​ហេតុអ្វី​បាន​ជា​​​ហៅកិច្ច​ប្រជុំ​រដ្ឋមន្ត្រីការបរទេសអាស៊ាន​ថ្ងៃនេះថា «ពិសេស»?

ជាទូទៅ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​​តាមធម្មតា​បាន​​បិទ​បញ្ចប់​​របៀបវារៈ​ប្រចាំ​ឆ្នាំ​របស់ខ្លួន​រួច​ទៅ​​ហើយ​ នៅ​មុន​​​​កិច្ច​ប្រជុំ​​កំពូល​​​នៃ​មេដឹកនាំ​អាស៊ាន​ ដែល​ឆ្នាំ​នេះ​​បិទ​បញ្ចប់​នៅ​​ចុង​ខែ​តុលាការ។

ប៉ុន្តែ​សម្រាប់ឆ្នាំ​នេះ រដ្ឋមន្ត្រី​​ការប្រទេសអាស៊ាន​ត្រូវ​រៀបចំ​​​​​​ប្រជុំ​បន្ថែម​ទៀត​មុនដំណាច់ឆ្នាំ​ ក្រោយ​ការ​ធ្វើ​ជា​ប្រធានអាស៊ាន​របស់​ប្រទេស​ម៉ាឡេស៊ី​ ដោយសារ​តែ​​កិច្ចខិតខំ​​ប្រឹង​ប្រែង​​រកដំណោះស្រាយ​​ចំពោះ​​ជម្លោះ​​រវាងថៃ​និង​កម្ពុជា ដែលកំពុង​អូសបន្លាយ​ពេលវេលា​ទៅ​មុខ​បន្ថែមទៀត​​​​។​

​កិច្ច​ប្រជុំ​​នេះអាចនឹងដាក់​ចេញ​នូវ​​វិធានការ​​ចាំបាច់​សម្រាប់​ការ​អនុវត្តជាក់ស្តែង​​មួយចំនួន បន្ទាប់​ពី​​​ការ​ជួប​ប្រជុំ​​​​​តាមទូរស័ព្ទ​ជាច្រើន​លើក​រវាង​​ប្រធានអាស៊ាន និង ភាគីជម្លោះទាំងពីរ​មិនបាន​ជោគជ័យ​ក្នុងការនាំយក​ភាគី​ថៃ​ទៅអនុវត្តកិច្ច​ព្រម​ព្រៀង​បទ​ឈប់បាញ់ និង កិច្ច​ព្រម​ព្រៀង​សន្តិភាព​​​​ដែល​ខ្លួន​បានចុះ​ហត្ថលេខា​រួច​ហើយ​នោះ។

​​កិច្ចប្រជុំ​​​​រដ្ឋមន្ត្រី​ការបរទេស​​អាស៊ាន​នៅពេលនេះ គឺ​ធ្វើឡើង​បន្ទាប់​ពីមហាអំណាច​សហរដ្ឋអាមេរិក​ និង ចិន ​​បាន​​​​គាំទ្រ​​ឲ្យ​​អាស៊ាន​​​ដើរតួនាទី​​​​ដោះស្រាយ​ជម្លោះនេះ ហើយ​មហាអំណាច​​ទាំងពីរ​បាន​​​​ជំរុញ​ឲ្យ​ប្រទេសថៃ​​វិល​ទៅរក​ការ​ចរចា​ដោះស្រាយ​ជម្លោះ​​តាមមធ្យោបាយ​ការទូត​វិញ​។

​ក្នុង​​​​​​​​ការ​ស្វែងរក​ដំណោះស្រាយ​ក្នុងជម្លោះ​​ថៃ​និង​កម្ពុជា​​​​​​​ ​​​​សមាជិក​អាស៊ាន​និមួយ​​ៗ​​បានរក្សា​ភាព​ស្ងប់ស្ងាត់​​មិនបាន​បង្ហាញ​ជំហរ​​ជាក់ស្តែង​បែង​ចែកភាគី​​​ណាមួយ​ជាអ្នកខុស ឬ​ជាអ្នក​បង្ក​ហេតុឡើយ ខណៈដែល​​មហាអំណាច​​ចិន​និង​សហរដ្ឋអាមេរិក​ បាន​​ដាស់តឿន​​​ ប្រទេសថៃ​​ឲ្យ​ចូលទៅ​កាន់តុចរចា​ បញ្ចប់​​​ភាព​តានតឹង​នៅតាមបណ្តោយ​ព្រំដែន​។

​បច្ចុប្បន្ន​​​នេះ​សហគមន៍​អាស៊ាន​មានសមាជិក​​១១​ប្រទេស បន្ទាប់​ពី​ការ​បញ្ជូល​​​​​ប្រទេសទីម័រ​​ខាងកើត​ជាសមាជិក​​​កាល​ថ្ងៃទី​២៦ខែ​តុលាឆ្នាំ​២០២៥៕

 

អត្ថបទដែលជាប់ទាក់ទង