មន្ត្រីជាន់ខ្ពស់នៃគណបក្សកុម្មុយនិស្តកាន់អំណាចរបស់វៀតណាម បានចាប់​ផ្ដើម​បើកកិច្ចប្រជុំ​នា ដើម្បីសម្រេចរើស​បេក្ខជនសម្រាប់តំណែងដឹកនាំកំពូលៗរបស់ប្រទេស

មន្ត្រីជាន់ខ្ពស់នៃគណបក្សកុម្មុយនិស្តកាន់អំណាចរបស់វៀតណាម បានចាប់​ផ្ដើម​បើកកិច្ចប្រជុំ​នា​ថ្ងៃ​ទី​២២​ខែ​ធ្នូ​ឆ្នាំ​២០២៥​នេះ ដើម្បីសម្រេចរើស​បេក្ខជនសម្រាប់តំណែងដឹកនាំកំពូលៗរបស់ប្រទេស មុនពេលមហាសន្និបាតបក្សដែលធ្វើឡើងរៀងរាល់៥​ឆ្នាំម្តងនៅខែក្រោយ។

យោង​តាម​ The Star នៅសុន្ទរកថាមួយដែលត្រូវបានចុះផ្សាយលើគេហទំព័ររបស់រដ្ឋាភិបាល អគ្គលេខាធិការបក្ស លោក To Lam បានប្រាប់អង្គប្រជុំពេញអង្គនៃគណៈកម្មាធិការមជ្ឈិមបក្សថា ភារកិច្ចចម្បង គឺការជ្រើសរើសបេក្ខភាពសម្រាប់តំណែងសំខាន់ៗរបស់រដ្ឋ និងបក្សសម្រាប់រយៈពេល៥ឆ្នាំខាងមុខ។ លោកបានជំរុញឲ្យសមាជិកទាំងអស់អនុវត្តការងារដោយ «តម្លាភាព និងឥតលម្អៀង» ក្នុងការជ្រើសរើសបេក្ខជនសម្រាប់មហាសន្និបាតបក្សលើកទី១៤ ដែលគ្រោងនឹងប្រព្រឹត្តទៅពីថ្ងៃទី១៩ដល់ថ្ងៃទី២៥​ខែមករា​ខាង​មុខ។

មហាសន្និបាតនេះ នឹងតែងតាំងថ្នាក់ដឹកនាំកំពូលៗរបស់វៀតណាមជាផ្លូវការ ហើយកំណត់អាទិភាពគោលនយោបាយ និងសេដ្ឋកិច្ចសំខាន់ៗ។ យ៉ាង​ណា​មិញ មិន​មាន​ការ​បង្ហាញឈ្មោះបេក្ខជនដែលកំពុងត្រូវបានពិចារណានោះទេ ខណៈ​កិច្ចប្រជុំនឹងបញ្ចប់នៅថ្ងៃអង្គារ​ ដោយមិនបានបញ្ជាក់ថាតើការសម្រេចចិត្តទាំងនោះនឹងត្រូវប្រកាសជាសាធារណៈឬយ៉ាងណានោះដែរ។

លោក Lam វ័យ​៦៨ឆ្នាំ ដែលបានក្លាយជាអគ្គលេខាធិការបក្សកាលពីខែសីហាឆ្នាំមុន បន្ទាប់ពីមរណភាពរបស់លោក Nguyen Phu Trong កំពុងស្វែងរកការកាន់តំណែងសម្រាប់អាណត្តិទីពីរ។ អង្គសន្និបាតក៏ត្រូវបានរំពឹងទុកថានឹងជ្រើសរើសបេក្ខជនសម្រាប់តំណែងសំខាន់ៗចំនួន៤​ផ្សេងទៀត រួមមាន ប្រធានរដ្ឋ នាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និងសមាជិកអចិន្ត្រៃយ៍នៃលេខាធិការដ្ឋានបក្ស៕

អត្ថបទដែលជាប់ទាក់ទង