ប្រេងសាំងនៅអាមេរិកចាប់ផ្តើមឡើងថ្លៃ ក្រោយមជ្ឈិមបូព៌ាធ្លាក់ចូលទៅក្នុងសង្រ្គាម
(ញូវយ៉ក)៖ តម្លៃប្រេងសាំងលក់រាយជាមធ្យមរបស់សហរដ្ឋអាមេរិក បានឡើងដល់ជាង ៣ដុល្លារ ក្នុងមួយហ្គាឡុង ឬ ៣.៧៨លីត្រ នៅថ្ងៃចន្ទសប្តាហ៍នេះ ដែលជាលើកដំបូងចាប់តាំងពីខែវិច្ឆិកា ខណៈជម្លោះយោធានៅមជ្ឈិមបូព៌ាកាន់តែអាក្រក់ទៅៗ ហើយបង្កើតបានជាការធ្វើតេស្តមួយពីសាធារណមតិ ទៅលើការសម្រេចចិត្តរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ជុំវិញការវាយប្រហារអ៉ីរ៉ង់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី៣ ខែមីនា ឆ្នាំ ២០២៦។
ការសងសឹកចំពោះការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែល បានរំខានដល់ការផ្គត់ផ្គង់ប្រេងពិភពលោក តាមរយៈការវាយប្រហាររបស់អ៉ីរ៉ង់ លើប្រទេសជិតខាងខ្លួនដែលជាអ្នកផលិតប្រេង និងទៅលើនាវាដឹកជញ្ជូនតាមច្រកសមុទ្រ Hormuz ដែលជាផ្លូវពាណិជ្ជកម្មពិភពលោកដ៏សំខាន់។ តម្លៃប្រេងបាននិងកំពុងកើនឡើង ដោយប្រេងឆៅប្រភេទ Brent កើនជាង ៥ភាគរយ គឺប្រហែល ៧៧ដុល្លារក្នុងមួយបារ៉ែល ហើយតម្លៃប្រេងសាំងក៏បានកើនឡើងទៅតាមនោះដែរ។
លោក Mark Malek ប្រធានផ្នែកវិនិយោគនៅក្រុមហ៊ុន Siebert Financial បាននិយាយថា «តម្លៃប្រេងសាំងមានឥទ្ធិពលចំពោះផ្លូវចិត្ត ដោយសារតែវាជាអតិផរណាដែលអ្នកប្រើប្រាស់ត្រូវជួបប្រទះរាល់ថ្ងៃ»។ តាមលោក Mark អ្នកវិភាគជឿថារាល់ពេលដែលមានការកើនឡើងនូវតម្លៃប្រេងឆៅ ១០ដុល្លារក្នុងមួយបារ៉ែល ប្រេងសាំងដែលដាក់លក់រាយនៅតាមស្ថានីយ នឹងឡើងថ្លៃថែម ២៥សេនទៀតក្នុងមួយហ្គាឡុង។ រីឯឧបសគ្គនៅឯរោងចក្រចម្រាញ់ប្រេង ក៏អាចនាំឱ្យតម្លៃប្រេងសាំងកាន់តែរីកធំផងដែរ។
យោងតាមមូលដ្ឋានទិន្នន័យផ្ទាល់ពីក្រុមហ៊ុន OPIS តម្លៃប្រេងសាំងលក់រាយជាមធ្យមបានឡើងដល់ ៣ដុល្លារក្នុងមួយហ្គាឡុង នៅថ្ងៃចន្ទ។ លោក Tom Kloza ទីប្រឹក្សាជាន់ខ្ពស់របស់ក្រុមហ៊ុនផ្គត់ផ្គង់ប្រេងឥន្ធនៈ Gulf Oil បាននិយាយថា ប្រេងសាំងលក់រាយមានតម្លៃ ៣.២៥ដុល្លារក្នុងមួយហ្គាឡុង នៅសប្តាហ៍នេះ ដោយសារតែវិបត្តិមជ្ឈិមបូព៌ាបច្ចុប្បន្ន៕
