មន្ត្រីជាន់ខ្ពស់នៃគណបក្សកុម្មុយនិស្តកាន់អំណាចរបស់វៀតណាម បានចាប់ផ្ដើមបើកកិច្ចប្រជុំនា ដើម្បីសម្រេចរើសបេក្ខជនសម្រាប់តំណែងដឹកនាំកំពូលៗរបស់ប្រទេស
មន្ត្រីជាន់ខ្ពស់នៃគណបក្សកុម្មុយនិស្តកាន់អំណាចរបស់វៀតណាម បានចាប់ផ្ដើមបើកកិច្ចប្រជុំនាថ្ងៃទី២២ខែធ្នូឆ្នាំ២០២៥នេះ ដើម្បីសម្រេចរើសបេក្ខជនសម្រាប់តំណែងដឹកនាំកំពូលៗរបស់ប្រទេស មុនពេលមហាសន្និបាតបក្សដែលធ្វើឡើងរៀងរាល់៥ឆ្នាំម្តងនៅខែក្រោយ។
យោងតាម The Star នៅសុន្ទរកថាមួយដែលត្រូវបានចុះផ្សាយលើគេហទំព័ររបស់រដ្ឋាភិបាល អគ្គលេខាធិការបក្ស លោក To Lam បានប្រាប់អង្គប្រជុំពេញអង្គនៃគណៈកម្មាធិការមជ្ឈិមបក្សថា ភារកិច្ចចម្បង គឺការជ្រើសរើសបេក្ខភាពសម្រាប់តំណែងសំខាន់ៗរបស់រដ្ឋ និងបក្សសម្រាប់រយៈពេល៥ឆ្នាំខាងមុខ។ លោកបានជំរុញឲ្យសមាជិកទាំងអស់អនុវត្តការងារដោយ «តម្លាភាព និងឥតលម្អៀង» ក្នុងការជ្រើសរើសបេក្ខជនសម្រាប់មហាសន្និបាតបក្សលើកទី១៤ ដែលគ្រោងនឹងប្រព្រឹត្តទៅពីថ្ងៃទី១៩ដល់ថ្ងៃទី២៥ខែមករាខាងមុខ។
មហាសន្និបាតនេះ នឹងតែងតាំងថ្នាក់ដឹកនាំកំពូលៗរបស់វៀតណាមជាផ្លូវការ ហើយកំណត់អាទិភាពគោលនយោបាយ និងសេដ្ឋកិច្ចសំខាន់ៗ។ យ៉ាងណាមិញ មិនមានការបង្ហាញឈ្មោះបេក្ខជនដែលកំពុងត្រូវបានពិចារណានោះទេ ខណៈកិច្ចប្រជុំនឹងបញ្ចប់នៅថ្ងៃអង្គារ ដោយមិនបានបញ្ជាក់ថាតើការសម្រេចចិត្តទាំងនោះនឹងត្រូវប្រកាសជាសាធារណៈឬយ៉ាងណានោះដែរ។
លោក Lam វ័យ៦៨ឆ្នាំ ដែលបានក្លាយជាអគ្គលេខាធិការបក្សកាលពីខែសីហាឆ្នាំមុន បន្ទាប់ពីមរណភាពរបស់លោក Nguyen Phu Trong កំពុងស្វែងរកការកាន់តំណែងសម្រាប់អាណត្តិទីពីរ។ អង្គសន្និបាតក៏ត្រូវបានរំពឹងទុកថានឹងជ្រើសរើសបេក្ខជនសម្រាប់តំណែងសំខាន់ៗចំនួន៤ផ្សេងទៀត រួមមាន ប្រធានរដ្ឋ នាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និងសមាជិកអចិន្ត្រៃយ៍នៃលេខាធិការដ្ឋានបក្ស៕