អ៉ីរ៉ង់បដិសេធថា មិនបានបាញ់មីស៉ីលសំដៅទៅតួកគីយ៉េ ដែលសមាជិក NATO នោះទេ
(តេហេរ៉ង់)៖ កងកម្លាំងប្រដាប់អាវុធអ៉ីរ៉ង់ បានចេញសេចក្តីថ្លែងការណ៍បដិសេធ បន្ទាប់ពីតួកគីយ៉េ ដែលជាសមាជិកអង្គការ NATO កាលពីថ្ងៃពុធសប្តាហ៍នេះ បានអះអាងថា មីស៉ីលមួយគ្រាប់ហោះចេញពីប្រទេសអ៉ីរ៉ង់ បានឆ្ពោះមករកដែនអាកាសរបស់ខ្លួន ប៉ុន្តែត្រូវបានប្រព័ន្ធការពាររបស់ NATO បាញ់ស្កាត់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Aljazeera នាថ្ងៃព្រហស្បតិ៍ ទី៥ ខែមីនា ឆ្នាំ២០២៦។
យោធាអ៉ីរ៉ង់បាននិយាយថា កងកម្លាំងប្រដាប់អាវុធនៃសាធារណរដ្ឋអ៉ីស្លាមអ៉ីរ៉ង់ គោរពអធិបតេយ្យរបស់តួកគីយ៉េ ដែលជាប្រទេសមិត្តជិតខាង ហើយសូមបដិសេធចំពោះការដែលថា មានមីស៉ីលបាញ់ឆ្ពោះទៅរកទឹកដីរបស់ប្រទេសតួកគីយ៉េ។ ដោយឡែក ក្រសួងការពារជាតិតួកគីយ៉េ បានអះអាងកាលពីម្សិលមិញថា មីស៉ីលខាងលើបានឆ្ពោះមករកដែនអាកាសរបស់ខ្លួន ក្រោយហោះរំលងប្រទេសអ៉ីរ៉ាក់និងស៉ីរី។
គួរបញ្ជាក់ថា មីស៉ីលនោះមិនបានបង្កឱ្យមានមនុស្សរងគ្រោះថ្នាក់ឡើយ បន្ទាប់ពីត្រូវបានបាញ់ស្ទាក់។ ប្រធានាធិបតីតួកគីយ៉េ លោក Erdogan បាននិយាយថា ប្រទេសរបស់លោក បានបង្កើនវិធានការប្រុងប្រយ័ត្នដែលចាំបាច់នានា ក្រោមការពិគ្រោះយោបល់ជាមួយសម្ព័ន្ធមិត្ត NATO ហើយចេញសារព្រមានកុំឱ្យឧប្បត្តិហេតុស្រដៀងគ្នាបែបនេះ កើតឡើងម្តងទៀត។ ករណីខាងលើកើតមាន ស្របពេលដែលសង្រ្គាមកំពុងឆាបឆេះនៅតំបន់មជ្ឈិមបូព៌ា ចាប់តាំងពីអ៉ីស្រាអែលនិងអាមេរិក បានវាយប្រហារលើអ៉ីរ៉ង់ កាលពីចុងសប្តាហ៍មុន៕
