បណ្តាញឧក្រិដ្ឋជនជប៉ុន កើបលុយបានជិត១ពាន់លានដុល្លារពីការឆបោក កាលពីឆ្នាំ២០២៥ កើនជិតទ្វេដងធៀបនឹង២០២៤
(តូក្យូ)៖ នាថ្ងៃព្រហស្បតិ៍ ទី១២ ខែកុម្ភៈ ប៉ូលិសនៅប្រទេសជប៉ុន បានឱ្យដឹងថា បណ្តាញក្រុមឧក្រិដ្ឋជនជប៉ុន កើបលុយបានរហូតដល់៩២០លានដុល្លារពីអំពើឆបោកលក្ខណៈជាប្រព័ន្ធ កាលពីឆ្នាំ២០២៥កន្លងទៅ ខណៈចំនួននេះគឺកើនសឹងទ្វេដង ប្រៀបធៀបជាមួយឆ្នាំ២០២៤។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
ប៉ូលិសជប៉ុនបានឱ្យដឹងថា អំពើឆបោកដែលធ្វើឡើងមានលក្ខណៈជាប្រព័ន្ធ គឺជាឧក្រិដ្ឋកម្មទូទៅដែលរៀបចំដោយក្រុមសង្គមងងឹត ហៅថា tokuryu ជាបណ្តាញឧក្រិដ្ឋជនលេចមុខថ្មី និងកំពុងកើនឡើងឥទ្ធិពល បន្ទាប់ពីក្រុមបងធំស៊េរីចាស់របស់ជប៉ុន ដែលមនុស្សភាគច្រើនស្គាល់ថា yakuza។
បើតាមប៉ូលិសជប៉ុន ទម្រង់នៃសកម្មភាពឆបោកទាំងនោះ រួមមានដូចជាការធ្វើពុតជាសមាជិកគ្រួសារជនរងគ្រោះ ការបញ្ឆោតឱ្យជនវ័យចំណាស់ប្រើប្រាស់ប្រព័ន្ធ ATM ដើម្បីដកប្រាក់ធានារ៉ាប់រងនិងសោធននិវត្តន៍ និងការបន្លំខ្លួនធ្វើជាសមត្ថកិច្ចរួចទាក់ទងទៅជនរងគ្រោះឱ្យពួកគេផ្ទេរប្រាក់ ក្រោមលេសថា ដើម្បីការពារទ្រព្យសម្បត្តិ ឬស៉ើបអង្កេតគណនីធនាគាររបស់ពួកគេជាដើម។
គួរបញ្ជាក់ថា យោងតាមទិន្នន័យចេញផ្សាយដោយទីភ្នាក់ងារប៉ូលិសជាតិជប៉ុន NPA កាលពីឆ្នាំមុន អំពើឆបោកក្នុងទម្រង់ផ្សេងៗ បានធ្វើឱ្យជប៉ុនបាត់បង់ប្រាក់សរុប១៤១ពាន់លានយេន ស្មើនឹង៩២០លានដុល្លារអាមេរិក ដែលជាកំណើនជិតទ្វេដង ធៀបនឹងប្រាក់៧១.៩ពាន់លានដុល្លារ ដែលបានបាត់បង់កាលពីឆ្នាំ២០២៤។ ប៉ូលិសជប៉ុន បានព្រមានឱ្យប្រជាជន ជាពិសេសអ្នកមានវ័យចំណាស់ បង្កើនការប្រុងប្រយ័ត្នឱ្យខ្លាំងជាងមុនចំពោះអំពើឆបោក៕
