ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបានសម្លាប់មនុស្ស២៧នាក់នៅហ្គាហ្សា
ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបានសម្លាប់មនុស្ស២៧នាក់នៅហ្គាហ្សាកាលពីថ្ងៃពុធទី១៩ខែវិច្ឆិកាឆ្នាំ២០២៥ ខណៈដែលអ៊ីស្រាអែល និងក្រុមហាម៉ាសបានចោទប្រកាន់គ្នាទៅវិញទៅមកពីការបំពានលើបទឈប់បាញ់ដ៏ផុយស្រួយដែលបានប្រកាន់ខ្ជាប់អស់រយៈពេលជាងមួយខែមកនេះ។
យោងតាមការចុះផ្សាយរបស់ France24 អាជ្ញាធរការពារស៊ីវិលនៅហ្គាហ្សាដែលគ្រប់គ្រងដោយហាម៉ាស បាននិយាយថា មនុស្ស១៤នាក់ត្រូវបានសម្លាប់នៅក្នុងទីក្រុងហ្គាហ្សា និង១៣នាក់នៅតំបន់ខាន់យូនិស។ យោធាអ៊ីស្រាអែល បានប្រាប់ថា ខ្លួនបានបើកការវាយប្រហារបន្ទាប់ពីក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនត្រូវបានចោទថាបានបាញ់ប្រហារលើកងទ័ពដែលកំពុងប្រតិបត្តិការនៅភាគខាងត្បូងហ្គាហ្សា ដែលជាការអះអាងដែលហាម៉ាសបានបដិសេធ ដោយហៅការវាយប្រហារនេះថាជា «ការកើនឡើងដ៏គ្រោះថ្នាក់» ដែលធ្វើឲ្យប៉ះពាល់ដល់បទឈប់បាញ់។
ចាប់តាំងពីបទឈប់បាញ់បានចូលជាធរមាននៅថ្ងៃទី១០ខែតុលា ជនជាតិប៉ាឡេស្ទីនជាង២៨០នាក់បានស្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល។ នេះបើយោងតាមក្រសួងសុខាភិបាលហ្គាហ្សា។
បទឈប់បាញ់ គឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងសម្របសម្រួលដោយសហរដ្ឋអាមេរិក ដែលភ្ជាប់ទៅនឹងផែនការសន្តិភាពពហុដំណាក់កាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដែលរួមមានការប្រគល់ចំណាប់ខ្មាំងមកវិញ ការរំសាយអាវុធរបស់ហាម៉ាស និងការដាក់ពង្រាយកម្លាំងរក្សាស្ថិរភាពអន្តរជាតិ។ ខណៈដែលចំណាប់ខ្មាំងដែលនៅរស់ទាំងអស់ត្រូវបានដោះលែងនៅដើមដំបូងនៃបទឈប់បាញ់ សាកសពចំណាប់ខ្មាំងបីនាក់នៅតែស្ថិតក្នុងហ្គាហ្សា ដែលធ្វើឲ្យដំណើរការបទឈប់បាញ់នេះយឺតយ៉ាវ។
ក្នុងសប្តាហ៍នេះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអនុម័តផែនការរបស់លោកត្រាំ ទោះបីជាហាម៉ាសបានច្រានចោលដំណោះស្រាយនេះថាបានបរាជ័យក្នុងការដោះស្រាយការទាមទាររបស់ប៉ាឡេស្ទីនក៏ដោយ។ ដំណោះស្រាយរបស់អង្គការសហប្រជាជាតិលើកនេះត្រូវបានគេមើលឃើញថាមានសារៈសំខាន់ក្នុងការផ្តល់ភាពស្របច្បាប់ដល់ស្ថាប័នអភិបាលកិច្ចអន្តរកាល និងធានាដល់ប្រទេសដែលកំពុងពិចារណាបញ្ជូនទ័ពទៅកាន់ហ្គាហ្សា។ អត្ថបទនៃដំណោះស្រាយនេះបានចែងថា រដ្ឋជាសមាជិកអាចចូលរួមក្នុង«ក្រុមប្រឹក្សាសន្តិភាព (Board of Peace)» ដែលដឹកនាំដោយលោកត្រាំ ដែលត្រូវបានគេមើលឃើញថាជាអាជ្ញាធរអន្តរកាលដើម្បីត្រួតពិនិត្យការកសាងឡើងវិញ និងការស្តារសេដ្ឋកិច្ចនៅហ្គាហ្សា។ វាក៏អនុញ្ញាតឲ្យមានកម្លាំងស្ថិរភាពអន្តរជាតិ (International Stabilisation Force—ISF) ដែលនឹងធានាដំណើរការនៃការរំសាយយោធានៅហ្គាហ្សា រួមទាំងការរឹបអូសអាវុធ និងការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធយោធា។
សង្គ្រាមហ្គាហ្សាបានចាប់ផ្តើមបន្ទាប់ពីការវាយប្រហាររបស់ហាម៉ាសកាលពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ ដែលបានសម្លាប់មនុស្ស១២២១នាក់នៅក្នុងប្រទេសអ៊ីស្រាអែល។ យុទ្ធនាការយោធាសងសឹកជាបន្តបន្ទាប់របស់អ៊ីស្រាអែល បានសម្លាប់មនុស្សយ៉ាងតិច៦៩៥១៣នាក់នៅក្នុងតំបន់ហ្គាហ្សា៕

![]()