ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ ព្រឹត្តិការណ៍ «នគរសង្ក្រាន្ដ» ធ្វើឡើងក្នុងស្មារតីរួបរួម សាមគ្គី ភាពកក់ក្ដៅរបស់មហាគ្រួសារខ្មែរ និងជំរុញសេដ្ឋកិច្ច តែមិនភ្លេចពីវីរៈកងទ័ព និងជនភៀសសឹកឡើយ

(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានពន្យល់អំពីមូលហេតុចម្បងនាំឲ្យសហភាពសហព័ន្ធយុវជនកម្ពុជា ដឹកនាំរៀបចំព្រឹត្តិការណ៍ «នគរសង្ក្រាន្ដ» នៅរាជធានីភ្នំពេញ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងបន្ទាប់ពីមានការលើកឡើងផ្សេងៗអំពីការរៀបចំនេះ ដោយមតិខ្លះថាមិនគួររៀបចំគ្រាដែលប្រទេសកម្ពុជា កំពុងមានបញ្ហាព្រំដែនជាមួយប្រទេសថៃនោះឡើយ។

ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានអះអាងថា បើទោះបីកម្ពុជា មានបញ្ហាព្រំដែនជាមួយប្រទេសថៃក៏ពិតមែន ប៉ុន្ដែពេលវេលាជាក់លាក់នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ក៏នឹងរំកិនទៅធម្មតា ហើយការរៀបចំព្រឹត្តិការណ៍ «នគរសង្ក្រាន្ដ» នេះគ្រាន់តែជាព្រឹត្តិការណ៍អមមួយផ្នែកប៉ុណ្ណោះ នៃទំនៀមទម្លាប់ប្រពៃណីជាតិខ្មែរ ដែលមានតាំងពីយូរលង់ណាស់មកហើយ ហើយក៏ជាវេលាដែលប្រជាពលរដ្ឋខ្មែរ ត្រូវជួបជុំក្រុមគ្រួសារផងដែរ។

បើតាមលោក ហ៊ុន ម៉ានី, ព្រឹត្តិការណ៍ «នគរសង្ក្រាន្ដ» ដែលសហភាពសហព័ន្ធយុវជនកម្ពុជា ផ្ដួចផ្ដើមគំនិតរៀបចំឡើងនេះ គឺមានគោលបំណងរួមបង្ហាញអំពីស្មារតី នៃការរួបរួមគ្នា សាមគ្គី ភាពកក់ក្ដៅក្នុងលក្ខណៈមហាគ្រួសារខ្មែរ និងពង្រឹង និងពង្រីកបន្ថែមនៃអត្តសញ្ញាណជាតិចេញមកពីទំនៀមទម្លាប់ប្រពៃណី នៃពិធីបុណ្យចូលឆ្នាំខ្មែរ និងជួយកំណើនសេដ្ឋកិច្ច តាមរយៈការទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្ដ។

ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍នេះ គឺក្រោយពីបានតាមដានយ៉ាងយកចិត្តទុកដាក់ គ្រាដែលបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា-ថៃ ស្ថិតនៅក្នុងពេលនៃការអនុវត្តបទឈប់បាញ់ ដែលសម្រេចបានកាលពីថ្ងៃទី២៧ ខែធ្នូ មកទល់ពេលនេះ។ លោកបន្ដថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត កំពុងតែខិតខំប្រឹងប្រែង ដឹកនាំសមរភូមិកាទូត ច្បាប់ ដើម្បីធ្វើយ៉ាងណាអនុវត្តតាមគោលការណ៍បទឈប់បាញ់ ធ្វើការជាមួយភាគីថៃ ដើម្បីឈានដល់ការដោះស្រាយដោយសន្ដិវិធី និងវិលត្រឡប់ទៅប្រក្រតីភាពឡើងវិញ។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា «យើងចង់បានទាំងអស់ការដោះស្រាយបញ្ហាព្រំដែន ការវិលត្រឡប់នៃជនភៀសសឹកទៅផ្ទះរបស់ពួកគាត់ក៏យើងចង់បាន ការរៀបចំ និងការដំណើរការនៃសង្គមសេដ្ឋកិច្ច ជីវភាពប្រចាំថ្ងៃរបស់ប្រជាជន ក្នុងនោះ ការចូលឆ្នាំខ្មែរក៏យើងចង់បាន ដែលការចូលឆ្នាំខ្មែរនាំមកនូវជួបជុំ ស្មារតីរួបរួមជាតិដែរ ទំនៀមទម្លាប់ប្រពៃណីចូលឆ្នាំខ្មែរ ក៏ជាអត្តសញ្ញាណរបស់កម្ពុជាផងដែរ។ អត្តសញ្ញាណ គឺជាមូលដ្ឋានការរួបរួមផង នៃការពង្រឹងស្មារតីជាតិ និងអត្តសញ្ញាណជាតិផង។ ក្រៅពីនេះ ក៏ចូលរួមចំណែកជំរុញចំណូលសេដ្ឋកិច្ច និងគិតគូរដល់អាជីវករតូច និងមធ្យម ដែលក៏ជាឱកាសមួយនឹងទទួលបានចំណូលសម្រាប់ក្រុមគ្រួសារ និងជាឱកាសដើម្បីភ្ញៀវទេសចរមកលេងនៅកម្ពុជា ដោយគ្មានការព្រួយបារម្ភ ហានិភ័យ និងបានស្វែងយល់អំពីទំនៀមទម្លាប់ប្រពៃណីរបស់ខ្មែរថែមទៀត»

សហភាពសហព័ន្ធយុវជនកម្ពុជា និងប្រជាពលរដ្ឋខ្មែរ នៅតែបន្ដតាមដានដោយយកចិត្តទុកដាក់ ដោយមិនភ្លេចក្នុងពេលណាមួយក៏ដោយ អំពីការលំបាក ឬការឈរជើងរបស់កងកម្លាំង និងជនភៀសសឹក។ ប៉ុន្ដែយើងទាំងអស់គ្នា ត្រូវផ្ដល់កម្លាំងចិត្ត ជំនឿទុកចិត្តដល់សម្ដេចធិបតី ក្នុងការដោះស្រាយបញ្ហាជម្លោះព្រំដែនប្រទេសទាំងពីរកម្ពុជា ថៃ ហើយក៏ចង់បានឲ្យឃើញនូវដំណើរការនៃគ្រប់ផ្នែកទាំងអស់ នៃសង្គមសេដ្ឋកិច្ចកម្ពុជា ដំណើរការទៅមុខបន្ដថែមទៀត។ នេះបើតាមការលើកឡើងបន្ថែមរបស់លោក ហ៊ុន ម៉ានី។

សូមជម្រាបថា ព្រឹត្ដិការណ៍ «នគរសង្ក្រាន្ដ» តាមអ្វីដែលគ្រោងទុក គឺអាចធ្វើឡើងរយៈពេល៦ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ខាងមុខ។ សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នឹងប្រារព្ធឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦៕

អត្ថបទដែលជាប់ទាក់ទង