នគរបាលប្រឆាំងការជួញដូរមនុស្ស ឆ្មក់ចុះបង្ក្រាបទីតាំងម៉ាស្សា បង្កប់សេវាផ្លូវភេទ ឃាត់ខ្លួនម្ចាស់ទីតាំង២នាក់ បញ្ជូនទៅតុលាការ
នគរបាលការិយាល័យប្រឆាំងបទល្មើសជួញដូរមនុស្ស និង ការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរមូលដ្ឋានឆ្មក់បង្ក្រាប ករណីសញ្ចារកម្មចំនួន២ទីតាំង ក្នុងខណ្ឌពោធិ៍សែនជ័យ រកឃើញជនរងគ្រោះ០៧នាក់ និងឃាត់ខ្លួនជនសង្ស័យ០២នាក់។

ប្រតិបត្តិការនេះបានធ្វើឡើងកាលពីយប់នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ដោយអនុវត្តតាមផែនការដឹកនាំរបស់ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្ដមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរង ទទួលផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងការងារយេនឌ័រ និងលោកស្រីឧត្ដមសេនីយ៍ត្រី ឆេង សារ៉េត ស្នងការរង បានដឹកនាំការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដោយមានការសម្របសម្រួលនីតិវិធីដោយ លោកស្រី សាត ធីតា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។


នគរបាលបញ្ជាក់ថា ទីតាំងទី១៖ ហាងម៉ាស្សា (គ្មានឈ្មោះ) ស្ថិតនៅផ្ទះលេខ៧៣C ផ្លូវបេតុង ភូមិតាងួន១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ដោយឆែកឆេររកឃើញមនុស្សស្រីចំនួន០៦នាក់ (អនីតិជន ០៣នាក់, ម្ចាស់ទីតាំង០១នាក់) និងវត្ថុតាងមួយចំនួន។
ទីតាំងទី២៖ ហាងម៉ាស្សា (គ្មានឈ្មោះ) ស្ថិតនៅផ្ទះលេខ៨៦C ផ្លូវបេតុង ភូមិតាងួន១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ដោយឆែកឆេររកឃើញមនុស្សប្រុសស្រីចំនួន ០៣នាក់ (អនីតិជន ០១នាក់, ម្ចាស់ទីតាំង ០១នាក់/ប្រុស) និងវត្ថុតាងមួយចំនួន។


បច្ចុប្បន្ន កម្លាំងជំនាញការិយាល័យ កំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យជាម្ចាស់ទីតាំង ចំនួន ០២នាក់បញ្ជូនទៅកាន់តុលាការ ដេីម្បីចាត់ការតាមនីតិវិធី។ ចំណែកនារីជាជនរងគ្រោះចំនួន ០៧នាក់ (អនីតិជន ០៤នាក់) ប្រគល់ជូនមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ដេីម្បីបន្តនីតិវិធី៕




