ប្រេងឆៅឡើងថ្លៃថែម ១ដុល្លារទៀត នាថ្ងៃពុធនេះ ខណៈសង្រ្គាមនៅមជ្ឈិមបូព៌ា ជះឥទ្ធិពលដល់ការផលិត និងនាំចេញ
(Reuters)៖ តម្លៃប្រេងអន្តរជាតិ នាថ្ងៃពុធ ទី៤ ខែមីនា បានកើនឡើងប្រហែល ១ដុល្លារ ខណៈដែលសង្រ្គាមរបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែលជាមួយអ៉ីរ៉ង់ រំខានដល់ទិន្នផលប្រេងមជ្ឈិមបូព៌ា និងបញ្ឈប់ការនាំចេញពីតំបន់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ប្រេងឆៅប្រភេទ Brent បានឡើងថ្លៃ ១.១១ដុល្លារ ឬ ១.៤ភាគរយ គឺ ៨២.៥៣ដុល្លារក្នុងមួយបារ៉ែល។ រីឯប្រេងឆៅប្រភេទ West Texas Intermediate របស់សហរដ្ឋអាមេរិក បានកើនឡើង ៧៩សេន ឬ ១.១ភាគរយ គឺ ៧៥,៣៧ដុល្លារក្នុងមួយបារ៉ែល។
ការវាយប្រហាររបស់អ៉ីស្រាអែល និងសហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារ ជំរុញឱ្យអ៉ីរ៉ង់វាយប្រហារហេដ្ឋារចនាសម្ព័ន្ធថាមពល នៅក្នុងតំបន់មជ្ឈិមបូព៌ា ដែលមានចំណែកមួយភាគបីនៃផលិតកម្មប្រេងពិភពលោក។ ប្រទេសផលិតប្រេងឆៅធំទីពីរក្នុងអង្គការប្រទេសនាំចេញប្រេង (OPEC) គឺអ៉ីរ៉ាក់បានកាត់បន្ថយទិន្នផលជិត ១.៥លានបារ៉ែលក្នុងមួយថ្ងៃ ឬប្រហែលពាក់កណ្តាលនៃការផលិតរបស់ខ្លួន ដោយសារតែដែនកំណត់នៃការផ្ទុក និងកង្វះផ្លូវនាំចេញ។ ក្រុមមន្រ្តីអ៉ីរ៉ាក់ប្រាប់ Reuters ថាទិន្នផលជិត ៣លានបារ៉ែលក្នុងមួយថ្ងៃ អាចនឹងត្រូវខាតបង់នៅប៉ុន្មានថ្ងៃខាងមុខ ប្រសិនបើការនាំចេញមិនបន្តឡើងវិញ។
អ៉ីរ៉ង់ ក៏បានកំណត់គោលដៅលើនាវាដឹកប្រេង នៅឯច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនប្រហែលមួយភាគប្រាំនៃប្រេង និងឧស្ម័នធម្មជាតិរាវ (LNG) របស់ពិភពលោកផងដែរ។ ចរាចរណ៍នៅតែបិទអស់រយៈពេល ៤ថ្ងៃមកហើយ ក្រោយអ៉ីរ៉ង់វាយប្រហារនាវា ៥គ្រឿង។ បច្ចុប្បន្នប្រទេស និងក្រុមហ៊ុននានា ចាប់ផ្តើមរកផ្លូវផ្សេងសម្រាប់ដឹកជញ្ជូន និងរកប្រភពផ្គត់ផ្គង់ជំនួស។ ក្រុមហ៊ុនប្រេងយក្សអារ៉ាប៊ីសាអូឌីត Aramco កំពុងព្យាយាមផ្លាស់ប្តូរផ្លូវនាំចេញមួយចំនួនតាមច្រកសមុទ្រក្រហម។
យ៉ាងនេះក្តី នៅឯសហរដ្ឋអាមេរិក ស្តុកប្រេងឆៅបានកើនឡើង ៥.៦លានបារ៉ែលកាលពីសប្តាហ៍មុន។ នេះបើយោងតាមប្រភពទីផ្សារ ដែលដកស្រង់តួលេខពីវិទ្យាស្ថានប្រេងកាតអាមេរិក។ រីឯតួលេខផ្លូវការពីរដ្ឋាភិបាលអាមេរិក អាចនឹងចេញនៅយប់ថ្ងៃពុធ៕
