនបើមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ពិតជាចង់ជួបលោកមែន
ថ្លែងប្រាប់អ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One កាលពីថ្ងៃចន្ទទី២៧ខែតុលាឆ្នាំ២០២៥ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបង្ហាញបំណងបន្ថែមពេលបន្តដំណើរទស្សនកិច្ចរបស់លោកនៅតំបន់អាស៊ី ប្រសិនបើមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ពិតជាចង់ជួបគាត់ដើម្បីពិភាក្សាគ្នាមែន។
តាមការផ្សាយរបស់ Fox News, ប្រមុខសេតវិមាននិយាយថា៖ «ខ្ញុំពេញចិត្តនឹងជួបជាមួយគាត់ បើគាត់ពិតជាចង់ជួបខ្ញុំមែន។ ខ្ញុំនិងគីម ជុងអ៊ុន ចុះសម្រុងគ្នាណាស់, ខ្ញុំចូលចិត្តគាត់ ហើយគាត់ក៏ចូលចិត្តខ្ញុំដែរ»។
តាមគម្រោង លោកត្រាំ នឹងចាកចេញពីជប៉ុន បន្តដំណើរទៅកូរ៉េខាងត្បូង។ យ៉ាងណា នៅពេលអ្នកកាសែតសួរថាតើលោកពិតជាចង់បន្តដំណើរទស្សនកិច្ចនៅអាស៊ី ដើម្បីជួបមេដឹកនាំកូរ៉េខាងជើងមែនឬទេ? លោកត្រាំបានបញ្ជាក់យ៉ាងច្បាស់ថា ជាការពិត លោកសុខចិត្តបន្ត។
លោក ត្រាំ ធ្លាប់ជួបលោក គីម បីដងរួចមកហើយ ក្នុងអំឡុងអាណត្តិទីមួយជាមេដឹកនាំសេតវិមាន ហើយលោកត្រាំក៏ជាប្រធានាធិបតីអាមេរិកកំពុងកាន់តំណែងដំបូងគេដែរ ដែលបានឈានជើងជាន់ដីប្រទេសកូរ៉េខាងជើង។
ជំនួបលើកដំបូង រវាងប្រធានាធិបតីអាមេរិកកំពុងកាន់តំណែង និងមេដឹកនាំកូរ៉េខាងជើងកើតឡើងក្នុងប្រទេសសិង្ហបុរី ដែលកាលនោះ ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួម ប្តេជ្ញាចិត្តចំពោះទំនាក់ទំនងថ្មីនិងកិច្ចខិតខំប្រឹងប្រែងរំសាយអាវុធនុយក្លេអ៊ែរ។
ក្រោយមកនៅខែកុម្ភៈឆ្នាំ២០១៩ ជំនួបលើកទី២រវាងលោកត្រាំនិងលោកគីម គឺកើតឡើងនៅទីក្រុងហាណូយប្រទេសវៀតណាម ប៉ុន្តែគ្មានកិច្ចព្រមព្រៀងណាមួយត្រូវបានសម្រេចឡើយ ដោយសារតែភាគីទាំងសងខាងមិនចុះសម្រុងគ្នាលើការបន្ធូរបន្ថយទណ្ឌកម្មនិងរំសាយអាវុធនុយក្លេអ៊ែរ។
ចុងក្រោយ នៅខែមិថុនាឆ្នាំដដែល ជំនួបនៅតំបន់គ្មានយោធាកូរ៉េ ធ្វើឲ្យ ត្រាំ ក្លាយជាប្រធានាធិបតីអាមេរិកកំពុងកាន់តំណែងដំបូងគេ ដែលបានឈានជើងចូលទៅក្នុងប្រទេសកូរ៉េខាងជើង ក្នុងអំឡុងពេលជំនួបដ៏ខ្លីនិងមិនបានត្រៀមទុកជាមុន។
ទោះមេដឹកនាំទាំងពីរព្រមព្រៀងគ្នា ចាប់ផ្តើមការចរចាដែលជាប់គាំងឡើងវិញក៏ដោយ ប៉ុន្តែមិនមានវឌ្ឍនភាពណាមួយសម្រេចបានបន្ថែមទៀតនោះទេ៕



