ហេតុអ្វីបានជាហៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានថ្ងៃនេះថា «ពិសេស»?
ជាទូទៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានតាមធម្មតាបានបិទបញ្ចប់របៀបវារៈប្រចាំឆ្នាំរបស់ខ្លួនរួចទៅហើយ នៅមុនកិច្ចប្រជុំកំពូលនៃមេដឹកនាំអាស៊ាន ដែលឆ្នាំនេះបិទបញ្ចប់នៅចុងខែតុលាការ។
ប៉ុន្តែសម្រាប់ឆ្នាំនេះ រដ្ឋមន្ត្រីការប្រទេសអាស៊ានត្រូវរៀបចំប្រជុំបន្ថែមទៀតមុនដំណាច់ឆ្នាំ ក្រោយការធ្វើជាប្រធានអាស៊ានរបស់ប្រទេសម៉ាឡេស៊ី ដោយសារតែកិច្ចខិតខំប្រឹងប្រែងរកដំណោះស្រាយចំពោះជម្លោះរវាងថៃនិងកម្ពុជា ដែលកំពុងអូសបន្លាយពេលវេលាទៅមុខបន្ថែមទៀត។
កិច្ចប្រជុំនេះអាចនឹងដាក់ចេញនូវវិធានការចាំបាច់សម្រាប់ការអនុវត្តជាក់ស្តែងមួយចំនួន បន្ទាប់ពីការជួបប្រជុំតាមទូរស័ព្ទជាច្រើនលើករវាងប្រធានអាស៊ាន និង ភាគីជម្លោះទាំងពីរមិនបានជោគជ័យក្នុងការនាំយកភាគីថៃទៅអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ និង កិច្ចព្រមព្រៀងសន្តិភាពដែលខ្លួនបានចុះហត្ថលេខារួចហើយនោះ។
កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅពេលនេះ គឺធ្វើឡើងបន្ទាប់ពីមហាអំណាចសហរដ្ឋអាមេរិក និង ចិន បានគាំទ្រឲ្យអាស៊ានដើរតួនាទីដោះស្រាយជម្លោះនេះ ហើយមហាអំណាចទាំងពីរបានជំរុញឲ្យប្រទេសថៃវិលទៅរកការចរចាដោះស្រាយជម្លោះតាមមធ្យោបាយការទូតវិញ។
ក្នុងការស្វែងរកដំណោះស្រាយក្នុងជម្លោះថៃនិងកម្ពុជា សមាជិកអាស៊ាននិមួយៗបានរក្សាភាពស្ងប់ស្ងាត់មិនបានបង្ហាញជំហរជាក់ស្តែងបែងចែកភាគីណាមួយជាអ្នកខុស ឬជាអ្នកបង្កហេតុឡើយ ខណៈដែលមហាអំណាចចិននិងសហរដ្ឋអាមេរិក បានដាស់តឿន ប្រទេសថៃឲ្យចូលទៅកាន់តុចរចា បញ្ចប់ភាពតានតឹងនៅតាមបណ្តោយព្រំដែន។
បច្ចុប្បន្ននេះសហគមន៍អាស៊ានមានសមាជិក១១ប្រទេស បន្ទាប់ពីការបញ្ជូលប្រទេសទីម័រខាងកើតជាសមាជិកកាលថ្ងៃទី២៦ខែតុលាឆ្នាំ២០២៥៕